អាមេរិក៖លោកមេបញ្ជាការទ័ពជើងទឹកអាមេរិកដើមកំណើតខ្មែរម្នាក់ឈ្មោះ Michael Misiewicz ដែលមានឈ្មោះខ្មែរថា ខែម វណ្ណៈ បានសារភាពទទួលកំហុសចំពោះបទចោទប្រកាន់ពុករលួយមួយចំនួន របស់រដ្ឋាភិបាលសហព័ន្ធអាមេរិក។
កាសែត Reuters រាយការណ៍ថាលោក Micheal Misiewicz បានទទួលកំហុសថា បានផ្ដល់ព័ត៌មានសម្ងាត់ដែលមានទឹកប្រាក់រាប់លានដុល្លារទៅឲ្យពាណិជ្ជករជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Leonard Francis។
ប្រភពបន្តថា លោក Michael Misiewicz បានឡើងតុលាការនៅក្រុង San Diego ដើម្បីឆ្លើយបំភ្លឺបទចោទប្រកាន់មួយចំនួនទាក់ទងនឹងការសមគំនិត, បទពុករលួយ ដែលបានផុសចេញឡើងតាមរយៈការពាក់ព័ន្ធរបស់លោកនៅក្នុងរឿងអាស្រូវ មួយជាមួយនឹងអ្នកកុងត្រាការងារដែលជួសជុលនាវារបស់កងនាវាចរណ៍ អាមេរិកនៅប៉ាស៊ីហ្វិក។
គួរបញ្ជាក់ថា លោក Michael Misiewicz ដែលមានឈ្មោះខ្មែរថា ខែម វណ្ណៈ បានកើតនៅកម្ពុជា ហើយត្រូវជនជាតិអាមេរិកយកទៅចិញ្ចឹមក្នុងអំឡុងសម័យសង្គ្រាមវៀតណាម។ លោកបានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយយ៉ាងខ្លាំង ព្រោះជាជនជាតិខ្មែរហើយបានក្លាយទៅជាមេបញ្ជាការនាវាពិឃាតរបស់អាមេរិក៕