អ្នកកាសែត​រស្មី​កម្ពុជា​ម្នាក់​ប្រចាំខេត្ត​ព្រះវិហារ​ត្រូវ​ក្រុម​ឈ្មួញ​ដឹកឈើ​ព្រួត​វាយ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 October, 2014 ក+ ក-

ព្រះវិហារ​៖ បច្ចុប្បន្នក្រុម​អ្នករកស៊ី​ដឹកឈើ​ខុស ច្បាប់ក្រៅតែពី​ប្រើ​រូប ភាពបង្កប់​លាក់​ឈើ​ក្នុង រថយន្ត​ទំនើបៗហើយ​យកឈ្មោះ​មន្ត្រី​មាន អំណាច​ខ្លះ​ធ្វើជា​ខ្នងបង្អែកគឺ​បាន​យកឈ្មោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មកប្រើប្រាស់​។​

កាលពី​ថ្ងៃទី​១២ ខែតុលា កន្លងទៅ អ្នកដឹកឈើ​១​ក្រុម​ចេញពី​ខេត្តព្រះវិហារ សំដៅ​ខេត្តកំពង់ធំ ដែល​បាន​យកឈ្មោះ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មកប្រើប្រាស់ ហើយក៏​បាន​ប្រើ​ហិង្សា​ព្រួត​គ្នា​ដេញ​វាយ​អ្នកកាសែត​ផងដែរ​។​

​អ្នកយកព័ត៌មាន​ឱ្យ​កាសែត​រស្មី​កម្ពុជា ១​រូប ប្រចាំខេត្ត​ព្រះវិហារ កំពុង​រងរបួស និង​ឈឺចាប់​ផ្នែក​ខ្លះ​នៃ​រាងកាយ បន្ទាប់ពី​ក្រុម​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​ជាច្រើន​នាក់ បាន​ព្រួត​គ្នា​វាយ​សំពង​លើ​រូបគាត់​។​

អ្នកយកព័ត៌មាន​ឲ្យ​កាសែត​រស្មី​កម្ពុជា នៅ​ខេត្តព្រះវិហារ គឺ​លោក សៅ វណ្ឌី​។ លោក​មានប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​១៤ ខែតុលា ថា កាលពី​រាត្រី​ថ្ងៃទី​១២ ខែតុលា កន្លងទៅ រូបលោក និង​អ្នកកាសែត​ស្រឡាញ់​ជាតិ ម្នាក់ទៀត បានធ្វើ​ដំណើរ​ដោយ​រថយន្ត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦២ បំណង​ទៅ​កន្លែង​រូបសំណាក លោកតា ឌី​។ លុះ​ធ្វើដំណើរ​បាន​ចម្ងាយ​ប្រហែល​ជាង ៣​គីឡូម៉ែត្រ​ភាគ​ខាងកើត​ពី​ទី​រួម​ខេត្តព្រះវិហារ ក៏​ប្រទះឃើញ​រថយន្ត​ម៉ាក​សាំង​យ៉ុង (Sangyung) ១​គ្រឿង ដឹកឈើ​ដែលមាន​ទទឹង​មុខ​ប្រវែង ១​ម៉ែត្រ និង​បណ្ដោយ​ប្រហែល ៣​ម៉ែត្រ ចំនួន ៣​សន្លឹក ដោយ​មិនមាន​សមត្ថកិច្ច​តាមផ្លូវ​ណា​បង្ក្រាប​។ ឃើញ​ដូច្នេះ លោក​ក៏​យក​កាមេរ៉ា​ទៅ​ថត​យក​រូបភាព ស្រាប់តែ​ក្រុម​អ្នកដឹកឈើ​នោះ​ឈប់​ឡាន ហើយ​ចុះមក​រករឿង ដោយ​ប្ដឹងទៅ​ប៉ូលិស ព្រមទាំង​ហៅ​បក្ខពួក​ប្រដាប់​ដោយ​មួកសុវត្ថិភាព និង​ដំបង ដេញ​វាយ​រូបលោក​តែម្ដង​។​

លោក សៅ វណ្ឌី​៖ «​វា​ឈប់​ឡាន​បាន វា​ថា​យី​! លោក​ឯង​ម៉េច​ហ៊ាន​ថត​ឡាន​ខ្ញុំ​? ឥឡូវ​លោក​ឯង​ជួប​មេ​ខ្ញុំ​ទៅ មេ​ខ្ញុំ​មន្ត្រី​ប្រឆាំង​អំពើពុករលួយ​! ខ្ញុំ​ថា​ចាំ​ជួប​គាត់​ធ្វើ​អ្វី ខ្ញុំ​ថត​យកតែ​ព័ត៌មាន​ទេតើ ស្រាប់​វា​ទូរស័ព្ទ​ទៅ​ស្នងការ មួលបង្កាច់​ខ្ញុំ​នៅ​នឹង​មុខ​ប្រជាពលរដ្ឋ ដែល​មើល​អ៊ូអរ​ហ្នឹង​ថា ខ្ញុំ​ជំរិត​ទារប្រាក់​។ វា​នាំ​បក្ខ​ពួកវា​១​ឡាន ក្រោយ​ទៀត​ដេញ​វាយ​ខ្ញុំ វា​ធាក់​ត្រូវ ២​ជើង​។ ខ្ញុំ​រត់​ចូល​ព្រៃ​។ ទម្រាំ​រួចខ្លួន​វង្វេង​រក​ផ្លូវ​ទៅផ្ទះ​មិនឃើញ​ទេ ចូលទៅ​វា​ងងឹត​ពេក​»​។​

លោក សៅ វណ្ឌី បញ្ជាក់ថា បើទោះបីជា​ក្រុម​អ្នកដឹកឈើ​ខុសច្បាប់ បាន​ព្រួត​គ្នា​វាយ​សំពង​លើ​រូបលោក​ក៏ដោយ ក៏​ពេលនេះ លោក​មិន​ប្ដឹង​សមត្ថកិច្ច​ទេ ដោយសារតែ​លោក​គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​។ លោក សៅ វណ្ឌី ឱ្យដឹងថា នៅតាម​ផ្លូវជាតិ​លេខ​៦២ ចាប់ពី​ខេត្តព្រះវិហារ រហូតដល់​ខេត្តកំពង់ធំ គឺមាន​សមត្ថកិច្ច​ប្រចាំការ​តាម​ប៉ុស្តិ៍​ចំនួន​ជាង ២០​កន្លែង ក៏ប៉ុន្តែ​មិនមាន​សមត្ថកិច្ច​ណា​ហ៊ាន​ចាប់​ឡាន​ដឹកឈើ​ដែល​វាយតប់​រូបលោក នោះឡើយ​។​

អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក (adhoc) ខេត្តព្រះវិហារ លោក ឡោ ចាន់ ឱ្យដឹងថា ក្នុង​រយៈពេល ៦​ខែ​ចុង​ក្រោយនេះ​មាន​អ្នកកាសែត​នៅ​ខេត្តព្រះវិហារ ចំនួន ២​នាក់​ហើយ​ដែល​ទទួលរង​អំពើហិង្សា​ពី​ក្រុម​អ្នករកស៊ី​ដឹកឈើ​ខុស ច្បាប់​។ កាលពី​ថ្ងៃទី​១០ ខែមេសា កន្លងទៅ អ្នកយកព័ត៌មាន​ឱ្យ​កាសែត​កម្ពុ​ជាថ្មី ម្នាក់ ឈ្មោះ សន មង្គល ក៏ត្រូវ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ក្រុង​ព្រះវិហារ វាយ​ដែរ​នៅពេលដែល​គាត់​ថតរូប​រថយន្ត​ទំនើប​ដឹកឈើ ១​គ្រឿង​។​

​តំណាង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ដោយ​ថា បច្ចុប្បន្ននេះ អ្នកកាសែត​នៅ​ខេត្តព្រះវិហារ ហាក់​ទទួលរង​ការគាបសង្កត់​ផង និង​គំរាមកំហែង​ផង​៖ «​សមាគម​អាដហុក មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ទៅលើ​អ្នកសារព័ត៌មាន​ក្នុង​ខេត្តព្រះវិហារ​ទាំងមូល ពីព្រោះ​ឥឡូវ​ហ្នឹង​យើង​ឃើញថា​មានការ​រឹតបន្តឹង ការគំរាមកំហែង​គ្រប់​រូបភាព​ពី​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ ដើម្បី​ជា​ថ្នូរ​នៃ​ការមិន​ចុះផ្សាយ​»​។​

ក្នុង​ខែតុលា នេះ អ្នកយកព័ត៌មាន​ឱ្យ​កាសែត​រស្មី​កម្ពុជា ចំនួន ២​នាក់​ហើយ ដែល​ត្រូវ​ក្រុម​ឈ្មួញ​ដឹកឈើ​ព្រួត​គ្នា​វាយ​។ កាលពី​ថ្ងៃទី​៣ ខែតុលា កន្លងទៅ​អ្នកយកព័ត៌មាន​ឱ្យ​កាសែត​រស្មី​កម្ពុជា​ម្នា​ក់នៅ​ខេត្តសៀមរាប​ក៏ត្រូវ​ក្រុម​ឈ្មួញ​ដឹកឈើ​ព្រួត​គ្នា​វាយតប់​ដែរ​៕(ដោយៈ rfa )

Untitled-1​រថយន្ត​ម៉ាក​សាំង​យ៉ុង (Sangyung) ដែល​ដឹកឈើ​នៅលើ​ផ្លូវជាតិ​លេខ​៦២ ពី​ខេត្តព្រះវិហារ ទៅ​ខេត្តកំពង់ធំ ដោយ​មិនមាន​សមត្ថកិច្ច​បង្ក្រាប​។ (រូបថត​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៤ Photo Adhoc)