ការបំផ្លាញ​ភ្នំ និង​ការជីក​រណ្តៅ​ដី​ជ្រៅៗ​នៅ​ខេត្តបាត់ដំបង​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ពុករលួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 February, 2016 ក+ ក-


ដោ​យះ៖សហការី​

​បាត់ដំបង​៖ អាជ្ញាធរខេត្ត​បាត់ដំបង​ហាក់​មិន​អើពើ​ចំពោះ​ករណី​កម្ទេច​ភ្នំ ការជីក​យក​អាចម៍ដី​លក់ និង​ការរុករក​រ៉ែ​មាស​នោះទេ ខណៈ​ប្រជាពលរដ្ឋ​បាន និង​កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ហើយ​ចោទប្រកាន់ថា ទីតាំង​ខាងលើនេះ​ជា​ឆ្នាំងបាយ​របស់​មន្ត្រី​ខិលខូច​។​

​មន្ត្រីរាជការ​មួយចំនួន​នៅ​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា សកម្មភាព​កាយ​ដីភ្នំ​មួយកន្លែង​នៅ ភូមិ​កក់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ស្ទើរ​រលាយបាត់​រូបរាង​នោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបាត់ដំបង ព្រមទាំង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។ ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត​ទេនោះ គឺ​ឈ្មួញ​មិនអាច​កាយ​ភ្នំ​យក​អាចម៍ដី​លក់ និង​យក​ថ្ម​លក់​ស្រេច​អំពើ​ចិត្ត​បានឡើយ​។​

ប្រភព​បាន​អំពាវនាវ​ស្នើ​ដល់​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល គួរពិនិត្យមើល​បញ្ហា​នេះ​ជាបន្ទាន់​ផង ព្រោះ​ភ្នំ​ជាច្រើន​កន្លែង​នៅ​ស្រុក​បាណន់ ត្រូវគេ​ធ្វើ​អាជីវកម្ម​ថ្មកែវ ថ្ម​ក្រហម និង​កាយ​អាចម៍ដី​លក់​ស្ទើរ​រលាយ​សាបសូន្យ​អស់​ទៅហើយ​។​

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​តា​គ្រាម ស្រុក​បាណន់ បាន​ឲ្យ​ដឹងថា មេឃុំ និង​អភិបាលស្រុក តែងតែ​គេចវេះ​ពី​សំណួរ​របស់​អ្នកកាសែត ហើយ​ឆ្លើយ​ដោះសា​យករួចខ្លួន​ដោយ​គ្មាន​ការទទួលខុសត្រូវ ក្នុងករណី​កម្ទេច​ភ្នំ និង​ជីក​យក​អាចម៍ដី យ៉ាង​អនាធិបតេយ្យ​នោះទេ ។​

​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ដែល​កំពុងមាន​ប្រជា​ប្រី​យ៍​ភាព ក៏​មិនដែល​គិតគូរ​ចាត់វិធានការ​ទប់ស្កាត់​អាជីវកម្ម​ថ្មកែវ ថ្ម​ក្រហម និង​សកម្មភាព​កាយ​ដីភ្នំ​លក់​នៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង​នោះដែរ ។​ដោយសារ​ការមិន​អើពើ​ចំពោះ​ទង្វើ​បែប​អនាធិបតេយ្យ​ខាងលើនេះ ត្រូវគេ​ដាក់​ការចោទប្រកាន់ថា ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ផ្ទាល់​ខ្លូន ទុក​ឲ្យ​ក្រុម​ឈ្មួញ​នៅតែ​អាច​បន្តសកម្មភាព​ធ្វើ​អាជីវកម្ម​ថ្មកែវ ថ្ម​ក្រហម និង​កាយ​ដីភ្នំ​ក្នុង​ឃុំ​តា​គ្រាម ស្រុក​បាណន់ តាម​អំពើ​ចិត្ត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​។​

​មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​រ៉ែ និង​ថាមពល​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​នេះ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​ករណី​ឈ្មួញ​ធ្វើ​អាជីវកម្ម​ថ្មកែវ ថ្ម​ក្រហម និង​កាយ​ដីភ្នំ​នៅ​ស្រុក​បាណន់​នោះ គឺជា​ប្រភព​ចំណូល​របស់លោក អ៊ា​ន មាឃ​។​ប្រភព​បន្តថា ជាងនេះទៅទៀត​លោក អ៊ា​ន មាឃ តែងតែ​ព្យាយាម​គេចវេះ​ពី​អ្នកសារព័ត៌មាន​មិន​ទទួលខុសត្រូវ​ចំពោះ​អាជីវកម្ម​ថ្មកែវ ថ្ម​ក្រហម និង​កាយ​ដីភ្នំ​យ៉ាង​អ​នា​ធិ​តេ​យ្យ​នៅ​ស្រុក​បាណន់​នោះឡើយ​។ បច្ចុប្បន្ន​មិនមែន​តែ​ថ្មកែវ និង​ថ្ម​ក្រហម ក្នុងស្រុក​បាណន់​ទេ ដែល​ត្រូវ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ គឺ​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក ក៏​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ដែរ​។​

​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង មិនអាច​ទាក់ទង​សុំ​ការពន្យល់​បានទេ​កាល រសៀល​ម្សិលមិញ​នេះ ៕

64532batombang55batombang11