ឆែកឆេរ​ឃ្លាំង​ពីរ​​នៅ​ក្រុង​ប៉ោយប៉ែត​រកឃើញ​ទំនិញគេចពន្ធ​ច្រើន​ប្រភេទ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 February, 2016 ក+ ក-

​ដោ​យ៖​​សហការី​
​បន្ទាយមានជ័យ​៖​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​៧​និង​៣០​យប់ ថ្ងៃទី​០២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ បាន​ចុះ​ត្រួតពិនិត្យ ឃ្លាំង​ស្តុក​ទំនិញ​២​កន្លែង​នៅក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​មន្ត្រីនគរបាល​បានអោយដឹងថា ប្រតិបត្តិ​ការចុះពិនិត្យ​ទីតាំង​ឃ្លាំង​ស្តុក​ទំនិញ​នេះ ដឹកនាំ​ដោយ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច លោក ឆេង សុវត្ថិ ។​

​ប្រភព​ដដែល​បន្តថា យោងតាម​សេចក្តីរាយការណ៍​ថា​ឃ្លាំង​ទាំងពីរ​នេះ​មាន​ផ្ទុកទំនិញ​គេចពន្ធ​មកពី​ប្រទេស​ថៃ សម​ត្ថ​កិច្ច​ចំរុះ​សហការ​ដោយ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ឆែកឆេរ​និង​ត្រួតពិនិត្យ និង​បាន​រកឃើញ​នូវ​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​។​

​ប្រភព​បន្តថា ទំនិញ​ទាំងអស់នោះ​ក្រោយពេល​ធ្វើការ​ត្រួ​តិ​និត្យ សមត្ថកិច្ច​មិនបាន​ដកហូត​ទេ ដោយ​គ្រាន់តែ​រាប់​ចំនួន​ចុះបញ្ជី​គ្រប់​មុខទំនិញ​ប៉ុណ្ណោះ ហើយ​រៀបចំ​គណ​:​កម្ម​ការចូលរួម​ធ្វើលិខិត​ចាក់សោរ​បិទទ្វារ​ឃ្លាំង​ជា​បណ្តោះអាសន្ន​រង់ចាំ​ជំនាញ​ចាត់​ការបន្ត​។ សម្ភារ​ក្នុង​ឃ្លាំង​ខាងលើនេះ​រួមមាន សារុង សំបក​ម៉ូតូ មី មីសួរ នំ ទឹកដោះគោ​ក្រហម និង​ទំនិញ​ផ្សេងៗ​ជាច្រើន​មុខ​ទៀត ។​

​សូមជម្រាបថា ម្ចាស់​ឃ្លាំង​ទាំងពីរ​កន្លែង​ខាងលើ ត្រូវបាន​គេ​ស្គាល់​ថា ១​ឈ្មោះ មុំ សុខុម ហៅ​យាយ​ម៉ាប់ អាយុ​៥៨​ឆ្នាំ និង​ទី​២​ឈ្មោះ ជា ទី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ។​ម្ចាស់​ឃ្លាំង​ទាំងពីរ​មិន​ព្រម​ប្រគល់​សោរ​ឃ្លាំង និង​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ទេ មាន​ទីតាំង​ជាប់​គ្នា -​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕138971763254210976&