ខេត្តកំពតផ្តើមសាង​សង់​ស្ពាន​បេតុង ឆ្លងព្រែកក្បាលរមាសក្នុង​ឃុំ​កំ​ពង់​សំរោង​ ស្រុក​ទឹក​ឈូ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 February, 2016 ក+ ក-

 

ដោយ៖ អ វឹង

កំពត៖ នៅព្រឹកថ្ងៃទី០៣​ ខែកុម្ភៈ​ ឆ្នាំ២០១៦​ លោក​ស្រី អ៊ុន​ សុគន្ធា​ អ្នក​តំណាង​រាស្ត្រ​​មណ្ឌល​​កំពត​ លោក​ ខូយ ឃុនហ៊ួរ​ អភិបាលនៃ​គណៈ​អភិ​បាល​ខេត្ត​ បាន​អញ្ជើញ​ជាអ​ធិ​បតី​ ក្នុង​ពិធី​បើក​ការ​ដ្ឋានសាងសង់​ស្ពា​ន​បេតុង​មួយ​កនែ្លង​​ស្ថិត​នៅភូមិ​កំពង់​សំរោង​ខាងត្បូង ​​ឃុំ​កំពង់សំរោង​ ស្រុកទឹកឈូ​ ខេត្តកំពត​។

លោក ជាវ នាង​ មេឃុំ​កំពង់សំរោងបានអោយដឹងថា​ ​ផ្អែក​លើ​សំណូម​ពរជាក់​ស្តែង​ចាំ​បាច់​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​មូល​ដ្ឋាន​ ស្ពាន​ដែលត្រូវ​សាង​សង់​នា​ពេល​នេះ​ គឺឆ្លង​កាត់​ដៃ​ព្រែក​ក្បាល​រមាស​ ស្ថិត​ក្នុង​ភូមិ​កំពង់សំរោង​ខាងត្បូង​ ឃុំសំរោង ស្រុក​ទឹកឈូ​ ខេត្តកំពត​ មាន​ប្រវែង​ ២៣ម៉ែត្រ​ ទទឹង៥ម៉ែត្រ​ កំពស់៤;៦០ម៉ែត្រ​​ ត្រូ​វចំ​ណាយ​​អស់ថវិកាជាង​១៦៣​លាន​រៀល​ ជាថវិកា​របស់រាជ​រដ្ឋាភិបាល​​ផ្តល់​តាម​រយៈមូល​និធិឃុំ​ និងមាន​ការគាំទ្រពី​រដ្ឋបាលខេត្តព្រមទាំងមានការចូលរួម​បដិភាគថវិកា​ពីប្រជាពលរដ្ឋក្នុ​ង​មូលដ្ឋាន​ចំនួន​២លានរៀល​ផងដែរ។

តាមកិច្ចសន្យាស្ពាននេះត្រូវចាប់ដំណើរ​ការសាង​សង់​នៅថ្ងៃ​ទី០១​ ខែកុម្ភៈ ឆ្នាំ២០១៦​ និងបញ្ចប់ការ​សាង​សង់​នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦​ ដែល​ទទួល​ការ​សាង​សង់​ដោយ​ក្រុមហ៊ុន​ សយ​-សុធារីអភិវឌ្ឍន៍។​

មានប្រសាសន៍សំណេះសំណាលលោក ខូយ ឃុនហ៊ួរ ​​អភិបាល​ខេត្ត​​បានថ្លែង​ការ​កោតសរសើរចំពោះ​​ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់មន្ទីរជំនាញ​ពាក់ព័ន្ធ ​​និង ប្រជាពលរដ្ឋដែលបាន​សហការគ្នា​ល្អ ​និង​ឈានដល់​ដំ​ណើរកា​រ​សាង​សង់ស្ពាន​នា​ពេលនេះ​ ក្នុង​គោល​បំណង​ដើម្បី​បំរើប្រយោជន៍​ប្រជាពល​រដ្ឋ​ទូ​ទៅ​ ពិសេសជួយ​សម្រួលការលំបាករបស់​ប្រជាពល​រដ្ឋក្នុង​មូលដ្ឋាននេះបានធ្វើដំ​ណើរឆ្លង​កាត់អោយ​បានកាន់តែមានលក្ខណៈ​ល្អ​ប្រសើរស្របតាមប្រសាសន៍​របស់សម្តេចតេជោ​ ហ៊ុន សែន​ ប្រមុខនៃរា​ជរដ្ឋា​ភិបាល​​តែ​ងបានលើក​ឡើងថា​ មាន​ស្ពាន​ មានផ្លូវ ​មាន​ក្តី​សង្ឃឹម​ក្នុងការអភិវឌ្ឍសេដ្ឋ​កិច្ចជាតិ​ និងគ្រួសារ​ប្រជា​ពលរដ្ឋ។​

លោក​អភិបាល​ខេត្ត​ ក៏​បានផ្តាំផ្ញើ​ ដល់ប្រជាពលរដ្ឋ​អោយ​មានកិច្ច​សហ​ការ​បន្ត​ទៀត​ ជាមួយអាជ្ញាធរ​ មន្ត្រីជំនាញ​ពាក់ព័ន្ធ​នឹងក្រុមហ៊ុនទទួល​ការសាង​សង់​ដើម្បី​អោយ​ដំណើរ​ការសាង​សង់​ទទួល​បានជោគ​ជ័យ។​

ជាមួយគ្នាក្នុងឱកាសនោះ​ លោកអភិបាល​ខេត្ត​  ក៏​បាន​ក្រើនរំលឹក​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ និងប្រជាពល​រដ្ឋ​ផងដែរ​ត្រូវត្រៀមលក្ខណៈ​ប្រុងប្រយ័ត្ន​បញ្ហាការផ្គត់ផ្គង់ទឹកប្រើប្រាស់ អោយបាន​ល្អនៅ​ក្នុងមូល​ដ្ឋានស្រប​តាម​ការណែ​នាំ​ពីរាជ​រដ្ឋាភិបាល​ ព្រោះឆ្នាំ​នេះតាម​ការ​ព្យាករណ៍របស់​ក្រសួង​ធនធាន​ទឹក​និងឧតុនិយម​ ភ្លៀងមាន​ការ​អូស​បន្លាយយូរ។​

លោកអភិបាល​ខេត្តក៏បាន ផ្តាំផ្ញើ​បន្ថែមទៀត​អោយប្រជាពលរ​ដ្ឋត្រូវបង្កើនការចូលរួម​ អនុវត្តនូវគោល​នយោបាយ​ភូមិឃុំមាន​សុវត្ថិភាពទាំង​ ៩​ចំណុច​របស់រាជរដ្ឋាភិបាល​  ពិសេសផងដែរនោះគឺការចូល​រួម​អនុវត្តគោរពច្បាប់​ចរាចរណ៍​ផ្លូវគោក​អោយ​បាន​ល្អគ្រប់ៗគ្នា ព្រោះការ​គោរពច្បាប់គឺផ្តើមចេញពីប្រជា​ពលរដ្ឋទូទៅ​ទាំង​អស់​ទើប​ប្រទេស​ជាតិ​ក្លាយជានីតិរដ្ឋពេញលេញ និង​មាន​កិត្តិយសថ្លៃថ្នូរ៕

IMG-20160205-WA0015 IMG-20160205-WA0017 IMG-20160205-WA0018
IMG-20160205-WA0022
IMG-20160205-WA0026 IMG-20160205-WA0027