ដោយ៖រដ្ឋា
ភ្នំពេញ៖ រយៈពេលពីរថ្ងៃជាប់គ្នាដែលមន្ត្រីប៉ូលិសចរាចរណ៍ម្នាក់ និងអធិការរងម្នាក់នៅក្នុងខណ្ឌជ្រោយចង្វា ត្រូវបានក្រុមជួញដូរគ្រឿងញៀន និងពួកញៀនថ្នាំបើកម៉ូតូបំបុកបណ្តាលឲ្យបាក់ដៃ ខណៈកំពុងបំពេញការងារចុះអនុវត្តច្បាប់ចរាចរណ៍។
ប្រភពព័ត៌មានបានទម្លាយឲ្យដឹងថា មន្ត្រីប៉ូលិសទាំងពីររូបបានរងគ្រោះថ្នាក់ដាច់ដោយឡែកពីគ្នា គឺមួយបានកើតឡើងកាលពីថ្ងៃទី៣ និងមួយករណីទៀតបានកើតឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦។ ប៉ុន្តែចំពោះករណីនេះ ត្រូវបានអធិការខណ្ឌជ្រោយចង្វា លាក់បាំងព័ត៌មានមិនឲ្យដឹងដល់ថ្នាក់លើនោះទេទំនងជាខ្លាចថ្នាក់លើស្តីបន្ទោស ត្រូវបកស័ក្តិ។
ប្រភពដដែលបន្តថា មន្ត្រីប៉ូលិសចរាចរណ៍ម្នាក់ត្រូវពួកជួញដូរគ្រឿងញៀនបើកម៉ូតូបុកបណ្តាលឲ្យបាក់ដៃស្តាំមានឈ្មោះ ស យ៉ា។ លោក ស យ៉ា ត្រូវពួកគ្រឿងញៀនបើកម៉ូតូបុកនៅគោលដៅមុខវត្តគៀនឃ្លាំង ខណៈកំពុងអនុវត្តច្បាប់ចរាចរណ៍ កាលពីថ្ងៃទី៣ ខែកុម្ភៈ។ មូលហេតុដែលពួកគ្រឿងញៀនបើកបុក ដោយសារតែពួកវាបានជិះគេចពីគោលដៅត្រួតពិនិត្យ(ជិះបកក្រោយ) ហើយលោកស យ៉ា បានចេញមកស្ទាក់ ក៏ត្រូវពួកវាបើកម៉ូតូបំបុកយកតែម្តង។ ហើយពួកគ្រឿងញៀន3នាក់ ត្រូវបានចាប់ឃាត់ខ្លួន និងបានរកឃើញគ្រឿងញៀននៅក្នុងខ្លួនពួកវា។ចំណែកលោក ចាន់ ស្លី អធិការរងខណ្ឌជ្រោយចង្វា ទទួលផែនអន្តរាគមន៍ ក៏ត្រូវបានពួកថ្នាំញៀនបើកម៉ូតូបុកឲ្យបាក់ដៃខាងឆ្វេង កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី៤ ខែកុម្ភៈ ខណៈពេលដែលចុះបំពេញការងារដូចគ្នា។
លោកអធិកានគរបាលខណ្ឌជ្រោយចង្វា មិនអាចទាកទងសុំការបកស្រាយឆ្លើយតបទៅនឹងករណីដែលថាលោកបានលាក់ព័ត៌មាននេះបានទេកាលពីរសៀលថ្ងៃទី ៤ ខែកុម្ភៈនេះ៕ (រូបថត៖CEN)