ភ្នំពេញ៖ តារាសម្តែង ពិធីករ និងតារាបង្ហាញម៉ូតគង់ បញ្ញាសិដ្ឋ ដែលគេស្គាល់ថាជាចៅប្រុសបង្កើតអតីតារាសម្តែង លោកយាយម៉ែម៉ឺន បានរៀបចំពិធីខួបកំណើតគម្រប់អាយុ២៣ឆ្នាំរបស់ខ្លួនក្រោយពីលោកបានប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេល៣ឆ្នាំ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១៦នេះនៅភោជនីយដ្ឋានអេម៩ក្រោមវត្តមានតារាប្រុសស្រីជាច្រើនរូប។
លោកគង់ បញ្ញាសិដ្ឋបញ្ជាក់ថា កម្មវីធីខួបកំណើតនេះគឺជាកម្មវិធីជួបជុំមិត្តភ័ក្កិជិតដិតមួយចំនួនតូចប៉ុណ្ណោះគឺមិនមានអ្វីធំដុំទេព្រោះតែគ្មានការព្រាងទុក។លោកបញ្ជាក់ថាចូលដល់វ័យ២៣ឆ្នាំដែលឆ្នាំនេះហុងស៊ុយនៃកិច្ចការសិល្បៈហាកមានការងារច្រើនគួរឲ្យកត់សម្គាល់ដែលមានខាងម្ចាស់ក្រុមហ៊ុននិងម្ចាស់ផលិតកម្មនានាគាត់ហៅទៅធ្វើការជាបន្តបន្ទាប់។ លោកបញ្ជាក់ថា មានមិត្តរួមអាជីព និងមិត្តស្និទ្ធស្នាលប្រមាណ៥០នាក់ប៉ុណ្ណោះដែលត្រូវបានអញ្ជើញ។
ទោះបីជាអតីតតារាសម្តែងល្បីឈ្មោះក្នុងទសវត្សរិ៍ទី៩០លោកយាយម៉ែ ម៉ឺន បានស្លាប់បាត់បង់ជីវិតអស់ជាច្រើនឆ្នាំក្តីក៏ឈាមជ័ររបសលោកយាយគឺលោក គង់ បញ្ញាសិដ្ឋបានបន្តប្រឡូកក្នុងអាជីពសិល្បៈ។ គេចាំបានថាមុនពេលឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈបានយ៉ាងជោកជាំដូចសព្វថ្ងៃនេះ តារាសម្តែង និងចម្រៀងមិនសូវល្បីឈ្មោះលោក គង់ បញ្ញាសិទ្ធដែលជាចៅប្រុសអតីតតារាសម្តែងល្បីឈ្មោះជើងចាស់លោកយាយម៉ែម៉ឺនបានលេចឈ្មោះល្បីល្បាញបន្តិចបន្ទាប់ពីរូបគេបានទម្លាយការពិតជូនមហាជនថា ខ្លួនជាចៅប្រុសបង្កើតរបស់លោកយាយម៉ែម៉ឺន និងមានអ្នកស្នងត្រកូលតារាសម្តែងស្រីជើងចាស់រូបនេះ។
បើទោះបីជាលោកយាយម៉ែម៉ឺនបានលាចាកលោកអស់រយៈពេលជាច្រើនឆ្នាំក្តី ប៉ុន្តែលោកយាយនៅតែបន្សល់នូវកេរ្តិ៍ឈ្មោះល្បីល្បាញមិនសាបសូន្យឡើយហើយវាគឺជាក្តីស្រមៃរបស់ចៅប្រុសបង្កើតលោកយាយម៉ែម៉ឺនដែលចង់សាងភាពល្បីល្បាញដូចជាជីដូនរបស់ខ្លួន។ រហូតមកដល់ពេលនេះលោកបានចួលរួមសម្តែងខ្សែភាពយន្តប្រមាណ១០រឿងរួចមកហើយ ។ បើទោះបីជាមិនទាន់បានសម្តែងក្នុងតំណែងតួឯកក៏ដោយក៏សិល្បកររូបនេះនៅមិនទាន់បោះបង់ចោលក្តីសុបិន្តរបស់ខ្លួននៅឡើយ។ ក្រៅពីការងារសម្តែង តារារូបនេះបានប្រឡូកការងារជាច្រើនជាមួយនឹងវិស័យសិល្បៈដូចជាការងារជាពិធីករ ការបង្ហាញម៉ូត និងច្រៀងជាដើមហើយលោករំពឹងថាការងារទាំងនេះនឹងកាន់តែរីកចម្រើនសម្រាប់ឆ្នាំថ្មីនេះ។
តារាចំណូលថ្មីមានប្រភពមកពីខេត្តបន្ទាយមានជ័យរូបនេះបន្តថាបើទោះជាលោកមានឈាមជ័រជាអ្នកសិល្បៈបែបណាក៍លោកមិនដែលយកឈ្មោះលោកយាយទៅពឹងអាស្រ័យគេសុំសម្តែងធ្វើជាខ្សែទាក់ទាញនោះទេគឺត្រូវពឹងទៅលើសមត្ថភាពខ្លួនឯងប៉ុណ្ណោះ៕