មណ្ឌលគីរីៈ ដាក់ដាំ គឺជាច្រកព្រំដែនអន្តរជាតិទ្វេភាគីរវាងប្រទេសកម្ពុជា និងវៀតណាមដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីប៉ែកខាងត្បូងឈាងខាងកើតនៃខេត្តមណ្ឌលគិរី។
ប្រភពព័ត៌មានបានរាយការណ៍ថា ច្រកដាក់ដាំក៏ជាច្រកសកម្មមួយក្នុងការនាំចេញឈើប្រណីតទៅកាន់ប្រទេសវៀតណាម និងនាំចូលទំនិញគេចពន្ធជាច្រើនមុខមកកាន់ប្រទេសកម្ពុជាយ៉ាងគគ្រឹកគគ្រេងដូចជា ប្រេងសាំង ទំនិញចាបហួយគ្រប់មុខ នុំ មីកញ្ជប់ គ្រឿងកំប៉ុង និងស្រាបៀរជាដើម។ល។
មានការលើកឡើងថា បច្ចុប្បន្នប្រភពចំណូលជាច្រើនត្រូវបានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ មួយចំនួននៅច្រកដាក់ដាំនាំគ្នាប្រព្រឹត្តអំពើពុករលួយជាលក្ខណៈប្រព័ន្ធ ធ្វើឲ្យចំណូលថវិកាជាតិមានការបាត់បង់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែ។
ដោយឡែកលោកស័ក្ត៣ យូ សុធា ក្នុងនាមជាប្រធានប៉ុស្តិ៏ព្រំដែនអន្តរជាតិទ្វេភាគី ក៏អាចមានការពាក់ព័ន្ធក្នុងរឿងប្រព្រឹត្តអំពើពុករលួយពីការប្រមូលប្រភពសេដ្ឋកិច្ចជំនួញឈើប្រណីតនាំចេញខុសច្បាប់ និងការនាំចូលទំនិញគេចពន្ធពីវៀតណាមដើម្បីយកទៅធ្វើមានបានផ្ទាល់ខ្លួន និងសំរាប់មេៗថ្នាក់លើរបស់គាត់ផងដែរ។
ការមិនដាក់ពិន័យទៅលើលោក យូ សុធា ត្រូវគេរិះគន់ថា លោកឧត្តមសេនីយ៏ត្រី ញ៉ែម វ៉ាន់នី ស្នងការនគរបាលខេត្តមណ្ឌលគីរី នឹងលោក តូច យន់ ស្នងការរងទទួលផ្នែកព្រំដែន បានទទួលផលប្រយាជន៏ពីលោកមេប៉ុស្តិ៏ យូ សុធា ទើបលោក យូ សុធា ហ៊ានអនុវត្តផ្ទុយពីតួនាទីយកអំណាចទៅប្រព្រឹត្តអំពើ ពុករលួយតាមអំពើចិត្ត។
ប្រធានប៉ុស្តិ៍ច្រកដាក់ដាំ លោក យូ សុធា មិនទាន់អាចស្វែងរកទំនាក់ទំនងដើម្បីសុំការបំភ្លឺបានទេ ។
ចំណែកស្នងការរងនគរបាលទទួលបន្ទុកផ្នែកព្រំដែនលោក តូច យន ក៏មិនអាចសុំការពន្យល់បាននៅឡើយដែរ។
ស្នងការនគរបាលខេត្តមណ្ឌលគីរី លោកឧត្តមសេនីយត្រី ញ៉ែម វ៉ាន់នី បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃសៅទី២៣ សីហា នេះដោយបញ្ជាក់ថា បញ្ហាបទល្មើសនាំចេញឈើប្រណីតតាមច្រកដាក់ដាំលោកទទួលស្គាល់គឺពិតជាកើតមានមែន ប៉ុន្តែវាមិនមានលក្ខណៈទ្រង់ទ្រាយធំដុំទេ។ ចំពោះការនាំចូលទំនិញគេចពន្ធក៏មិនសូវមានប៉ុន្មានដែរ ព្រោះថាផ្លូវមកកាន់ព្រំដែនខាងប្រទេសវៀតណាមមានភាពលំបាកក្នុងការដឹកជញ្ជូន ដូច្នេះទំនិញក៏មិនសូវមានមកតាមច្រកដាក់ដាំនេះដែរ។
លោកស្នងការក៏បានបញ្ជាក់ទៀតថា ចំពោះសមត្ថកិច្ចណាដែលអនុវត្តផ្ទុយពីតួនាទីទៅប្រព្រឹត្តអំពើពុករលួយបើសិនជាមានការរកឃើញលោកនឹងធ្វើការដាក់ពិន័យជាមិនខាន។
សព្វថ្ងៃគេបានកត់សម្គាល់ឃើញថាបទល្មើសកាប់បំផ្លាញព្រៃឈើនៅក្នុង ខេត្តមណ្ឌលគីរី និងជំនួញឈើប្រណីតឆ្លងដែនខុសច្បាប់បានកើតមានឡើងជារាល់ថ្ងៃ យប់ ប៉ុន្តែសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីជំនាញបែរជាមិនធ្វើការបង្ក្រាប ឬបង្ក្រាបតិចតួចបំផុតដើម្បីបង្ហាញពីស្នាដៃប៉ុណ្ណោះ ធ្វើឲ្យរបររកស៊ីឈើប្រណីតនៅក្នុងខេត្តមួយនេះបានទៅក្លាយជាសង្គ្រាម ញាំញីទៅដោយការគំរាមគំហែងគ្នាទៅវិញទៅមក រហូតឈានដល់មាន ការបាញ់ប្រហារមកលើមន្ត្រីរដ្ឋបាលព្រៃឈើ ដែលបានកើតឡើងកាលពីពេលថ្មីៗនេះជាដើម៕