ដោយ៖ប៉ែនសុផល
បាត់ដំបង៖យ៉ាងហោចណាស់មានមនុស្ស2នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកូរ៉េដឹកដីមួយគ្រឿងបានបុកជាមួយនិងម៉ូតូម៉ាកឃ្លិកចំពេញទំហឹងក្នុងទិសដៅច្រាស់ទិសគ្នា។
ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង4-40នាទីល្ងាចថ្ងៃទី4ខែកុម្ភះឆ្នាំ2016ស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា៖នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាឃ្លិកពណ៌សគ្មានផ្លាកលេខបើកបរជិះគ្នាពីរនាក់ក្នុងល្បឿនលឿនដូចហោះក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុផ្លូវកោងបានជ្រុលទៅបុកជាមួយនិងរថយន្តកូរ៉េដឹកដីពណ៌សពាក់ផ្លាកលេខបាត់ដំបង3A1412ក្នុងទិសដៅច្រាស់ទិសគ្នា។
លោក ម៉ែន បូរី នាយផ្នែកដោះស្រាយចរាចរណ៍ខេត្តបានអោយដឹងថា៖ជនរងគ្រោះដែលស្លាប់ទី1ឈ្មោះចាយ ឡែមភេទប្រុសអាយុ61ឆ្នាំរស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង1 ស្រុកសង្កែ ខេត្តបាត់ដំបង។(ស្លាប់)ទី2ឈ្មោះសន ធិនភេទប្រុសអាយុ30រស់នៅឃុំអូរដំបង2 ស្រុកសង្កែ ខេត្តបាត់ដំបង ។(ស្លាប់)ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តបាត់ដំបងរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះទាំងពីរនាក់ត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕