ដោយ៖សហការី
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យប្រជាកសិករទាំងអស់ត្រូវធ្វើស្រូវប្រាំងតែ ១លើកបានហើយ ខណៈដែលកម្ពុជាកំពុងជួបគ្រោះរាំងស្ងួតស្ទើរតែគ្រប់តំបន់ក្នុងប្រទេសនៅឆ្នាំ២០១៦ នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាប័ត្រ ដល់និស្សិតនៃសកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ នាមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅឆ្នាំនេះ ទាំងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ មានទឹកជំនន់ទាប រហូតដល់មិនអាចអុំទូកបានទៀតផង។សម្តេចនាយករដ្ឋមន្ត្រី បានបន្តថាជាថ្មីម្តងទៀតខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋបន្ទាប់ពីចេញសរាចរណ៍រួចមកហើយ លើបញ្ហាកង្វះទឹកនៅឆ្នាំនេះ។ ឆ្នាំនេះទឹកទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់វាទាប រហូតដល់មិនអាចអុំទូកបាននោះទេ ក៏ប៉ុន្តែ ទឹកនៅតាមស្ទឹង តាមបឹង តាមបួអីចឹងបានជាសូមណូមពរដល់ប្រជាពលរដ្ឋធ្វើស្រូវប្រាំតែម្តងបានហើយដើម្បីយើងទុកទឹកសម្រាប់ការស្រោចស្រប ទៅនឹងដំណាំរួមផ្សំ និងការប្រើប្រាស់ទាំងមនុស្សទាំងសត្វព្រោះយោងតាមការព្យាករណ៍ធាតុអាកាសគឺនឹងអាចឈានទៅដល់ខែ៦ ទើបចាប់ផ្តើមមានភ្លៀង”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា កន្លងទៅមានភ្លៀងកក់ខែនៅកន្លែងនេះ កន្លែងនោះក៏ប៉ុន្តែវាតិចណាស់ វាមិនគ្រប់គ្រាន់ជាមួយនឹងសូមណូមពរនឹងការប្រើប្រាស់និងការហួតហែងតាមរយៈខ្យល់តាមរយៈធាតុអាកាសនោះទេហើយការប្រែប្រួលអាកាសធាតុនេះនៅជាបញ្ហារួមរបស់ពិភពលោក។ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ ក៏មាននិយាយពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុផងដែរ។ ពិភពលោកកំពុងមានការជ្រួលច្របល់ទៅលើការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ, ជំងឺឆ្លង និងបញ្ហាភេរវកម្ម។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងធនធាតុទឹក និងឧតុនិយម កំពុងរត់ដៃរត់ជើង ជួយចុះបូមទឹកដាក់ស្រែរបស់ប្រពលរដ្ឋនៅក្នុងតំបន់ខ្លះ មានខេត្តបន្ទាយមានជ័យ និងបាត់ដំបង ជាដើម កំពុងប្រឈមនឹងការខ្វះខាតទឹកសម្រាប់ស្រោចស្របដំណាំស្រូវប្រាំង៕