ដោយ៖ ង សារិន
ខេត្តតាកែវ ៖ ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាតផ្លូវជាតិលេខ ២ ភ្នំពេញ តាកែវ ភ្នំដិន បានសំដែងការមិនពេញចិត្តចំពោះការយកប្រាក់ពីសំណាក់ក្រុមហ៊ុនរបស់លោក ឡេង សុណ្ណារិទ្ធ ខណៈរថយន្តដឹកទំនិញរបស់គាត់គ្រាន់តែបើកឆ្លងកាត់ផ្លូវវាងក្រុងដូនកែវដែលមានបណ្តោយប្រហែល ៤គីឡូម៉ែត្រ ស្ថិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវប៉ុណ្ណោះ ។
តាមប្រភពពីអ្នកដឹកទំនិញបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៦មកអាជ្ញាធរខេត្តតាកែវបានតម្រូវឲ្យរថយន្តដឹកទំនិញទាំងអស់ត្រូវបើកវាងក្រុងដូនកែវទៅតាមផ្លូវលំចាក់កៅស៊ូមួយដែលមានចំងាយប្រហែល ៤គីឡូម៉ែត្រដែលជាផ្លូវវិនិយោគរបស់លោក ឡេ សុណ្ណារិទ្ធ ក្នុងរយៈពេល ៣៥ឆ្នាំ ពីឆ្នាំ ២០០៦ ដល់ ឆ្នាំ ២០៤១ ហើយផ្លូវដែលលោក ឡេង សុណ្ណារិទ្ធ វិនិយោគដោយ នោះគឺជាផ្លូវដែលមានស្រាប់គ្រាន់តែពុំមានការចាក់កៅស៊ូ ប៉ុន្តែសម័យនោះគឺរថយន្តដឹកទំនិញ អាចបើកឆ្លងកាតក្រុងដូនកែវបាន ។
ក្រោយពីលោក ឡេង សុណ្ណារិទ្ធ វិនិយោគផ្លូវ ខាងលើ រថយន្តដឹកទំនិញទាំងអស់ត្រូវបាន អាជ្ញាធរខេត្តបង្ខំឲ្យបើកផ្លូវវាងដែលវិនិយោគដោយលោក ឡេ សុណ្ណារិទ្ធនោះ ។ រយៈពេល ជាច្រើនឆ្នាំមកនេះ លោក ឡេ សុវណ្ណារិទ្ធ បានចំណេញប្រាក់កប់ក្ដោងពីការ យកប្រាក់ពីរថយន្តឆ្លងកាត់ផ្លូវដែលគាត់វិនយោគ ។
តាមប្រភពពីមន្ត្រីសាធារណៈការមួយរូបបានឲ្យដឹងថា ការវិនិយោគរបស់លោក ឡេង សុវណ្ណារិទ្ធ លើផ្លូវខាងលើគឺធ្វើឡើងដោយការឃុបឃិតប្រព្រឹត្តអំពើពុករលួយរវាងចៅហ្វាយខេត្តសម័យនោះ និងលោក ឡេង សុណ្ណារិទ្ធ ។ ការវិនិយោគមកដល់សព្វថ្ងៃនេះធ្វើឲ្យលោក ឡេង សុណ្ណារិទ្ធ ចំណេញមហាចំណេញ ព្រោះទុនវិនិយោគចំណាយថវិការអស់មិនលើសពី១០ម៉ឺនដុល្លារទេ ប៉ុន្តែដោយមានការស៊ុមគ្រលុំគ្នាពីមន្ត្រីពុករលួយច្រើនថ្នាក់ទើបត្រូវបានផ្តល់សិទ្ធិឲ្យលោក ឡេង សុណ្ណារិទ្ធ អង្គុយកើបលុយពីអ្នកធ្វើដំណើរឆ្លងកាត់រហូតដល់៣៥ឆ្នាំយ៉ាងរំភើយ។
ប្រភពបានបញ្ជាក់ដោយរិះគន់ថា មិនត្រឹមតែឃុបឃិតប្រព្រឹត្តអំពើពុករលួយក្នុងគម្រោងវិនិយោគប៉ុណ្ណោះទេ អាជ្ញាធរខេត្តនូវបានដាក់គំនាបឲ្យប្រភេទរថយន្តមួយចំនួនត្រូវតែបើកវាងឆ្លងកាត់ផ្លូវដែលវិនិយោគដោយលោក ឡេង សុវណ្ណារិទ្ធ ថែមទៀតផង។
ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ២ ក្នុងខេត្តតាកែវ បានអំពាវនាវសុំឱយប្រមុខរាជរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយពិនិត្យលុបចោលការវិនិយោគលើផ្លូវរវាង ក្រុងដូនកែវ របស់លោក ឡេង សុវណ្ណារិទ្ធ ជាបន្ទាន់ផង ព្រោះថា ការវិនិយោគនេះបង្កប់ដោយអំពើពុករលួយដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕