ក្រសួងបរិស្ថាន​នឹងត្រូវ​ត្រួតពិនិត្យ​មន្ត្រី​ខ្មោច​មុនគេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2016 ក+ ក-

ដោយ៖ខេមរា

ភ្នំ​ពេ​ញ៖ ក្រសួងបរិស្ថាន​នឹង​ក្លាយជា​ក្រសួង​ទី​១​ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចូល​ត្រួតពិនិត្យ​មន្ត្រី​ខ្មោច​មុនគេ​។​នេះ​បើតាម​ប្រសាសន៍​របស់លោក ឱម យ៉ិនទៀង ប្រ​ធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រោយ​ជំនួប​ជាមួយ​អង្គការសហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃ សុក្រ ទី​៥ ខែកុម្ភៈ នេះ​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​សុក្រ​ថ្ងៃទី​៥ ខែកុម្ភៈ​នេះ បាន​ជួបប្រជុំ​ជាមួយ​តំណាង​អង្គការសហប្រជាជាតិ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​បង្កើត​ច្បាប់​ការពារ​អ្នករាយការណ៍​ស្តីពី​អំពើពុករលួយ​។​

​ទាក់ទិន​នឹង​ករណីនេះ​លោក សៅ សុភាព អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់ថា កិច្ចសហការ​ពិនិត្យ​មន្ត្រី​អវត្តមាន​របស់​ក្រសួង​នេះ​គឺ​ដើម្បី​បង្ហាញ​ពី ភាពម៉ឺងម៉ាត់​នៃ​កំណែទម្រង់ ។ លោក​ថា ការពិនិត្យ​រក​មន្ត្រី​ខ្មោច​នេះ គឺជា​ការអនុវត្ត​គោលការណ៍​របស់​រដ្ឋាភិបាល​ដែលជា​អន្តរ​វិស័យ​ដែល​ត្រូវធ្វើ​រវាង​ក្រសួងសាមី ក្រសួង​មុខងារសាធារណៈ ក្រសួង​សេដ្ឋកិច្ច និង​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​វ​។

​ទោះជា​យ៉ាណា​លោក ឱម យ៉ិនទៀង បាន​ព្រលយ​ថា បច្ចុប្បន្ន​មាន​ក្រសួង​មួយចំនួន​ដែលមាន​រដ្ឋមន្ត្រី​ថ្មីៗ​ចូលកាន់​ដំណែង រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួង​អប់រំ ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ប្រៃសណីយ៍​ជាដើម​។​

សូមបញ្ជាក់ថា អំពើពុករលួយ និង​មន្ត្រី​ខ្មោច​នៅតាម​ក្រសួង​មន្ទីរ​របស់​រដ្ឋាភិបាល គឺជា បញ្ហា​ដែល​មតិសាធារណៈ​បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​ការចាយ​ខ្ជះខ្ជាយ​ថវិកា​របស់​រដ្ឋ និង​ការកេងប្រវ័ញ្ច​ជាដើម​។​

​ស្ថាប័ន​ទាំងពីរ​មិនទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការចុះ​ត្រួតពិនិត្យ​មន្ត្រី​ខ្មោច​ដូច​បានលើកឡើង​នោះទេ​៕3311556