ពុទ្ធបដិមា​ដែល​ទេសចរ​ធ្វើ​ឲ្យ​បាក់បែក​បាន​ជួសជុល​ឡើងវិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2014 ក+ ក-

សៀមរាបៈមន្ដ្រី​នៃ​អាជ្ញាធរ​អប្សរាបាន​អះអាង ថា ព្រះពុទ្ធ​បដិមា​ដែល​ស្ត្រី​ទេសចរនូ​វែ​ល​សេ​ឡង់ម្នាក់​ធ្វើឲ្យ​បាក់​នៅ​កំពូល​កណ្ដាលក្នុង​ប្រាសាទបាយ័ននៃ​តំបន់​ប្រាសាទអង្គរធំកាល ពី​យប់​ថ្ងៃ ទី​៩ ខែតុលា នោះ​ឥឡូវនេះ​ត្រូវ​ក្រុម​អ្នកជំនាញ​របស់​អាជ្ញាធ​រ​អប្សរា បាន​ជួសជុល​រួចហើយ​។​
​មន្ដ្រី​នៃ​អាជ្ញាធរ​អប្សរា​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នា​ក់បាន ឲ្យ​ដឹងថា ពុទ្ធបដិមា​ដែល​បាន​ជួសជុល​រួចរាល់​នោះ មិនត្រូវ​បានដាក់​តម្កល់​នៅ​កន្លែង​ដើម​នៅឡើយ គឺ​ត្រូវបាន​រក្សា​ទុកជា​បណ្ដោះអាសន្ន នៅក្នុង​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ ក្នុង ក្រុង​សៀមរាប​។​

​ស្ត្រី​ទេសចរ​ឈ្មោះ Willemejn Vermaat ពេល​បាន​ទៅដល់ ប្រទេស​នូ​វែ​ល​សេ​ឡង់ វិញ​បាន​សារភាព​ប្រាប់​បណ្តាញ​ព័ត៌មាន នូ​វែ​ល​សេ​ឡង់ ថា នាង​បានធ្វើ​ឲ្យ​បាក់បែក​ពុទ្ធបដិមា នៅ​ប្រាសាទបាយ័ន ក្នុង ខេត្តសៀមរាប នៃ​ប្រទេស​កម្ពុជា​។​
​ប្រព័ន្ធ​ផ្សព្វផ្សាយ នូ​វែ​ល​សេ​ឡង់ Stuff.co.nz បាន​រាយការណ៍​ថា នាង Vermaat មាន​វិញ្ញាណ​អាថ៌កំបាំង​បានមក​ប្រាប់​គាត់​ឲ្យ​យក​បដិមា​ព្រះពុទ្ធ ចេញពី​ប្រាសាទ​នេះ ពីព្រោះថា វា​មិនមែនជា​ប្រាសាទ​របស់​ព្រះពុទ្ធ​ទេ​។​
​អ្នកនាង Vermaat ត្រូវបាន​ស្រង់​សម្តី​មក​ថា​៖ «​នៅពេល​ខ្ញុំ​ទៅដល់​ទីនោះ ខ្ញុំ​មាន​អារម្មណ៍​ចម្លែក ហា​ក់មានអ្វី​កំពុង​ជំរុញ​ខ្ញុំ​ឲ្យ​ទៅកាន់​ទីនោះ ហើយ​ត្រូវបាន​ប្រាប់ថា ខ្ញុំ​ត្រូវតែ​យក​ពុទ្ធបដិមា​នេះ​ចេញ ប៉ុន្តែ​ខ្ញុំ​តប​ថា ខ្ញុំ​មិន​ចង់​ទេ ព្រោះ​វា​ជា​សាសនា​ដ៏​អស្ចារ្យ ដែល​ទាំងនេះ​គឺ​មិនមែន​ជាការ​លេងសើច​ទេ​។ បន្ទាប់មក​ខ្ញុំ​ក៏​រុញ​វា​ឲ្យ​បាក់បែក តែ​តម​ក​ខ្ញុំ​បាន​សុំទោស​»​។​
​សមត្ថកិច្ច​នគរបាល​កម្ពុជា ពីថ្ងៃ​សុក្រ​មុន បាន​តាមរក​អ្នកនាង Vermaat ដែល​បាត់​ខ្លួន​នៅក្នុង​យប់នោះ ប៉ុន្តែ​នគរបាល​ក៏បាន​ឃើញ​ការ​បាក់បែក​ពុទ្ធបដិមា​នោះ​ភ្លាមៗ​ដែរ បន្ទាប់ពី​អ្នកនាង Vermaat ចាក​ចេញពី​សៀមរាប​។​
​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ ថា​តើ​អ្នកនាង Vermaat នឹងត្រូវ​នាំយកទៅ​កាត់ទោស​ចំពោះ​ករណីនេះ​ឬ​យ៉ាងណា​?
​ប៉ុន្តែ​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន នូ​វែ​ល​សេ​ឡង់ អ្នកនាង Vermaat ក៏បាន​និយាយ​សុំទោស ចំពោះ​អង្គការ យូណេស្កូ (UNESCO) ផងដែរ ចំពោះ​ការដែល​ខ្លួន​គាត់​ធ្វើ​ឲ្យ​ខូច​ពុទ្ធបដិមា​នៅ​កម្ពុជា​នេះ​។​
​លោក អ៊ឹម សុខ​រិទ្ធី អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា បាន​ថ្លែងថា​៖ «​ជន​ដែល​ធ្វើ​ឲ្យ​បាក់បែក​ឬ​បំផ្លាញ​បដិមា​ជា​បេតិកភណ្ឌ​របស់​យើង​ត្រូវតែ ឲ្យ​ទទួលខុសត្រូវ​ទៅតាម​ច្បាប់​»​។​
​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ ទី​១២ តុលា ស្ដីពី​ការបាក់​បែក​ពុទ្ធបដិមា​នៅ​ប្រាសាទបាយ័ន នេះ​អាជ្ញាធរ​អប្សរា​បាន​បញ្ជាក់ថា នៅ​ថ្ងៃ ទី​៩ ខែតុលា ឆ្នាំ​២០១៤ នៅ​ម៉ោង​ប្រហែល ៦ ល្ងាច​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​ម្នាក់​រាយការណ៍​មក​នគរបាល​ការពារ​បេតិកភណ្ឌ នៅ វត្ត​ព្រះអង្គ គោកធ្លក ក្បែរ​ប្រាសាទបាយ័ន​ថា ស្ត្រី​ជា​ភ្ញៀវទេសចរ​ជិះ​រ៉ឺម៉ក​គាត់​ម្នាក់​អាយុ​ប្រហែល ៤០​ឆ្នាំ ជនជាតិ​នូ​វែ​ល​សេ​ឡង់ បាន​បាត់​ខ្លួន​មិនឃើញ​មក​ទី​លានជល់ដំរី តាម​ណាត់​ទេ​។​
​លុះ​ទៀបភ្លឺ​ទើប​កម្មករ​ជួសជុល​ប្រាសាទ​ប្រទះឃើញ​ភ្ញៀវ​ស្រី នោះ​នៅ​ប៉ែក​អាគ្នេយ៍​ប្រាសាទបាយ័ន ហើយ​ត្រូវ​នគរបាល​ការពារ​បេតិកភណ្ឌ​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​។​
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​បញ្ជាក់ដែរថា បដិមា​ដែល​បាក់បែក​នោះ ជា​ពុទ្ធបដិមា ទ្រង់​យក​ព្រះធរណី​ធ្វើជា​សាក្សី មិនមែន​ពុទ្ធបដិមា​ប្រក់​នាគ​ទេ​។ ហើយ​ព្រះ​បដិមា​នេះ​ក៏​មិនមែនជា​រូប​ដើម​នៅទីនេះ​តាំងពី​ចុង​សតវត្សរ៍ ទី​១២ ក្នុង​រាជ្យ​ព្រះបាទ​ជ័យ វ​រ័​ន្ម ទី​៧ ដែរ​។​
​រូប​ព្រះ​បដិមា​នេះ ត្រូវ​ក្រុម​អភិរក្ស​ដ្ឋា​ន​អង្គរ​យកមក​ផ្គុំ​ឡើង ដើម្បី​ធ្វើការ​គោរពបូជា​ក្នុង ឆ្នាំ​១៩៨៨៕ ប្រភព​៖​ខ្មែរ​ប៉ុស្តិ៍​
ក្រុម​ជំនាញ​នៃ​អាជ្ញាធរ​អប្សរា​កំពុង​ជួសជុល​ពុទ្ធបដិមា​ដែល​ភ្ញៀវ​ធ្វើ​ឲ្យ​បាក់បែក​។ រូបថត សហការី​