អាជ្ញាធរ​ខណ្ឌដូនពេញ​ព្រមាន​មេ​កន្ទុយ លេខ​តាម​ផ្ទះ និង​តាម​ផ្សារឲ្យ​​បញ្ឈប់​សកម្មភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 February, 2016 ក+ ក-

ដោយ៖រស្មី

​ភ្នំពេញ​៖ លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ​បានប្រកាសថា នឹង​បញ្ចប់​ល្បែង​ឆ្នោត​កន្ទុយលេខ​ដែលជា​ប្រភេទ​ល្បែងស៊ីសង​សុទ្ធសាធ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ដោយ​ដាក់​កម្លាំង​ចុះ​ស្រាវជ្រាវ និង​ចាត់វិធានការ​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់​បំផុត ។​

ជាថ្មី​ម្តងទៀត​លោក គួច ចំរើន បានបង្ហាញ​ពី​ការប្តេជ្ញាចិត្តយ៉ាង​ម៉ឺងម៉ាត់​កាលពី​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ក្នុង​កិច្ចប្រជុំ​មួយ​ដែល​មិន​ធ្លាប់មាន​សោះ​ជាមួយ​អ្នករកស៊ី​លក់​កន្ទុយលេខ​តាម​ផ្ទះ និង​តាម​ផ្សារ​ក្នុង​ខណ្ឌដូនពេញ ដោយ​ដាក់​ការហាម​ប្រាម​ឲ្យ​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព​ដែល​បម្រើ ឬ​លើកទឹកចិត្ត​ដល់​អ្នកលេង​ល្បែង​កន្ទុយ​លេខ​។​

​កិ​ច្វ​ប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​អធិការ មេបញ្ជាការ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ និង​ជាពិសេស​អ្នក​ដែល​ទទួល​កត់​កន្ទុយលេខ​ចំនួន​ជាង​៨០​នាក់​ក្នុងចំណោម​ការកោះអញ្ជើញ​របស់​អាជ្ញាធរ​ចំនួន ១០៧​នាក់​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក គួច ចំរើន បាន​បញ្ជាក់ថា «​រឿង​កន្ទុយលេខ​នេះ​មានការ​សំណូមពរ ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន ព្រមទាំង​អ្នកសារព័ត៌មាន និង​ការ​តាមរយៈ​ការចុះផ្សាយ តាម​ប្រព័ន្ធ​ផ្សេងៗ សុំ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ និង​ជាបន្ទាន់ ដូច្នេះ​យើង​មិនត្រូវ​បង្អង់​នោះឡើយចំពោះ​បញ្ហា​នេះ​»​។​

លោក​អភិបាលខណ្ឌ បាន​លើកឡើងថា ដោយសារតែ​រឿង​ឆ្នោត​នេះ វា​នាំ​ឲ្យ​មាន​ឡើង​នូវ​អំពើហិង្សា​ក្នុង​គ្រួសារ​ទៀតផង នៅពេលដែល​ប្តី ឬ​ប្រពន្ធ បាន​ចាញ់​អស់​លុយ និង​ជំពាក់​បំណុល​គេ​ដោយសារ​ល្បែងស៊ីសង​មួយ​នេះ​។ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ខណ្ឌ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ជាមួយ អាជ្ញាធរ និង​សមត្ថកិច្ច​ត្រូវ​រាយការណ៍ នៅពេល​ឃើញ​មាន​ល្បែង​កន្ទុយលេខ មួយ​នេះ​ស្ថិតនៅ​កន្លែង​ណា​នោះ​។​
​លោក​អភិបាល​ខណ្ឌដូនពេញ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ចាប់ពី​ថ្ងៃទី​០១ ខែមីនា​ឆ្នាំ​២០១៦​ខាងមុខនេះ អាជ្ញាធរ​នឹង​ចុះ​អនុវត្តតាម​ផ្លូវច្បាប់ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ទាំងអស់​ត្រូវ​ចូលរួម​បញ្ចប់​នូវ​ការ​កត់​ចាក់​ឆ្នោត​នោះ​តទៅទៀត បើ​ពុំ​អនុវត្តតាម​ទេនោះ​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​នឹង​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ និង ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ មានប្រសាសន៍ថា ចាប់ពីពេលនេះ ម៉ោង​នេះ​តទៅ , រដ្ឋបាល​ខណ្ឌ ក៏ដូចជា​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ នឹង​ចុះ​អនុវត្ត លើ​ករណី ហ្គេម​ខុសច្បាប់ នៅ​សេសសល់​មួយចំនួន ដែល​មិនបាន​អនុវត្តតាម​ការណែនាំ និង បាន​ចុះកិច្ចសន្យា​របស់ខ្លួន​ជាមួយ​អាជ្ញាធរ​ខណ្ឌ , បន្ទាប់ពី​សាលាខណ្ឌ បានដាក់​ឪ​សាន​វាទ បញ្ឈប់​ការ ធ្វើ​អាជីវកម្ម​ខុសច្បាប់​នេះ ចាប់ពី​ថ្ងៃទី​១៦ ខែ មករា​នេះ​។

​លោក​គួច ចំរើន ក៏បាន ណែនាំ​ដល់ លោក​ចៅសង្កាត់ , គណៈ​គ្រប់គ្រង​ផ្សារ និង នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គ្រប់​មូលដ្ឋាន​ទាំងអស់ បន្ត​ចុះ​ស្រង់​ស្ថិតិ​កន្លែង​កត់​ឆ្នោត​កន្ទុយលេខ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៨​ខែមករា​នេះ ក្នុង​រយៈពេល​យ៉ាងយូរ ១​សប្តាហ៍​។ បន្ទាប់ពី​ទទួលបាន​ទិន្នន័យ​ជាក់លាក់​រួច រដ្ឋបាល​ខណ្ឌ​នឹង​បន្ត​អនុវត្ត​ច្បាប់​ដល់​អ្នក​ទាំងនោះ ក្រោយពី​ករណី​ហ្គេម​ខុសច្បាប់ បានបញ្ចប់​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​អស់ហើយ​៕

258745631993344