ភ្នំពេញ៖ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោក ទូច វិបុល បានសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា ប្រជាពលរដ្ឋខ្មែរអាមេរិកាំងនៅតែប្រកាន់ជំហរក្នុងការធ្វើបាតុកម្មតាមការគ្រោងទុកដដែល។
លោក ទូច វិបុល ដែលជាអ្នករៀបចំបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសហរដ្ឋអាមេរិក នាពាក់កណ្តាលខែកុម្ភះនេះ បានបញ្ជាក់ថា៖ “ការធ្វើបាតុកម្មនឹង ប្រព្រឹត្តទៅតាមការគ្រោងទុកដោយពុំមានការអាក់ខានឡើយ ហើយសូមបញ្ជាក់ថាអង្គការយើងខ្ញុំជាអង្គការឯករាជ្យមិនពាក់ព័ន្ធគណបក្ស នយោបាយណាមួយឡើយ”។ បើតាមសេចក្តីថ្លែងការណ៍នោះ អ្នកចូលរួមធ្វើបាតុកម្មមានមនុស្សប្រមាណពី៣០០ទៅ៥០០នាក់ចូលរួមនឹងដាក់ញត្តិស្តីពីការរំលោភសិទ្ធិមនុស្ស នៅកម្ពុជានិងការចាប់ដាក់គុកនូវក្រុមសកម្មជនប្រជាធិបតេយ្យ។
លោក ទូច វិបុល ធ្លាប់បានផ្តល់កិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មានក្នុងស្រុកថា លោកកំពុងតែអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគ្រោងធ្វើឡើងនៅទីក្រុងSunderlandsនៅRacho Mirageនៃរដ្ឋកាលីហ្វញ៉ា។ លោកបន្តថាតាមគម្រោងមានមនុស្សប្រមាណពី៣០០ទៅ៥០០នាក់ចូលរួម។
លោក ទូច វិបុល មានបញ្ជាក់ថា លោកមិនមានតួនាទីផ្លូវការ ឬក៏សមាជិកផ្លូវការរបស់ គណបក្សសង្គ្រោះជាតិនោះទេ ប៉ុន្តែលោកបញ្ជាក់ថាលោកគាំទ្រគោលនយោបាយរបស់គណបក្សប្រឆាំងក្នុងនាមជាអ្នកស្រឡាញ់ប្រជាធិបតេយ្យ។
ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់លោក ទូច វិបុល ខាងលើនេះលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជារង់ចាំមើលបាតុកម្មនៅសហរដ្ឋអាមេរិកជាមុនសិន។
តាមគម្រោងប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងជួបជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ានក្នុងនោះមានលោក ហ៊ុន សែន ផងដែរ នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ៕