ដោយ៖ អ វឹង
ខេត្តកំពត ៖ សព្វថ្ងៃនេះ របរចិញ្ចឹមជ្រូករបស់ប្រជាកសិករជាលក្ខណៈគ្រួសារ និងអាជីវកម្មខ្នាតតូចស្ទើរតែធ្លាក់ដល់ចំណុចសូន្យទៅហើយ ដោយសារមានកត្តាមួយចំនួនជំរុញឱ្យប្រជាកសិករកម្ពុជាបោះបង់ការចិញ្ចឹមជ្រូកនេះចោល ហើយទៅចាប់យកអាជីពថ្មីផ្សេងទៅវិញ ។ នេះបើតាមការឱ្យដឹងពីសំណាក់ប្រធានស្តីទីសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា ។
លោក ស្រ៊ុន ពៅ ប្រធានស្តីទីសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា បានមានប្រសាសន៍ថា « ពេលបច្ចុប្បន្ននេះ ការចិញ្ចឹមជ្រូករបស់ប្រជាកសិករបានជួបប្រទះនឹងបញ្ហាជាច្រើន។ បញ្ហាចម្បងសម្រាប់អ្នកចិញ្ចឹមជ្រូក ជាពិសេសកសិករ គឺជំងឺ និងការនាំចូលជ្រូកគ្មានប្រភពច្បាស់លាស់បណ្តាលឱ្យមានការចម្លងជំងឺទៅជ្រូកក្នុងស្រុក ព្រមទាំងធ្វើឱ្យតម្លៃជ្រូកក្នុងស្រុកធ្លាក់ចុះទៀតផង» ។
លោកបន្តថា ៖ «ការនាំចូលជ្រូកពីប្រទេសជិតខាងមកផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជា ជាមធ្យមមានចំនួន១.០០០ក្បាលក្នុងមួយថ្ងៃ ដែលជាបរិមាណនាំចូលមានច្បាប់ និងបានត្រួតពិនិត្យត្រឹមត្រូវ ។ បើគិតពីបរិមាណនាំចូលគ្មានច្បាប់ និងគេចពន្ធពីឈ្មួញខិលខូច សរុបមិនក្រោមពី២.០០០ក្បាលនោះទេ ។ ហើយការនាំចូលជ្រូកគេចពន្ធ និងមិនបានត្រួតពិនិត្យត្រឹមត្រូវនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់តម្លៃជ្រូកក្នុងស្រុកទេ ថែមទាំងធ្វើឱ្យប៉ះពាល់ខ្លាំងដល់សុខភាពរបស់ពលរដ្ឋកម្ពុជាទៀតផង» ។
លោកបន្ថែមថា ៖ «សព្វថ្ងៃនេះ ការនាំចូលជ្រូកពីប្រទេសជិតខាងដែលមានការប៉ះពាល់ខ្លាំងនោះ គឺនាំចូលពីប្រទេសខាងកើត ចំណែកខាងជើងមិនសូវប៉ះពាល់ប៉ុន្មានទេ ។ ម្យ៉ាងទៀត ការនាំចូលជ្រូកមិនដឹងប្រភពច្បាស់លាស់ វាអាចនាំជំងឺមកជាមួយ ព្រមទាំងចម្លងទៅជ្រូករបស់កសិករក្នុងស្រុកទៀត ។ ដូចនេះធ្វើឱ្យអ្នកចិញ្ចឹមជ្រូកមានការបាក់ទឹកចិត្តក្នុងការចិញ្ចឹម ក៏បោះបង់ការចិញ្ចឹមជាបណ្ដើរៗ រហូតស្ទើរតែធ្លាក់ដល់ចំណុចសូន្យ» ។
លោកប្រធានស្តីទីរូបនេះបញ្ជាក់ដែរថា ៖ «សព្វថ្ងៃ អាជ្ញាធរហាក់មិនសូវខ្វល់ខ្វាយពីរឿងចិញ្ចឹមជ្រូកក្នុងស្រុកទេ ហើយចេះតែបណ្ដែតបណ្ដោយឱ្យឈ្មួញទុច្ចរិតនាំជ្រូកចូលមិនដឹងសាវតាច្បាស់លាស់មកលក់ឱ្យពលរដ្ឋខ្មែរ ដោយមិនខ្វល់ពីការប៉ះពាល់សុខភាពរបស់អ្នកបរិភោគឡើយ ។ លោកសូមសំណូមពរទៅដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមឱ្យមានការត្រួតពិនិត្យឱ្យមែនទែន កុំឱ្យនាំចូលជ្រូកឈឺ និងសូមឱ្យត្រួតពិនិត្យទីផ្សារផង ។
ជាក់ស្ដែង នៅរដូវបុណ្យភ្ជុំ តម្លៃជ្រូករស់បានធ្លាក់ថ្លៃ បុ៉ន្តែសាច់ជ្រូកនៅលើជ្រញ់វិញ មិនត្រឹមតែមិនធ្លាក់ទេ ថែមទាំងឡើងខ្ពស់លើសដើមទៀត ។ ម្យ៉ាងទៀត សូមឱ្យពិនិត្យកន្លែងសត្តឈាតផង កុំឱ្យគេយកជ្រូកងាប់មកកាប់ យកទៅលក់នៅលើទីផ្សារ» ។លោក លី ឡាវីល នាយកចាត់ការទូទៅនៃក្រុមហ៊ុន M’s pig ស្ថិតនៅក្រោមក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប បានមានប្រសាសន៍ថា ៖ «យើងផលិតសាច់សព្វថ្ងៃនេះ មិនបានគ្រប់គ្រាន់ទៅតាមតម្រូវការលើទីផ្សារនៅឡើយទេ គឺនៅខ្វះខាតច្រើនណាស់ ។ ជាក់ស្ដែង ការចិញ្ចឹមជ្រូកនៅទូទាំងប្រទេសកម្ពុជា យើងអាចផ្គត់ផ្គង់បានតែជាង៤០% ទៅ៥០%ប៉ុណ្ណោះ ហើយសល់ពីនោះ គឺយើងនាំចូលនៅឡើយ ព្រោះប្រទេសកម្ពុជា ជាប្រទេសនាំចូល បើយើងមិននាំចូល រាជរដ្ឋាភិបាលក៏ពិបាកដែរ ហើយរាជរដ្ឋាភិបាលសព្វថ្ងៃនេះ ក៏ទទួលបានចំណូលពីពន្ធនាំចូលផងដែរ» ។
លោកបន្តថា ៖ «មិនថាក្រុមហ៊ុនរបស់លោក ឬក្រុមហ៊ុនផ្សេងៗនោះទេ ដែលចិញ្ចឹមសត្វ គឺខាតទាំងអស់ ហើយបើនិយាយពីកសិករវិញខាត ហៅលែងឮហើយ ។ ឆ្នាំនេះ មានខែខ្លះខាតនៅត្រឹមថ្លៃដើម បុ៉ន្តែខែខ្លះទៀតខាតលើសថ្លៃដើមទៅទៀត ។ ដូចនេះ ក្រុមហ៊ុន ឬអ្នកចិញ្ចឹមជ្រូកដែលមានកសិដ្ឋានតូចៗទប់មិនជាប់នោះទេ លុះត្រាតែក្រុមហ៊ុនដែលមានកសិដ្ឋានធំ ទើបអាចទប់ជាប់បានខ្លះ» ។លោកបញ្ជាក់ថា ៖ «ទោះជាយ៉ាងណា ក្រុមហ៊ុនយើងនៅតែពង្រីកបន្ថែមទៀត ហើយក៏មិនបោះបង់ចោលការចិញ្ចឹមជ្រូកដែរ ។
សព្វថ្ងៃនេះ ក្រុមហ៊ុនម៉ុង ឫទ្ធី បានចិញ្ចឹមជ្រូកជាលក្ខណៈធំមួយ ប៉ុន្តែការផ្គត់ផ្គង់មានប្រមាណតែ៥%ប៉ុណ្ណោះនៃទីផ្សារ ហើយស៊ីភី មានប្រមាណជិត២០%ដែរ ។ ដូចនេះត្រូវការជ្រូកនាំចូលច្រើនទៀតសម្រាប់ផ្គត់ផ្គង់តាមតម្រូវការ» ៕