ដោយ៖ សហការី
កណ្តាល៖ ប្រជាពលរដ្ឋនៅស្រុកកណ្តាលស្ទឹង បានសម្តែងក្តីកង្វល់ចំពោះអាជីវកម្មជីកដីបូមខ្សាច់ នៅស្រុកកណ្តាលស្ទឹង ជាច្រើនដែលគេមើលឃើញថា បានបូមយកខ្សាច់មានជម្រៅខុសបច្ចេកទេសបង្កឈានទៅឲ្យបាក់ដីភូមិនៅក្បែរពួកកគាត់។
ពលរដ្ឋឈ្មោះ តេង សុខន រស់នៅក្នុ ភូមិដើមឬស បានឲ្យដឹងថា រណ្តៅដីរបស់ឈ្មួញម្នាក់ដែលគេស្គាល់ថាឈ្មោះ យិន សាឬទ្ធិ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើអាជីវកម្មនៅក្នុងភូមិឃុំដើមឬសរយៈពេលជិត ៣ ឆ្នាំមកហើយនិងបានបង្កឲ្យបាក់ដីស្រែរបស់អ្នកភូមិក្បែរនោះ ព្រមទាំងបាក់ដាច់ផ្លូវចូលក្នុងភូមិទៀតផង ។
ពលរដ្ឋខាងលើអះអាងថា ក្រៅពីបង្កឲ្យបាក់ដីស្រែពរដ្ឋដូច្នេះហើយ រណ្តៅដីនេះបានជីកខិត មកកៀកផ្លូវលេខ ៣៤ ដែលគេធ្វើដំណើរឆ្ពោះទៅផ្លូវជាតិលេខ ៣ ផង និង ផ្លូវជាតិលេខ ៥១ ផង ដែលគេគិតថា អាចនឹងបាក់មកដល់ផ្លូវជាតិនេះនៅថ្ងៃខាងមុខមិនខាន ដោយសារក្រុមហ៊ុន បានជីកបូមខិតចូលមកកាន់តែជិតដល់ផ្លូវជាតិសល់ប្រមាណជាង ១០ ម៉ែត្រប៉ុណ្ណោះ ។
ដោយសារអាជីវកម្មខុសលក្ខណៈបច្ចេកទេសដូច្នេះ កន្លងទៅថ្មីៗនេះគេបានឃើញ ក្រសួងរ៉ែ និង ថាមពលរដ្ឋរួម និងអាជ្ញាធរបានចុះទៅត្រួតពិនិត្យ និង បានតម្រូវឲ្យក្រុមហ៊ុនធ្វើអាជីវកម្ម របស់លោក យិន សាឬទ្ធិ នេះម្តងរួចទៅហើយ ហើយថែមទាំងបញ្ជាឲ្យក្រុមហ៊ុនចាក់ដីសងរដ្ឋ ឱ្យបានយ៉ាងហោចចម្ងាយ ៣០ ម៉ែត្រពីផ្លូវជាតិនោះវិញ ប៉ុន្តែទោះជាដូច្នេះ គេមិនឃើញក្រុមហ៊ុនផ្អាកធ្វើអាជីវកម្ម តាមបទបញ្ជារបស់ក្រសួងនោះឡើយ គឺនៅតែបន្តដោយមិនមាន អាជ្ញាធរចុះមើលនោះទេ ហើយក្រុមហ៊ុនក៏នៅមិនទាន់បានចាក់ដីតាមការបញ្ជារបស់ក្រសួងនោះដែរ ។ គេមិនអាចទាក់ទងសុំការឆ្លើយតបពីលោក យិន សាឬទ្ធិ ម្ចាស់អាជីវកម្មខ្សាច់នោះបានទេ ដោយសារលោកមិនលើកទូរស័ព្ទ ។
ប៉ុន្តែយោងតាមលោក បូ ណារ៉េត អភិបាល ស្រុកកណ្តាលស្ទឹង មានប្រសាសន៍ទទួលស្គាល់ថារណ្តៅដីនេះ ពិតជាធ្វើអាជីវកម្មខុសលក្ខណៈបច្ចេកទេសដូច្នេះមែន ប៉ុន្តែអាជ្ញាធរបានទុករយៈពេល ១ ខែទៀត ឲ្យក្រុមហ៊ុនបន្តអាជីវកម្ម និង ចាក់ដីនៅក្បែរផ្លូវសងរដ្ឋវិញជៀសវាងដីបាក់ចូលផ្លូវទៅថ្ងៃក្រោយ ។
ពាក់ព័ន្ឋករណីនេះដែរ លោក សុំ សុផុន បានបញ្ជាក់ឲ្យដឹងពីបច្ចេកទេសថា រណ្តៅដីឬរណ្តៅបូមខ្សាច់នីមួយៗត្រូវជីកយ៉ាងហោចណាស់ ឲ្យបានចម្ងាយ ៣០ ម៉ែត្រឆ្ងាយចេញពីផ្លូវ ប៉ុន្តែក្រុមហ៊ុននេះ មិនបានអនុវត្តតាមបទដ្ឋានបច្ចេកទេស និងការណែនាំរបស់រដ្ឋឡើយ ហើយថែមទាំងបន្តអាជីវកម្មបំពានការហាមប្រាមរបស់ក្រសួងទៀតផង ៕