វ៉ាស៊ីនតោន៖រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Ashton Carter បានប្រកាសថា អាមេរិកកំពុងស្វែងរកជំនួយបន្ថែមទៀតពីក្រុមរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសផ្សេងទៀត ដែលជាក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS ខណៈរុស្ស៊ីបង្កើនយុទ្ធនាការ វាយប្រហារតាមដែនអាកាសរបស់ខ្លួន នៅក្នុងប្រទេស៊ីរី ។
យោងតាមសារព័ត៌មានស៊ិនហួចេញផ្សាយនៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ថា អស់ រយៈពេលជាង១៨ខែកន្លងមកហើយ ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានទម្លាក់គ្រាប់បែក លើគោលដៅរបស់ក្រុម ISIS ដោយលោក Carter ព្រមានជាថ្មីពីការគំរាមវាយប្រហារ របស់ក្រុមឧទ្ទាមនៅជុំវិញពិភពលោក ហើយការកើនឡើង នៃក្រុមឧទ្ទាមនៅក្នុង ប្រទេសលីប៊ី នឹងឈានឲ្យមានការបង្កើនកងយោធា និងការផ្តល់ហិរញ្ញវត្ថុបន្ថែមទៀត ពីក្រុមដៃគូ។
នៅក្នុង កិច្ចប្រជុំក្រុមចម្រុះ ដឹកនាំដោយសហរដ្ឋអាមេរិក នៅទីស្នាក់ការអង្គការ NATO ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃព្រហស្បតិ៍ លោក Carter បានលើកឡើងថា «យើងនឹងចែករំលែកជាមួយពួកគេ នូវគម្រោងយុទ្ធនាការប្រតិបត្តិការ ដើម្បីកម្ចាត់ក្រុម ISIL ដែលយើងត្រូវសម្រេច កាន់តែលឿនកាន់តែល្អ»។
គួរបញ្ជាក់ថា ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមដែនអាកាស ជាង១ម៉ឺនដង នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដោយសហរដ្ឋអាមេរិក បានចំណាយថវិកាជិត ៦ពាន់លានដុល្លារសហរដ្ឋអាមេរិក៕