សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរឃ្លាំង​ស្តុក​ឈើ​ធំៗ​៣​កន្លែង​តែ​មិន​បង្ហាញ​លទ្ធផល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2016 ក+ ក-

 

ដោយ៖ស សាម

​ស្ទឹង​ត្រែ​ង‌៖ កម្លាំង​គណៈកម្មាធិការ​ថ្នាក់ជាតិ​ចម្រុះ បានធ្វើ​ការចុះ​ត្រួតពិនិត្យ​និង​ផ្ទៀងផ្ទាត់​ពី​របាយការណ៍​ចំនួន​កំណាត់ឈើ​នៅ​កន្លែង​និ​មួយៗ ដែល​បាន​ចុះ​ធ្វើ​កាលពី​លើក​ទី​១ និង​លើក​២​នេះ វា​មាន​ភាព​ស៊ីគ្នា​ឬ​អត់​ ប៉ុន្តែលទ្ធផលយ៉ាងណានោះ មិនត្រូវ បានគេប្រាប់ឲ្យដឹងឡើយ។

​ការចុះពិនិត្យ​ផ្ទាងផ្ទាត់​នេះ បាន​ចុះ​ធ្វើ​ចាប់ពី​ថ្ងៃទី​១១ ខែកុម្ភៈ​ឆ្នាំ​២០១៦ មកដល់​ថ្ងៃទី​១៣ ខែកុម្ភៈ​នេះ គឺ​បាន​ចំនួន​៣​កន្លែង​ហើយ ។​ទី​១​នៅ​ចំណុច​គល់ស្ពាន​មេគ​ង្គ‌ ជា​រ‌​បស់​យាយ​ព្រឿង​ជា​ជនជាតិ​វៀតណាម​ស្ថិត​ក្នុងភូមិ​បា​ចុង ឃុំ​ព្រះបាទ ក្រុង​ស្ទឹងត្រែង​។ ទី​២​នៅ​ចំណុច​គីឡូ​លេខ​៨​ផ្ទះ​ឈ្មោះ ព្រំ ថន ក្នុង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ។​ទី​៣​ត្រង់ចំណុច​គល់ស្ពាន​សេកុង​ជាឃ្លាំង​ឈើ​របស់​ឧកញ៉ា ទ្រី ​ភាព ស្ថិតនៅ​ភូមិ​លើ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ។​

​លោក វរៈសេនីយ៍ឯក ហ៊ុន សុគន្ធា​រ៉ាវី បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​ការចុះ​ត្រួតពិនិត្យ​ខាងលើនេះ នឹង​បន្ត​ការឆែកឆេរ​បន្ថែម​ប្រហែល ៥​ទៅ​៦​កន្លែង​ទៀត ប៉ុន្តែ​នៅ​មិនទាន់​ច្បាស់លាស់​ទេ ដោយសារ​ខាង​រដ្ឋបាល​ព្រៃឈើ​ជា​អ្នកកំណត់​គោលដៅ ថា​ចុះទៅ​ទីកន្លែង​ណា ឬ​នៅពេលណា​ក៏​មិនទាន់​ដឹង​ដែរ​គឺ​ស្រេច​តែ​រដ្ឋបាល​ព្រៃឈើ​តែប៉ុណ្ណោះ​។​

​ទោះជា​យ៉ាងណាក្តី ពុំមាន​របាយការណ៍​ជាក់លាក់​បង្ហាញ​ពី​លទ្ធផល​នៃ​ការត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​គំនរ​ឈើ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ​នៅឡើយ​ទេ​៕

68521471824573