ដោយ៖ ប៉ែន សុផល
បាត់ដំបង៖ នាយឧត្តមសេនីយ៍ សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់និងជាតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រាលក្រួសក្រហម១ខ្សែប្រវែង៩.៤០០ម៉ែត្រ មានទទឹង៦ម៉ែត្រនាព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៦ នេះ នៅចំណុចភូមិស្វាយប្រគាប ឃុំឈើទាលស្រុកបាណន់ ខេត្តបាត់ដំបង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ច័ន្ទ សុផល អភិបាលខេត្ត លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំង សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបចូលរួមផងដែរ។
បន្ទាប់ពីមតិស្វាគមន៍របស់លោក ជុំ ញ៉ អភិបាលរងស្រុកបាណន់ និងអានរបាយការណ៍ជួសជុលផ្លូវគ្រួសក្រហម១ខ្សែនេះ របស់លោក ខាន់ ម៉ាណេរ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានរៀបរាប់ ពីការជួសជុលផ្លូវ លេខ១៥៧១B ប្រវែង៩.៤០០ម៉ែត្រ មានទទឹង៦ម៉ែត្រ ផ្លូវបំបែកពីចំណុចផ្លូវជាតិលេខ៥៧ ត្រង់ភូមិ.ឃុំភ្នំសំពៅ ទៅដល់ផ្លូវខេត្ត១៥៧១ ត្រង់ភូមិស្វាយប្រគាបឃុំឈើទាលស្រុកបាណន់រួចមក។
លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងបានសម្តែងក្តីរីករាយ ដោយខេត្តយើងបាននិងកំពុងកសាងជួសជុលផ្លូវដែលជាសមិទ្ធិផលមួយបន្ថែមទៀតទុកឲ្យប្រជាពលរដ្ឋយើងប្រើប្រាស់ប្រចាំថ្ងៃ និងជួយសម្រួលកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋយើងបានមួយកម្រិតទៀតផងដែរ។
នាយឧត្តមសេនីយ៍ សុខ ផល បានមានប្រសាសន៍ថា ក្នុងនាមសម្តេចក្រឡាហោម ស ខេង ក៏ដូចជាក្នុងនាមក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ លោកបានបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមន្ត្រីមន្ទីរជំនាញ ដែលតែងតែ ខិតខំប្រឹងធ្វើការទាំងហាលភ្លៀងហាលថ្ងៃទេ គឺបានខិតខំធ្វើការងារជំនាញរបស់ខ្លួនសម្រេចជាហូរហែកន្លងមក។
នាយឧត្តមសេនីយ៍ សុខ ផល បានបញ្ជាក់ថា យើងទាំងអស់គ្នាធ្វើអ្វីៗ គឺដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ព្រោះប្រជាពលរដ្ឋគឺជាម្ចាស់ឆ្នោត ដែលតែតងតែគាំទ្រគណបក្សប្រជាជនកម្ពុជាកន្លងមកនិងអនាគត់ ហើយ យើងទាំងអស់គ្នាជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រនោះទេ។
បន្ទាប់មតិសំណេះសំណាលចប់គណះអធិបតី ក៏បានចែកអំណោយជានិមិត្តរូប និងឡើងបញ្ជាគ្រឿងចក្រ បើកការដ្ឋានក្នុងពីធីជួសជុលផ្លូវនេះជាកិច្ចបញ្ចប់កម្មវិធីផងដែរ៕