​តុលាការ​កំពូល​បន្ត​ផ្តន្ទាទោស​លោក​ហេង ពៅ អតីត​ស្នងការ​នគរបាល​ក្រុង និង​គូកន​ពី​១៥​ដល់​១៨​ឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2014 ក+ ក-

ភ្នំពេញ​៖សាលក្រម​សំណុំរឿង​មួយ​ក្នុងចំណោម ​៧​សំណុំរឿង​របស់ លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ព្រមទាំង​គូកន​៣​នាក់​ទៀត​ត្រួវ​តុលាការ​កំពូល​ប្រកាស​កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៤ នេះ​ដោយ​ចោទប្រកាន់​ពីបទ​មនុស្សឃាត​។​

ប្រភព​បាន​រាយការណ៍​ថា នេះ​ជា​សំណុំរឿង​ឃាតកម្ម​គិតទុក​ជាមុន និង​សមគំនិត​ពាក់ព័ន្ធ​ការប៉ុនប៉ង​សម្លាប់​លោក​ចៅក្រម សុក សេដ្ឋា​មុន្នី កាលពី​ចុងឆ្នាំ​២០០៣ កន្លងមក​។ ការប្រកាស​ផ្តន្ទាទោស​ជនជាប់ចោត​ទាំង​០៤​រូបនោះ គឺ​តុលាការ​ច្រានចោល​នូវ​បណ្តឹងសាទុក្ខ​របស់​ទណ្ឌិត​ទាំងនោះ ដោយ​តម្កល់​សាលា​ដីកា​របស់ សាលាឧទ្ធរណ៍​ដែល​បានសម្រេច​ប្រកាស​តម្កល់​សាលក្រម របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

ប្រភព​ដដែល​បញ្ជាក់ថា សំណុំរឿង​ជនរងគ្រោះ​ឈ្មោះ សុក សេដ្ឋា​មុន្នី ចៅក្រម​តុលាការ​កំពូល​ដែល​ត្រូវ​ឃាតករ​បាញ់សម្លាប់​ក្នុង​កំឡុង​ឆ្នាំ​២០០៣ នៅក្នុង​រាជធានី​ភ្នំពេញ​នោះ ត្រូវ​តុលាការ​បាន​រកឃើញ​កំហុស​ទណ្ឌិត​ទាំង​៤​នាក់ បន្ទាប់ពី​មានការ​ស៊ើបអង្កេត​ស៊ីជម្រៅ​អស់​រយៈពេល​ជិត​៩​ឆ្នាំ​។​

ជនជាប់ចោទ​ក្នុង​សំណុំរឿង​មនុស្សឃាត​គិតទុក​ជាមុន​នេះ ត្រូវ​តុលាការ​បាន​កាត់ទោស​១-​ឈ្មោះ​លោក ហេង ពៅ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​អតីត​ស្នងការ​រាជធានី​ភ្នំពេញ ដាក់ពន្ធនាគារ​ចំនួន​១៦​ឆ្នាំ​, ២-​ឈ្មោះ​លោក លី រ៉ាស៊ី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ អតីត​ជា​មន្ត្រីនគរបាល​នៃ​ស្នងការ​រាជធានី​ភ្នំពេញ ៣-​ឈ្មោះ​លោក ព្រំ សុធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង​ទី​៤-​លោក​ឈ្មោះ ហង្ស វុត្ថា ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ម្នាក់ៗ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ចំនួន​១៥​ឆ្នាំ ក្នុង​បទចោទប្រកាន់​ដូចខាងលើ​។​
​លោក​ចៅក្រម​គង់ ស្រ៊ី​ម បាន​ថ្លែងថា តុលាការ​កំពូល​បាន​ច្រានចោល​ពាក្យបណ្តឹង​សាទុក្ខ​របស់​ទណ្ឌិត​ឈ្មោះ ហេង ពៅ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មិន​ចាត់ការ ព្រោះ​ពាក្យ​បណ្តឹងសាទុក្ខ​នេះ បាន​ធ្វើឡើង​ហួសពេល​កំណត់​នៃ​ច្បាប់ ដូច្នេះ​តុលាការ​កំពូល​តម្កល់​សាលដីកា​ដែល​បានសម្រេច​ដោយ​សាលាឧទ្ធរណ៍ ចាត់ទុកជា​បានការ​ដ​ដែល​៕

Untitled-1