អារ៉ាប៊ីសាអូឌីត៖អ្នកនាំពាក្យយោធាអារ៉ាប៊ីសាអូឌីតបានអះអាងថា រដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីតនឹងបញ្ជូនយន្តហោះយោធារបស់ខ្លួនទៅកាន់ប្រទេសតួកគីនៅពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមក្នុងបេសកកម្មកម្ទេចក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងទៀតថា ដោយអនុលោមទៅតាមកិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបត្តិការប្រយុទ្ធនៅលើដី របស់ក្រុមចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក អារ៉ាប់ប៊ីសាអូឌីតនឹងបញ្ជូនកងទ័ពរបស់ពួកគេដើម្បីចូលរួមប្រយុទ្ធ។ ការអះអាងរបស់អ្នកនាំពាក្យយោធាអារ៉ាប់ប៊ីសាអូឌីតបានធ្វើឡើង ខណៈអារ៉ាប់រួមក៏បានយល់ព្រមបញ្ជូនកងកម្លាំងពិសេសរបស់គេមកកាន់ប្រទេសស៊ីរីដែរ។
អ្នកនាំពាក្យបញ្ជាក់ថា ខណៈដែលកងកម្លាំងរដ្ឋាភិបាលស៊ីរី កំពុងស្ថិតនៅលើសមរភូមិប្រយុទ្ធ ក្នុងស្ថានភាពយ៉ាងលំបាក អារ៉ាប់ប៊ីសាអូឌីត អារ៉ាប់រួម និងប្រទេសដទៃទៀតបានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើអន្តរាគមន៍យោធារបស់ខ្លួន នៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមស៊ីវិលមួយនេះ៕