អ៊ីរ៉ង់ព្រមានអារ៉ាប៊ីសាអូឌីតចំពោះការ បញ្ជូនកងទ័ពទៅស៊ីរី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2016 ក+ ក-

អ៊ីរ៉ង់៖ប្រទេសអ៊ីរ៉ង់បានចេញមុខព្រមានប្រទេសអារ៉ាប៊ីសាអូឌីតចំៗដែលចំពោះការបញ្ជូនកងទ័ពថ្មើរជើងទៅកាន់ទឹកដីស៊ីរី។ ការព្រមាននេះធ្វើឡើង គ្រាដែលទ័ពអាកាសតួកគីបានបើកការវាយប្រហារលើទឹកដីស៊ីរី និងអារ៉ាប៊ីសាអូឌីតបានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងទៅដាក់នៅមូលដ្ឋានយោធាក្នុងទឹកដីតួកគី។
លោក ម៉ាសស៊ូដ បានថ្លែងច្បាស់ៗថា អ៊ីរ៉ង់នឹងមិនទុកឲ្យស្ថានការណ៍នៅស៊ីរីប្រែប្រួលទៅតាមសុឆន្ទៈរបស់ក្រុមប្រទេសឧទ្ទាមបានឡើយ និងថា អ៊ីរ៉ង់នឹងផ្តើមចាត់វិធានការចាំបាច់នៅក្នុងកាលៈទេសៈជាក់ស្តែងណាមួយ។ ប្រតិកម្មខ្លាំងៗរបស់ទីក្រុងតេហេរ៉ង់ពេលនេះបានធ្វើឡើង បន្ទាប់ពីអារ៉ាប៊ីសាអូឌីតបានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងទៅដាក់នៅមូលដ្ឋានយោធាក្នុងទឹកដីតួកគី ព្រមទាំងបានប្រកាសត្រៀមខ្លួនបញ្ជូនទ័ពចូលក្នុងទឹកដីស៊ីរីដើម្បីវាយប្រហារអង្គការរដ្ឋអ៊ីស្លាម។
គួរបញ្ជាក់ថា អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតជាប្រទេសដែលកំពុងប្រជែងកម្លាំងគ្នាដើម្បីដំណ្តើមឥទ្ធិពលនៅក្នុងតំបន់ ខណៈដែលអ៊ីរ៉ង់ជាប្រទេសសំខាន់ក្នុងតំបន់ដែលបានចេញមុខគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកយោធាដល់របបស៊ីរីរបស់លោកប្រធានាធិបតីអាសាដ រីឯអារ៉ាប៊ីសាអូឌីតបានចេញមុខគាំទ្រក្រុមប្រឆាំងរបបស៊ីរី៕

Masoud-Jazayeri