អ្នកភូមិ​ក្បែរ​ទីលាន​ចាក់សំរាម​ក្រុមហ៊ុន​សាន​កូ រិះគន់​ចៅហ្វាយក្រុង​ប៉ោយប៉ែត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2016 ក+ ក-

ដោ​យ៖ឈុន លាង​

​បន្ទាយមានជ័យ​៖ លោក​អភិបាលក្រុង​ប៉ោយប៉ែត ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​ពី​ការបំផ្លាញ​បរិស្ថាន និង​សុខភាព​របស់​ប្រជាពលរដ្ឋ​នោះឡើយ ខ​ណៈ​ទុក​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម សាន​កូ (SANCO CAMBO INVESTMENT) ចាក់សំរាម​ពាសវាល​ពាសកាល និង​ដុត​បង្ហុយផ្សែង​ស្អុយ​អា​សោច​ន៍​ជះ​ទៅលើ​ភូមិ​អ្នកស្រុក​។​

​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ផ្សារកណ្តាល សង្កាត់ ក្រុង​ប៉ោយប៉ែត ដែលមាន​លំនៅដ្ឋាន​ជាប់​នឹង​ទីលាន​ចាក់សំរាម​របស់​ក្រុមហ៊ុន​សាន​គូ បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ជាពិសេស​លោក ង៉ោ ម៉េង​ជ្រួ​ន ជួយ​រក​ដំណោះស្រាយ​ចាត់វិធានការ​ឲ្យ​បានល្អ​ និងជាបន្ទាន់ចំពោះ​ការដុត​សំរាម​ដែល​បង្ក​ផលប៉ះពាល់​យ៉ា​ធ្ងន់ធ្ងរ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​គួរ​បញ្ជាក់ថា ច្រើន​ឆ្នាំ​កន្លងមកហើយ​ទីលាន​ចាក់សំរាម​ដ៏​ធំ​មួយកន្លែង​នៅ​ក្រុង​ប៉ោយប៉ែត​បាន​បង្ក​ផលប៉ះពាល់​យ៉ា​ងធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ព្រោះ​ក្រៅពី​ក្លិនស្អុយ​អា​សោច​ន៍​ដែល​សាយភាយ​ទៅលើ​ភូមិ​អ្នកស្រុក ក៏មាន​ផ្សែង​រួម​នឹង​ក្លិន​ឈ្ងៀម​ហុយ​ទ្រលោម​ពាសវាល​ពាសកាល ពិបាក​ទ្រាំ បង្ក​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដង្ហើម​យ៉ាងខ្លាំង ពិសេស​គឺ​ក្មេងតូចៗជាកូនចៅ​ប្រជាពលរដ្ឋ​។​

​ទោះជា​យ៉ាងនេះ​ក្តី អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ត្រូវ​គេ​មើលឃើញថា មិនបាន​យកចិត្តទុកដាក់​ដល់​ប​ញ្ហា​នេះ​ទេ ទុក​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ប្រមូល​សំរាម សានកូ ​ធ្វើតាម​អំពើ​ចិត្ត​មិន​គិតពី​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋនោះឡើយ​៕

88654789
13658741142563