ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខរបស់ផលិតកម្មសាន់ដេលោក ឆាយ វីរៈយុទ្ឋ បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងនៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីផ្តល់ឈាមនាថ្ងៃទីវានៃក្តីស្រលាញ់១៤ កុម្ភៈ។ ការលេចមុខមាត់ក្នុងសកម្មភាពមនុស្សធម៌នេះកើតមានឡើងក្រោយពីលោកទើបនឹងរងការរិគន់ពីអ្នកផលិតកម្មវិធី និងអ្នកគាំទ្រមួយចំនួនរិះគន់លោករឿងទាមទារតម្លៃខ្លួនខ្ពស់ពីការប្រគុំតន្ត្រីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា កាលពី ខែមករា កន្លងមកនេះ។
គេចាំបានថា កាលពីរាត្រីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិកមានប្រារព្ធពិធីប្រកួតបាត់ទាត់មិត្តភាពកម្ពុជាថៃ ដើម្បីអបអរខួបទី៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជាថៃ។ ក្នុងនោះសំបុត្រដែលដាក់លក់ទាំងអស់នឹងត្រូវប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមួយគ្នានេះស្ថានីយទូរទស្សន៍ PNN ក៏ធ្វើការផ្សាយបន្តផ្ទាល់ជាមួយនឹងកម្មវិធីប្រគុំតន្ត្រីដែលអញ្ជើតារាចម្រៀងល្បីៗនៅកម្ពុជាចូលរួមច្រៀងផងដែរ។ ក្នុងនោះតារាចម្រៀងដែលចូលរួមដោយតារាចម្រៀងប្រុសស្រីល្បីឈ្មោះនៅកម្ពុជាជាច្រើនចូលរួមជាតារាកិត្តិយស ក្នុងនោះក៏មានតារាចម្រៀង ឆាយ វីរយុទ្ធក៏ត្រូវបានអញ្ញ្ជើញឲ្យចូលរួមផងដែរ។ មានការលើកឡើងថា ឆាយ វីរៈយុទ្ធបានទាមទាតម្លៃខ្លួនខ្ពស់ដូចទៅនឹងទីផ្សារដែលលោកធ្លាប់បានច្រៀងក្នុងកម្មវិធីប្រគុំតន្ត្រីនានាកន្លងមកដែរដែលលោកទាមទាប្រមានជាន២ពាន់ដុល្លារក្នុងការច្រៀងក្នុងកម្មវិធីនេះ ខណៈដែលតារាចម្រៀងល្បីៗផ្សេងៗទៀតនៅកម្ពុជា ដូចជាកញ្ញា មាស សុខសោភា លោក ខេម លោក ម៉ានិត សុទ្ធតែស្ម័គ្រចិត្តចូលរួមច្រៀងដោយមិនទទួលយកកម្រៃព្រោះតែកម្មវិធីនេះគឺមានគោលបំណងផ្នែកមនុស្សធម៌។
មានការលើកឡើងដែរថា ក្រោយពីការសម្របសម្រួលតារាចម្រៀងរូបនេះនៅតែបន្តទាមទារចំនួនទឹកប្រាក់មួយចំនួនដើម្បីចូលរួមបូករួមទាំងការស្នើឲ្យមានការរចនារួបភាពផ្សព្វផ្សាយដោយតម្រូវឲ្យដាក់រួបថតលោក នៅខាងមុខ និងធំជាងគេ ដែលការដាក់កំហិតនេះបង្កើតឲ្យមានសម្ពាធដល់អ្នកផលិតកម្មវិធីព្រោះតែតារាចម្រៀងល្បីៗជាច្រើនរូបផ្សេងទៀតដែលមានវត្តមាននៅក្នុងកម្មវិធីនេះសុទ្ធតែស្ម័គ្រចិត្តចូលរួមហើយប្រជាប្រិយភាពរបស់ពួកគេក៏ស្ថិតក្នុងលំដាប់ជួរមុខផងដែរ។
ក្រុមអ្នកផលិតកម្មវិធីបានធ្វើការរិះគន់ជាខ្លាំងចំពោះតារាចម្រៀង ឆាយ វីរៈយុទ្ធ ដែលទាមទារតម្លៃខ្លួនក្នុងការចូលរួមប្រគុំតន្ត្រីបែបសប្បុរសធម៌ជាមួយនឹងការទាមទារបង្ហាញផ្ទាំងផ្សព្វផ្សាយបែបលើកតម្កើងលោកគឺជាតួឯកនោះ។ តារាចម្រៀងរូបនេះត្រូវរងការរិះគន់ថា សំឡឹងមើលឃើញប្រាក់ចំណូល និងមុខមាត់ច្រើនជាងភាពមនុស្សធម៌ក្នុងការចូលរួមចំណែកជួយដល់សង្គម។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នកផលិតកម្មវិធីរបស់ស្ថានីយទូរទស្សន៍ PNN បានសម្រេចចិត្តដកបេក្ខភាពតារាចម្រៀង ឆាយ វីរៈយុទ្ធ ចេញពីកម្មវិធីប្រគុំតន្ត្រីរួមទាំងរូបភាពនៃការផ្សព្វផ្សាយនានាដែលពាក់ព័ន្ធនឹង ឆាយ វីរៈយុទ្ធ ផងដែរ។
អ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលគឺលោកបានបង្ហាញវត្តមានក្នុងកម្មវិធីផ្តល់ឈាមក្នុងទិវានៃក្តីស្រលាញ់ ដែលលោក ឆាយ វីរៈយុទ្ធ រំពឹងថា ការចូលរួមនេះនឹងអាចបន្សាបការរិះគន់កន្លងមកនោះបានដោយអន្លើ។
លោក ឆាយ វីរៈយុទ្ធ បានបញ្ជាក់ថានេះជាលើកទី២ហើយដែលរូបលោកបានមកផ្តល់ឈាមព្រោះជំហ៊ានទី១លោកបានផ្តល់ម្តងកាលពីនៅអាយុជាង១០ឆ្នាំគ្រាកំពុងសិក្សាដើម្បីអំពាវនាវដល់មិត្តភក្តិកាលសម័យនោះចូលរួមបរិច្ចាគឈាម។
លោកបញ្ជាក់ថា នេះជាឱកាសទី២ក្រោយលោកបានប្រែក្លាយជីវិតជាតារាចម្រៀងមានអ្នកគាំទ្រជាច្រើនហើយលោកបានចាត់ទុកថា ការផ្តល់ឈាមម្តងទៀតដើម្បីជាការជួយដល់សង្គមយើងមួយផ្នែកដែរ។ ក្នុងរូបភាពបែបមនុស្សធម៌ជួយដល់កិច្ចការសង្គមនេះលោកឆាយ វីរ់យុទ្ធ បានបង្ហាញឲ្យដឹងបន្តថា លោកធ្លាប់ជួយជាសកម្មភាពមនុស្សធម៌ផ្សេងៗមួយចំនែកដែរដូចជាចូលរួមបែបមនុស្សធម៌ទៅចូលរួមការប្រគុំតន្ត្រីនៅអូស្ត្រាលីជួយដល់កុមារកំព្រានៅប្រទេសកម្ពុជាយើងទៅប្រទេសកូរ៉េរកថវិកាជួយដល់មន្ទីរពេទ្យគន្ឋបុប្ជាផងដែរ៕