នាយករដ្ឋមន្ត្រី ហ៊ុន សែន​៖ “ បើ​អ្នកឯង​សម្លាប់​ខ្ញុំសម្លាប់​ទៅ សម្លាប់​ក្នុងប្រទេស ​អាមេរិក​ទៅ ”
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2016 ក+ ក-

​ដោយ៖ខេមរា

ភ្នំពេញ​៖​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា បើ​បាតុកម្ម​មាន​មែន​លោក​នឹង​ចេញមុខ​ជួប​ក្រុមបាតុករ ។​លោក​ថា “​ខ្ញុំ​នឹង​លេង​ឲ្យ​ដល់ទី ហើយ​អាមេរិកកាំង​ហ៊ាន​ការពារ​ខ្ញុំ​អត់​……​ខ្ញុំ​មិន​ខ្លាច​ទេ បើ​អ្នកឯង​សម្លាប់​ខ្ញុំ សម្លាប់​ទៅ សម្លាប់​ក្នុងប្រទេស​អាមេរិក​ទៅ ” ។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បែបនេះ​ខ​ណះ​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​Sunnylands​នៅ​Rancho Mirage​នៃ​រដ្ឋកា​លី​ហ្វ​ញ៉ា ហើយ​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ទីនោះ​ដែល​មក​ទទួល​ស្វាគមន៍​រួប​លោក​នៅមុន​ពេល​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ប្រសិនបើ​បាតុកម្ម​មាន​មែន​លោក​នឹង​ចេញមុខ​តទល់​ជាមួយ​ក្រុមបាតុករ តែ​លោក​បង្ហាញ​ជំនឿ​ចិត្ត​ថា​អាជ្ញាធរ​អាមេរិក​នឹង​ការពារ​សុវត្ថិភាព​ជូន រូបលោក​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា​៖ “​ខ្ញុំ​នឹង​លេង​ឲ្យ​ដល់ទី ហើយ​អាមេរិកកាំង​ហ៊ាន​ការពារ​ខ្ញុំ​អត់​។ វា​ត្រូវតែ​ហ៊ាន ព្រោះ​ឲ្យ​សិទ្ធិ​គេ​ធ្វើបាតុកម្ម​ហើយ ខ្លាច​អី​នឹង​ឲ្យ​សិទ្ធិ​ការពារ​។ ហើយ​ខ្ញុំ​មិន​ខ្លាច​ទេ បើ​អ្នកឯង​សម្លាប់​ខ្ញុំ សម្លាប់​ទៅ សម្លាប់​ក្នុងប្រទេស​អាមេរិក​ទៅ ” ។​

​ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកកាំង​លោក ទូច វិបុល និង​ជា​អ្នករៀបចំ​បាតុកម្ម​បាន ប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​រដ្ឋកា​លី​ហ្វ​ញ៉ា​នៃ​សហរដ្ឋអាមេរិក​នឹង​ធ្វើតាម​ការគ្រោងទុក​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ។ លោក​បន្តថា សារសំខាន់​នៅក្នុង​បាតុកម្ម​នោះ​គឺ​ទាមទារ​ឲ្យ​មាន ការគោរព​សិទ្ធិមនុស្ស​និង​សេរី និង​គោល​ការ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ លោក​បញ្ជាក់ថា​បាតុកម្ម​នេះ​មិន​ពាក់ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។​

​គួររំឭកថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់ថា បាតុកម្ម​ប្រឆាំងនឹង​បាតុកម្ម​នឹង​កើតមាន​ជាថ្មីទៀត ប្រសិនបើ​អ្នកគាំទ្រ​គណបក្សប្រឆាំង​នៅ​សហរដ្ឋអាមេរិក​ធ្វើបាតុកម្ម​ប្រឆាំង​រូបលោក ។​ដោយឡែក កាលពីពេល​ថ្មីៗ​នេះ​ក្រុម​សម្ព័ន្ធ​យុវជន​ដែល​គេ​ដឹងថា គាំទ្រ​គណបក្សកាន់អំណាច​បាន​ប្រកាសថា ខ្លួន​នឹងធ្វើ​បាតុកម្ម​ស្នើ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រសិនបើ​មានការ​ធ្វើបាតុកម្ម​ប្រឆាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​សហរដ្ឋអាមេរិក​៕

2136548