ដោយ៖ឡុង សារ៉េត
ខេត្តរតនគិរី៖ យុវសិស្សម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរក្រោយពេលរថយន្តពាក់ស្លាកលេខ ខ ម មួយគ្រឿងបុកអូសម៉ូតូទាំងកម្រោលប្រមាណជាង៥០ម៉ែត្រ នៅក្រុងបានលុង ដែលអ្នកបើកបរគ្មានប័ណ្ណបើកបរនោះទេ ប៉ុន្តែគេត្រូវជាក្មួយរបស់មេប៉េអឹមស្រុកអណ្តូងមាស។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្តម៉ាកវីហ្គូ និងម៉ូតូសង់C125ស៊េរីឆាំ្ន២០១២របស់សិស្សចេញពីសាលាគ្រូយើង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១៥នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំណុចក្បែងអាងទឹក ភូមិទេសអន្លុង សង្កាត់បឹងកន្លែង ក្រុងបានលុង ខេត្តរតនគិរី។
នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកមួយរូបបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្តម៉ាកវីហ្គូពាក់ស្លាលេខ ខេមរភូមិន្ទ 2.2211 ពណ៌ស្លាបក្អែក ជាកម្មសិទ្ធិរបស់លោក ហ៊ាក់ ប៊ុន្នី មេបញ្ជាការកងរាជអាវុធហត្ថស្រុកអណ្តូងមាស បើកបរដោយបុរសម្នាក់គ្មានប័ណ្ណបើកបរនោះទេ ប៉ុន្តែគេជាក្មួយរបស់លោកមេប៉េអឹម ហ៊ាក់ ប៊ុន្នី ។
ប្រភពបន្តថា រថយន្តខាងលើនេះបើកយ៉ាងលឿនពីទិសខាងត្បូងទៅជើង ចំណែកម៉ូតូសិស្សធ្វើដំណើរចេញពីសាលាគ្រូយើងដោយមានពាក់មួកសុវត្ថិភាពត្រឹមត្រូវបើកបរពីទិសខាងលិចទៅកើត ដល់ផ្លូវបែកជា៤រថយន្តវីហ្គូក៏បុកម៉ូតូចំពីមុខពេញទំហឹងដោយម៉ូតូជាប់ពីមុខឡានអូសប្រវែង៥៧ម៉ែត្រសំណាងល្អជនរងគ្រោះបានខ្ទាតចេញពីមុខ និងកង់ឡានហើយបោកដួលទៅនឹងថ្នល់របួសក្បាលផ្នែកខាងក្រោយរងរបួសជាទំងន់ ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
នគរបាលនោះបន្តទៀតថា ជនរងគ្រោះមានឈ្មោះ ឡោ មន្នី ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សសាលាគ្រូយើង ចំណែកឯម៉ូតូម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខរតនគិរី 0991 ។វត្ថុតាងទាំងរថយន្តនិងម៉ូតូត្រូវបាននគរបាលចរាចរនាំយកទៅរក្សាទុកនៅស្នងការនគរបាលខេត្តរង់ចាំដោះស្រាយជាក្រោយ ចំណែកជនបង្កហេតុរត់គេចខ្លួនបាត់ស្រមោល។
លោកឧត្តមសេនីយ៍ គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីមានប្រសាសន៍ថា រថយន្តនេះជារបស់ប្អូនថ្លៃ ហើយប្អូនថ្លៃបានអោយគេខ្ចីបើកមកក្រុងបានលុង។
ទោះយ៉ាងនេះក្តី ប្រជាពលរដ្ឋក្នុងក្រុងបានលុងបានរង់ចាំមើលពីចំណាត់ការរបស់សមត្ថកិច្ចបប៉ូលីសចរាចរណ៍ថា តើអាចផ្តល់យុត្តិធម៌ដល់យុវសិស្សរងគ្រោះបានដែរឬទេ ៕