លោក ឈឹម ផល​វរុណ ​៖​ សមាជិក​ព្រឹទ្ធ សភា​អាមេរិក​ធ្វើការ​ឲ្យ​អាមេរិក​មិនមែន​ធ្វើ​ឲ្យ​ខ្មែរ​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2016 ក+ ក-

ដោយ៖ខេមរា

ភ្នំ​ពេ​ញ៖ លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី ១៥ ខែ​កុ​ម្ភៈ នេះ​បាន​ថ្លែងចំអកថា “​សមាជិក​ព្រឹទ្ធសភា​អាមេរិក​គួរតែ​ទៅសុំ​ប្រធានាធិបតី​ខ្លួនឯង​ឲ្យ​ដឹងថា ខ្លួន​ជាប់ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​សម្រាប់​ធ្វើការ​ឲ្យ​អាមេរិក​មិនមែន​ធ្វើការ​ឲ្យ​ខ្មែរ​ទេ ”​។​

ការលើកឡើង​នេះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​រិះគន់​លិខិត​របស់​ព្រឹទ្ធសភា​អាមេរិក​ដែល​ផ្ញើមក​រូបលោក​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ហើយ​លោកនាយក​រដ្ឋមន្ត្រី​មិន​ទទួល​លិខិត​នោះទេ ថែមទាំង​បញ្ជូន​លិខិត​នោះ​តាមរយៈស្ថានទូត​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ទៅ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​៧​រូបនោះ​វិញ ដោយសារ​លិខិត​នោះ​មាន​អត្ថន័យ “​បង្គាប់បញ្ជា​” រូបលោក​។​

កាលពី​សប្តាហ៍​មុន សមាជិក​ព្រឹទ្ធសភា​អាមេរិក​៧​រូប​មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​សរសេរ​លិខិត​មួយច្បាប់​ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ ផ្ញើមក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​ប្រធាន​បក្សប្រឆាំង លោក សម រង្ស៊ី បាន​វិល​ចូល​ស្រុក​វិញ ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​បង្ហាញ​ក្តីបារម្ភ​លើ​បញ្ហា​មួយចំនួនទៀត​។​

ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងប្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ថា ការបញ្ជូន​លិខិត​របស់​ព្រឹទ្ធសភា​អាមេរិក​ទៅវិញ គឺជា​សិទ្ធិ​របស់លោក ៖ “​អ្នកឯង​មាន​សិទ្ធិ​ផ្ញើ​សំបុត្រ​ឲ្យ​ខ្ញុំ ខ្ញុំ​មាន​សិទ្ធិ​អត់​ទទួល ហើយ​ផ្ញើ​សំបុត្រ​ហ្នឹង​ទៅ​ឲ្យ​អ្នកឯង​វិញ​។ អាហ្នឹង​សិទ្ធិ​ទល់​សិទ្ធិ​តើ​”​។ លោក​បន្ថែមថា​៖ “​ខ្ញុំ​ថា​ខ្ចប់​ស្រោមសំបុត្រ​បញ្ជូនទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​ទៅ ចប់​ហើយ​រឿង​ហ្នឹង មិនបាច់​ឲ្យ​ខ្ញុំ​ដឹង​ហើយ​។ …​ផ្សាយ​ទៅ​ថា​ផ្ញើ​ឲ្យ​លោក ហ៊ុន សែន លោក ហ៊ុន សែន អត់​ទទួល​។ វា​ចប់​ត្រឹម​ប៉ុណ្ណឹង​ហើយ អា​សំបុត្រ​ផ្ញើ​ឲ្យ​គេ គេ​អត់​ទទួល​។ ខ្ញុំ​វា​អត់​ឯករាជ្យ ” ។​

លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ​ក៏បាន​បញ្ជាក់​ផងដែរ​ថា រហូតមកដល់​ពេលនេះ ប្រធានាធិបតី​អាមេរិក​មិនដែល​ផ្ញើលិខិត​បែប​រិះគន់​មក​រូបលោក​នោះទេ ៖ “​សូម្បីតែ​សំបុត្រ​អូ​បា​ម៉ា​ក៏ដោយ បើ​ថា​សំបុត្រ​ហ្នឹង ឃើញ​គេ​មក​ជេរ​ខ្ញុំ ខ្ញុំ​ចាំតែ​ទទួល​តើ​។ តែ​អូ​បា​ម៉ា​មិនទាន់​មក​ធ្វើ​អញ្ចឹងទេ ក្នុងឋានៈ​គេ​ជា​ប្រធានាធិបតី គេ​មិន​ធ្វើ​អញ្ចឹងទេ ” ។​

គួររំឭកថា លិខិត​នោះ សមាជិក​ព្រឹទ្ធសភា​បាន​អំពាវនាវ​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​គោរព​ឆន្ទៈ​ប្រជាជន និង​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​អាចបំពេញ​អាណត្តិ របស់ខ្លួន​ដោយ​សេរី​និង​គ្មាន​ការគំរាមកំហែង គ្មាន​ការភ័យខ្លាច​ពី​ការចាប់ខ្លួន និង​ការកាត់ទោស និង​បញ្ចប់​ការយាយី ការគំរាមកំហែង​សិទ្ធិ​របស់​សកម្មជន​សិទ្ធិមនុស្ស​កម្ពុជា​។ ពួកគេ​ក៏បាន​ស្នើ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​សញ្ជាតិ​អាមេរិក​លោក មា​ជ សុវណ្ណារ៉ា ​ផងដែរ​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផល​វរុណ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា ករណី​លោក សម រង្ស៊ី និង​លោក មា​ជ សុវណ្ណារ៉ា ជា​រឿង​របស់​តុលាការ​។ លោក​ស្នើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​សួរនាំ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ដឹង​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​។​

អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា​៖ “​សមាជិក​ព្រឹទ្ធសភា​គួរតែ ទៅសុំ​ប្រធានាធិបតី​អាមេរិក​ខ្លួនឯង ឲ្យ​ដឹងថា​ខ្លួន​ជាប់ឆ្នោត​ជា​សាម​ជិ​ក​ព្រឹទ្ធសភា​សម្រាប់​ធ្វើការ​ឲ្យ​អាមេរិក​មិនមែន​ធ្វើការ​ឲ្រ​ខ្មែរ​ទេ​។ អ៊ីចឹង​គួរ​ទៅប្រាប់​អូ​បា​ម៉ា​ដែលជា​ប្រធានាធិបតី​របស់ខ្លួន ឯ​រឿង​កម្ពុជា លោក សម រង្ស៊ី ក្តី ទណ្ឌិត​ដទៃទៀត​ក្តី អាហ្នឹង​ជា​រឿង​របស់​កម្ពុជា ” ។​

គួរ​ជម្រាប​ថា រហូតមកដល់​ពេលនេះ មិនទាន់​ដឹងថា​តើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឬ​យ៉ាងណា​នៅឡើយ​ទេ​៕

789654