ដោយ៖ស សាម
ភ្នំពេញ ៖ សិប្បកម្មមួយកន្លែងសង្ស័យលួចលាក់់ផលិតទឹកក្រូច ភេសជ្ជជាតិផ្អែមចម្រុះ ដោយបូមទឹកអណ្តូង កូរលាយមេស្ករ ច្រកដបក្លែងក្លាយ បើកធ្វើកម្រិតទ្រង់ទ្រាយធំ និងចែកចាយគ្រប់ច្រកល្ហកបង្កក្តីព្រួយបារម្ភចំពោះផលប៉ះពាល់សុខភាព ពិសេសសុខភាពក្មេងៗកូនចៅប្រជាជន ។
ទីតាំងសិប្បកម្មដែលគេសង្ស័យ លួចលាក់សង្ងំផលិត ទឹកក្រូច ទឹករសជាតិផ្អែមច្រើនប្រភេទខាងលើ ស្ថិតនៅ ជាយក្រុងភ្នំពេញ តាមផ្លូវលំ ក្នុងភូមិព្រៃរឹង សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រជាពលរដ្ឋ រស់នៅក្នុងភូមិ ទីតាំងខាងលើ បានឱ្យដឹងថា សិប្បកម្មផលិតទឹកមានជាតិផ្អែម ច្រកដប សង្ស័យបូបទឹកអណ្តូង ដាំកូរលាយ សារធាតុផ្សំផ្សេងៗគ្មានបទដ្ឋានត្រឹមត្រូវ ហើយមិនដែលឃើញសមត្ថកិច្ចចុះត្រួតពិនិត្យត្រឹមត្រូវ ពីក្រសួងពាក់ព័ន្ធ ពិសេសក្រសួងសុខភិបាល និងក្រសួងឧស្សាហកម្ម ឡើយ ទាំងការផលិតនិងវេចខ្ជប់ ហាក់បីដូចជា លាក់កំបាំង ពុំមានបច្ចេកទេសត្រឹមត្រូវ ហើយទីតាំងផលិតបានបើកដំណើរការជាយូរខែថ្ងាំកន្លងមកហើយ ពុំដែលឃើញ អ្នកជំនាញ សមត្ថកិច្ចពាក់ព័ន្ធខាងណាចុះត្រួតពិនិត្យឡើយ ផ្តល់ឱកាស ឱ្យម្ចាស់សិប្បកម្មសំងំលួចផលិតតាមអំពើចិត្ត ។
ជួបជាមួយ អាជ្ញាធរមូលដ្ឋាន ទាំងថ្នាក់ភូមិ ទាំងសង្កាត់ បានប្រាប់ឱ្យដឹងថា គាត់ពុំបានដឹងឡើយ ដឹងថាទីតាំងផលិតទឹកក្រូច តែពាក់ព័ន្ធច្បាប់ ដល់ណានោះ គាត់មិនបានដឹងឡើយ ។
ទោះជាយ៉ាងណាក៏ដោយ ម្ចាស់សិប្បកម្ម បានប្រាប់អ្នកព័ត៌មានតាមទូរស័ព្ធផ្ទុយពីកាលើកឡើងរបស់សមត្ថកិច្ចថា ផលិតផលរបស់គាត់ មានច្បាប់ ចំណែកប្រជាពលរដ្ឋវិញបានឱ្យដឹងថា មិនដែលឃើញ សមត្ថកិច្ចខាងណាចុះមកធ្វើការត្រួតពិនិត្យឡើយ ហើយក៏មិនដែលបញ្ជាក់ឲ្យបានច្បាស់លាស់ថា ផលិតផលដែលផលិត និងចែកចាយដោយម្ចាស់ទីតាំងខាងលើនេះត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬនាំឲ្យប៉ះពាល់សុខភាពនោះទេ៕