ដោយ៖សហការី
កោះកុង៖ ស្ត្រីឈ្មួញដ៏មហិមាម្នាក់ដែលអ្នកកោះកុងហៅថា ម៉ែអាម៉េងៗ កំពុងឡើង ចាងខាងរកស៊ីនាំចូលជង្គង់មាន់ ស្លាបមាន់ និងប្រហិតខូចគុណភាពពីប្រទេសសៀមចូលទឹកដីខ្មែរតាមខេត្តកោះកុងជាច្រើនតោនក្នុងមួយថ្ងៃៗ ដោយពុំមានសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបនោះទេ ព្រោះគាត់ស្និទ្ធនឹងលោកមេគយ។
ពលរដ្ឋម្នាក់រស់នៅក្នុងតំបន់ភូមិ៤ បានប្រាប់ឲ្យដឹងថា ស្ត្រីជាឈ្មួញឈ្មោះ ម៉ែអាម៉េងៗ នេះ បាននាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ជាច្រើនប្រភេទពីប្រទេសសៀមតាមទូកធំៗមកឡើងនៅផែក្នុងតំបន់ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ឈ្មួញតូចតាចមួយចំនួនក៏បានអះអាងស្រដៀងគ្នាដែរថា ការដែលម៉ែអាម៉េង ហៅយាយប្រហិត ហ៊ាននាំចូលគ្រឿងឧបភោគបរិភោគខូចគុណភាព ទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមអំពើចិត្ត គឺមានការឃុបឃិតជាមួយលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង និងមន្ត្រីនគរបាលជើងទឹកម្នាក់ដែលជាសាច់ញាតិរបស់ខ្លួន។
ប្រភពពីប្រជាពលរដ្ឋរស់នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ស្លាបមាន់ ជង្គង់មាន់ សាច់មាន់ និងប្រហិតខូចគុណភាពដែលម៉ែអាម៉េង នាំចូលពីប្រទេសសៀមតាមទូកធំៗនោះ ត្រូវបានលើកដាក់រថយន្តធំៗដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ៤ បន្តចែកចាយទៅដល់រាជធានីភ្នំពេញយ៉ាងសន្ធឹកសន្ធាប់ផងដែរ។ ប្រភពដដែល បានឲ្យដឹងថា ម៉ែអាម៉េង មានមន្ត្រីនគរបាលជើងទឹកម្នាក់ឈ្មោះ អាង ស្រៀង ជាខ្នងបង្អែកនិងចេញមុខសម្របសម្រួលជាមួយសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ដើម្បីកុំឲ្យប៉ះពាល់ដល់មុខរបររបស់ខ្លួន។ មន្ត្រីកាំកុងត្រូលមិនត្រួតពិនិត្យគុណភាពទំនិញដែលម៉ែអាម៉េង នាំចូលពីប្រទេសសៀមមកឡើងនៅផែក្នុងសង្កាត់ដងទង់នោះទេ គឺពួកគេពិនិត្យតែលុយពុករលួយដែលម៉ែអាម៉េង ឲ្យនោះគ្រប់ឬមិនគ្រប់ប៉ុណ្ណោះ។
មន្ត្រីគយម្នាក់សុំមិនប្រាប់ឈ្មោះបានឲ្យដឹងថា នៅក្នុងខេត្តកោះកុងមួយរយៈពេលចុងក្រោយនេះ ម៉ែអាម៉េង ធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្ត ព្រោះគាត់មានទំនាក់ទំនងកាន់តែស្និទ្ធជាមួយលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ទើបអាចនាំចូលគ្រឿងឧបភោគបរិភោគដូចរៀបរាប់ខាងលើ និងនាំចូលទំនិញគេចពន្ធយ៉ាងរលូន។ ដោយសារតែអាងមានលោក សំ កុសល និងមន្ត្រីនគរបាលជើងទឹកម្នាក់ ជាខ្នងបង្អែកបែបនេះហើយ ទើបម៉ែអាម៉េង ហ៊ាននាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ ក៏ដូចជាជើងមាន់ ជង្គង់មាន់ សាច់មាន់ និងប្រហិតខូចគុណភាព យកមកចែកចាយដល់រាជធានីភ្នំពេញតែម្តង។
លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង មិនអាចទាក់ទងសុំការឆ្លើយតបចំពោះព័ត៌មានខាងលើបានទេ កាលពីព្រឹកថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ២០១៦ នេះ។
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ គួរពិនិត្យមើលភាពអសកម្មរបស់លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុងជាបន្ទាន់ផង ព្រោះកាបើកដៃឲ្យម៉ែអាម៉េង នាំចូលទំនិញគេចពន្ធ ត្រូវគេមើលឃើញថា ធ្វើឲ្យរដ្ឋបាត់បង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយគ្រឿងឧបភោគបរិភោគខូចគុណភាព និងមានផ្ទុកសារធាតុគីមីកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋខ្មែរ៕