ដោយ៖សហការី
ខេត្តប៉ៃលិន៖ ការជីរុករករ៉ែត្បូងនៅក្រុងប៉ៃលិន បែបអនាធិតេយ្យនាពេលកន្លងមកនេះ ត្រូវបានម្ចាស់គ្រឿងចក្រជីកយករ៉ែអះអាងថាមានច្បាប់ត្រឹមត្រូវ ប៉ុន្តែលោកអភិបាលក្រុងបានដិសេធថាមិនបានដឹងករណីនេះទេ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅចំណុចជាប់មាត់ស្ទឹងបរយ៉ាខា ស្ថិតនៅក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិនខេត្តប៉ៃលិន មានក្រុមឈ្មួញមួយក្រុមបានយកគ្រឿងចក្រទៅជីកកកាយ ដើម្បីយករ៉ែត្បូងជាទ្រង់ទ្រាយធំដែលមានទទឹងជិត៥០ម៉ែត្រ និងបណ្តោយប្រហែល៧០ម៉ែត្រ និងមានជម្រៅប្រហែលជាង៥ម៉ែត្រ ដែល គេមើលឃើញថា ជាការបំផ្លាញតំបន់រ៉ែធម្មជាតិយ៉ាងអនាធិបតេយ្យ និងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង ។
ប្រភពបានរាយការណ៍ថា ការជីកតុករករ៉ែនេះមានការសម្របសម្រួលពីមន្ទីររ៉ែនិងថាមពលខេត្តប៉ៃលិនដែលជាអ្នកអនុញ្ញាតច្បាប់ ខណៈខាងមន្ទីរបរិស្ថានមិនអនុញ្ញាតឡើយ ហើយអភិបាលក្រុងប៉ៃលិនក៏មិនបានដឹងរឿងនេះច្បាស់លាស់ដែរ។
លោក វ៉ាន់ សារុំ ហៅឌុច អាយុ៥៩ឆ្នាំ ដែលជាម្ចាស់គ្រឿងចក្រ បានឲ្យដឹងថា គាត់ជីកកកាយនេះគឺមានច្បាប់តាំងពី សង្កាត់រហូតដល់មន្ទីររ៉ែ និងថាមពលខេត្ត ទើបហ៊ានជីកជាទ្រង់ទ្រាយធំយ៉ាងនេះ បើអត់ច្បាប់វិញគេមកចាប់គាត់បាត់ហើយ។
ពាក់ព័ន្ធនឹងការជីករណ្តៅជ្រៅហួសហេតុដើម្បយករ៉ែត្បូងនេះដែរ ម្ចាស់គ្រឿងចក្រ បានប្រាប់ថា បើរ៉ែនៅជ្រៅ គឺគាត់ជីកជ្រៅទោះប៉ុន្មានម៉ែត្រក៍ជីកដែរមិនខ្វល់ពីអ្វីទាំងអស់ព្រោះគាត់មានច្បាប់។
ជាមួយគ្នាលោក វណ្ណ ស៊ីរ៉ាណេ ប្រធានការិយាល័យរ៉ែ នៃមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន បានទទួលស្គាល់ថា បានអនុញ្ញាតឲ្យជីកកកាយយករ៉ែនោះមែន ព្រោះក្រសួងគេក៏បានអនុញ្ញាតចេញច្បាប់ឲ្យជាដែរតែឲ្យធ្វើជាលក្ខណៈគ្រួសារ ហើយគេក៏អាចប្រើគ្រឿងចក្រតូចធំបាន ។
ចំណែកប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន លោក គឹម សុខា បានឲ្យដឹងថា ខាងមន្ទីរលោកមិនអនុញ្ញាតឲ្យជីកកកាយអញ្ចឹងទេ ព្រោះវាប៉ះពាល់ខ្លាំងណាស់ដល់បរិស្ថានធម្មជាតិ តែបើខាងណាគេអនុញ្ញាតគឺជារឿងរបស់គេ តែខាងលោកមិនអាចអនុញ្ញាតឲ្យជីកកកាយបានទេ លោកប្រធានមន្ទីរបរិស្ថានសន្យាថានឹងដឹកនាំកំលាំងចុះទៅត្រួតពិនិត្យក្នុងពេលឆាប់ៗខាងមុខនេះ៕