ដោយ៖ សារុម
ភ្នំពេញ៖ បាតុកម្មផ្សេងៗគ្នាបានធ្វើឡើងប្រឆាំងនឹងមេដឹកនាំអាស៊ានក្រោមក្រសែភ្នែកនៃកងរក្សាសន្តិសុខយ៉ាងតឹងរ៉ឹងនៅខាងមុខមជ្ឈមណ្ឌល និងឧទ្យាន សាន់នីឡែនដ៍ (Sunnylands) ក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) នៃសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃ ចន្ទ នេះ មិនចំពោះតែកម្ពុជានោះទេ ក្នុងនោះក៏មាន ថៃ ឡាវ និងវៀតណាម ហើយក៏មានបាតុកម្មប្រឆាំងនឹងប្រធានាធិបតីអាមេរិកខ្លួនឯងផងដែរ។
នៅជិតកន្លែងប្រជុំរវាងថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និងអាស៊ានទាំង១០ កាលពីល្ងាចថ្ងៃចន្ទទី១៥ កុម្ភៈ ត្រូវនឹងព្រឹកថ្ងៃអង្គារទី១៦ ខែកុម្ភៈ ម៉ោងនៅប្រទេសកម្ពុជា ក្រៅពីក្រុមបាតុករប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានក្រុមបាតុកម្មចម្រុះប្រឆាំងនឹងមេដឹកនាំរបបសឹកថៃផង ប្រឆាំងនឹងក្រុមមេដឹកនាំកុម្មុយនិស្តឡាវ និងវៀតណាមផងដែរ ហើយក៏មានបាតុករប្រឆាំងនឹងសហរដ្អាមេរិកខ្លួនឯងផងដែរ។
ក្រុមបាតុករដែលប្រឆាំងលោកនាយករដ្ឋមន្ត្រីខ្មែរ អ្នកខ្លះកាន់បដា គ្រវីទង់ជាតិកម្ពុជា និងទង់ជាតិអាមេរិក បានលើកបដា បរិហាលោកនាយករដ្ឋមន្ត្រីថា ជាជនផ្តាច់ការ និងស្នើឱ្យលោកហ៊ុន សែនចុះចេញពីតំណែង មានទាំងភាសាខ្មែរ និងភាសាអង់គ្លេស។ នៅក្នុងក្រុមបាតុករនោះក៏មានដែរក្រុមគ្រួសារលោក មាជ សុវណ្ណរ៉ា ដែលកំពុងជាប់ពន្ធនាគារនៅស្រុកខ្មែរ។ចំពោះចំនួនអ្នកចូលរួមបាតុកម្មត្រូវគេអះអាងខុសៗគ្នា។
អ្នកនាំពាក្យគណបក្សលោក សុខ ឥសាន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាកំពុងតាមដានបាតុកម្មនេះជាបន្តទៀត ហើយថា គណបក្សក៏មិនមានរៀបចំបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិនៅស្រុកខ្មែរវិញនោះទេ។
យ៉ាងណាក៏ដោយ កិច្ចប្រជុំរវាងអាស៊ាន និងអាមេរិកនៅតែបន្តធ្វើជាធម្មតា បើទោះបីជាមានបាតុកម្មប្រឆាំងនាយករដ្ឋមន្ត្រីកម្ពុជា និងបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនផ្សេងទៀត រួមទាំងអាមេរិកខ្លួនឯងក៏ដោយ។
ក្នុងកិច្ចប្រជុំនេះ លោកប្រធានាធិបតីអាមេរិកអូបាម៉ា ជាប្រធានកិច្ចប្រជុំបានអានសន្ទរកថា ស្វាគមន៍ចំពោះមេដឹកនាំអាស៊ានដែលអាមេរិកបានឱ្យតម្លៃខ្លាំង។ លោកអូបាម៉ា បានលើកឡើងពីប្រធានបទទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច បញ្ហាការប្រែប្រួលអាកាសធាតុដែលតំបន់អាស៊ាននឹងក្លាយរងគ្រោះជាង គេ និងវិធានការរួមប្រឆាំងទល់នឹងភារវកម្មក្នុងតំបន់ រួមទាំងប្រធានបទជម្លោះសមុទ្រចិនខាងត្បូងផងដែរ៕
អតីតទាហានខ្មែរសម័យ លន់ នល់ នៅសហរដ្ឋអាមេរិក ធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខាងមុខមជ្ឈមណ្ឌល និងឧទ្យាន សាន់នីឡែនដ៍ (Sunnylands) ក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) នៃសហរដ្ឋអាមេរិក នៅថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១៦។រូបថត៖RFA