ដោយ៖សហការី
ខេត្តកំពត៖កាលពីរសៀលថ្ងៃទី១៧ ខែកម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តកំពតបានបើក កិច្ចប្រជុំបូកសរុបលទ្ធផលស្តីពីការសិក្សាស្វែងយល់អំពីរបៀបរបបការងារ និងការគ្រប់គ្រងមន្ត្រីរាជការក្របខណ្ឌរដ្ឋបាលស៊ីវិលក្រសួងមហាផ្ទៃ នៅក្នុងខេត្តកំពត។
លោម អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្តកំពតបានមានសន្ទរកថាស្វាគមន៍ដោយបានថ្លែងអំណរគុណចំពោះប្រតិភូក៏ដូចថ្នាក់ដឹកនាំក្រសួងមហាផ្ទៃទាំងអស់ដែលជានិច្ចកាលតែងតែគាំទ្រយ៉ាងពេញទំហឹង ដល់រដ្ឋបាលខេត្តក្រុង ស្រុកឃុំសង្កាត់ក្នុងការអនុវត្តនយោបាយវិមជ្ឈការវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ពិសេសការ មកចុះបំពេញបេសកកម្មសិក្សាស្វែងយល់អំពីរបៀបរបបការងារនិងការគ្រប់គ្រងមន្ត្រីរាជការនៅខេត្តកំពត ដែលបាន ចាប់អនុវត្ត សកម្មភាពសិក្សាស្វើងយល់តាំងពីថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៥កន្លងទៅរហូតដល់មានកិច្ចប្រជុំបូកសរុបលទ្ធផលនាពេលនេះគឺ ក្នុងគោលបំណងដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រង នីតិវិធីអនុវត្តការងារសម្រាប់អោយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តកំពតមានដំណើរការប្រកបដោយប្រសិទ្ធិភាពថែមទៀត។
មានប្រសាសន៍ ក្នុងកិច្ចប្រជុំ លោម អង មង្គល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយឆ្លង តាមរយៈនៃការចុះសិក្សារបស់ប្រតិភូក្រសួងមហាផ្ទៃ និងរូបឯកឧត្តមផ្ទាល់ លទ្ធផលជាទូទៅស្ថានភាពនៃការគ្រប់គ្រងនិង របៀបរបបការងាររបស់មន្ត្រីរាជការត្រូវបានអនុវត្តល្អប្រសើរស្របតាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ ដែលធ្វើអោយការងារគ្រប់គ្រងមន្ត្រីរាជការនៅខេត្តកំពតមានដំណើរការ
ប្រកបដោយនិរន្តរភាព ។
ទន្ទឹមនេះក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលតម្រូវអោយមានការខិតខំកែតម្រូវបំពេញបន្ថែមទៀត ពិសេសគោលការណ៍ដឹកនាំថ្មីៗសម្រាប់អោយរដ្ឋបាលដែនដីខេត្ត ក្រុងស្រុកនិងឃុំសង្កាត់អនុវត្ត សំដៅធ្វើអោយមានស្ថេរភាពនយោបាយ និងសន្តិសុខពេញលេញនៅទូទាំងប្រទេស ដែលបង្កើតបាននូវកាលានុវត្តភាពក្នុងការអនុវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិមាននិរន្តរភាព និងប្រសិទ្ធភាព ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមនៃយើង ។
គួរបញ្ជាក់អោយដឹងថាក្របខណ្ឌមន្ត្រីរាជការរដ្ឋបាលស៊ីវិលក្រសួងមហាផ្ទែទូទាំងខេត្តកំពតសរុបមានចំនួន៤២០នាក់ ស្រី១១៦នាក់ ក្នុងនោះមន្ត្រីកំពុងបំពេញការងារសាលាខេត្តមានចំនួន១៤០នាក់ស្រី៤០នាក់ មន្ត្រីសាលាក្រុងស្រុកទាំង៨មានចំនួន១៨៨នាក់ស្រី៦៤នាក់ស្មៀនឃុំ សង្កាត់៩៣នាក់ស្រី១៣នាក់ក្រុមប្រឹក្សាខេត្ត១៧រូបមានស្រី៣រូបក្រុមប្រឹក្សាក្រុង ស្រុកចំនួន១២៨រូបមានស្រី១៦រូបនិងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មានចំនួន៥៦១រូបមានស្រី១០៧រូប៕