ដោយ៖ស សាម
ប្រទេសថៃ៖គ្រឿងញៀនប្រភេទកញ្ឆាស្ងួតដែលច្បាប់នៅលើពិភពលោកបានហាមឃាត់មានតម្លៃជាង១៥លានបាត ត្រូវបានក្រុមតម្រួតថៃដែលឈរជើងនៅភាគ ខាងត្បូងនៃប្រទេសចាប់បាន រួមជាមួយនឹងមនុស្សចំនួន៧នាក់ រថយន្ត និងអាវុធផងដែរ ដែលបច្ចុប្បន្នជនទាំងអស់នោះត្រូវបានបញ្ជូនខ្លួនទៅកាន់អង្គភាពជំនាញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
យោងតាមប្រភពព័ត៌មានពីប្រទេស ថៃបានអោយដឹងថា នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ គឺស្ថិតនៅត្រង់គោលដៅឈរជើងរបស់តម្រួតព្រំដែនក្នុងខេត្តឈុំផន ប្រទេសថៃភាគខាងត្បូង គឺមានរថយន្តមួយគ្រឿងម៉ាកនីសាន់ហ្វត ព៌ណស ពាក់ស្លាកលេខ បាងកក ២កឆ ៦៥៦៨ បានបើកបរយ៉ាងលឿនឆ្លងកាត់គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច ។
នៅពេលនោះដែរ តម្រួតបានអោយសញ្ញាទៅរថយន្តដើម្បីអោយគេបញ្ឈប់យានត្រួតពិនិត្យដោយរថយន្តនេះបើកបរដោយឈ្មោះ ប៉ាន់ ភុត អាយុ៤៩ឆ្នាំ ហើយក៏មានប្រពន្ធឈ្មោះបុណ្យ ហៀង អាយុ៣៧ឆ្នាំ ព្រមទាំងកូនតូចម្នាក់ដែរនៅក្នុងរថយន្តនេះ ដែលពួកគេរស់នៅភូមិ៣ ឃុំផូនសុវណ្ណ ស្រុកផូនសុវណ្ណ ខេត្តនគរភ្នំ ប្រទេសថៃ មានមុខងារជាគ្រូបង្រៀនក្នុងសាលារៀនមួយកន្លែង ស្ថិតក្នុងស្រុកកុសុម៉ាន ខេត្តសកលនគរ ។ប្រភពដដែលបានបន្តថា រាល់ចម្លើយរបស់ប្តី និងប្រពន្ធ គឺហាក់បីដូចជាឆ្លើយខុសគ្នាដែលធ្វើអោយសមត្ថកិច្ចមានការសង្ស័យស្របពេលជាមួយគ្នានោះដែរគឺទូរស័ព្ទដៃរបស់ស្ត្រីជាភរិយា ក៏បានរោទ៍ឡើងជាប់ៗគ្នាប៉ុន្តែស្ត្រីរូបនេះដូចជាមានការលាក់លៀម ដោយមិនហ៊ានទទួលទូរស័ព្ទនេះឡើយ ថែមទាំងធ្វើការចុចបិទ និងបិទភ្លើងថែមទៀត ។
ភ្លាមៗនោះដែរក៏ស្រាប់តែមានរថយន្តចំនួនពីរគ្រឿង ដែលបានធ្វើដំណើរយ៉ាងលឿនបម្រុងឆ្លងកាត់គោលដៅរបស់សមត្ថកិច្ច ពេលនោះកំលាំងបានបញ្ជាអោយរថយន្តទាំងពីរនេះឈប់ដើម្បីត្រួតពិនិត្យ ផ្ទុយទៅវិញគឺមិនត្រឹមតែគេមិនឈប់នោះទេ គឺគេថែមទាំងបានជាន់បន្ថែមល្បឿនដើម្បីរត់គេចពីក្រុមតម្រួតនេះ ទើបធ្វើអោយកំលាំងបានដេញតាម ប្រមាណជា២គីឡូម៉ែត្រក៏ត្រូវចាប់បាន ព្រមទាំងបានធ្វើការឆែកឆេរទៅលើរថយន្តក៏បាន
ប្រទះឃើញគ្រឿងញៀនប្រភេទ កញ្ឆាស្ងួត ដែលគេបានផែជាបន្ទះៗរួចជាស្រេច គឺក្នុងរថយន្តមួយគ្រឿងមានកញ្ឆាស្ងួតនេះ ២០០កញ្ចប់ ដូច្នេះសរុបទាំងអស់មានចំនួន៤០០កញ្ចប់ ស្មើនឹងទម្ងន់៤០០គីឡូក្រាម ។
ចំណែករថយន្តដែលឃាត់បានមុនគេ គឺជាបក្ខពួកតែមួយដែលកំលាំងតម្រួតបានរកឃើញ
អាវុធមួយដើមប្រភេទរ៉ូឡូ ដោយមានបង់មួយ និងគ្រាប់ចំនួន៦គ្រាប់ នៅពេលនោះដែរសមត្ថកិច្ចថៃបានដកហូតរថយន្តចំនួន៣គ្រឿង ព្រមទាំងបាននាំខ្លួនមនុស្សចំនួន៧នាក់ដើម្បីយកទៅសាកសួរនៅអង្គភាពជំនាញ ប្រឆាំងគ្រឿងញៀនខេត្តឈុំផន ដែលកំលាំង
ជំនាញបានធ្វើការវាយតម្លៃថា កញ្ឆាទាំងអស់នេះគឺមានតម្លៃប្រហែល១៥លានបាត ។
ជនសង្ស័យទាំង៧នាក់នោះរួមមាន ១ ធិ សាផន ភេទប្រុស អាយុ៣១ឆ្នាំ ២ ព្រំ លិខិតភេទស្រី អាយុ៣១ឆ្នាំ ៣ ប៉ាន់ ភុត ភេទប្រុស អាយុ៤៩ឆ្នាំ ៤ បុណ្យ ហៀង ភេទស្រីអាយុ៣៧ឆ្នាំ ៥ មិត្ត និយម ភេទប្រុស អាយុ៣៧ឆ្នាំ ៦ ខាំឡា ភេទស្រី អាយុ៣៧ឆ្នាំ៧ អេ ណាមសមុទ្រ ភេទប្រុស អាយុ១៧ឆ្នាំ ។ បច្ចុប្បន្នមុខសញ្ញាទាំងអស់នេះ រួមទាំងវត្ថុតាង និងអាវុធខុសច្បាប់ត្រូវបានកំលាំងរៀបចំឯកសារដើម្បីបញ្ជូនទៅកាន់តុលាការហើយ និងចាត់វិធានការតាមផ្លូវច្បាប់៕