ចិន​អះអាងថា​ពិតជា​បានដាក់​ពង្រាយ​អាវុធ​នៅ​តំបន់​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 February, 2016 ក+ ក-

ប៉េកាំង​៖​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អះអាងថា ខ្លួន​បានដាក់​ពង្រាយ​អាវុធ​នៅ​តំបន់​កោះ​មួយ​ដែល​កំពុងមាន​ជម្លោះ ក្នុង​តំបន់​សមុទ្រ​ចិន​ភាគខាងត្បូង ខណៈ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក John Kerry ថ្លែងថា ការប្រើប្រាស់​កម្លាំងយោធា​អាច​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅក្នុង​តំបន់​នោះ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួ​។​
​ទាំង​សហរដ្ឋអាមេរិក និង​តៃវ៉ាន់ បាន​លើកឡើងថា ចិន​បានដាក់​ពង្រាយ​គ្រាប់​មី​ស៊ី​ល ទៅកាន់​កោះ Woody ជាប់​ទៅនឹង​កោះ Paracels បន្ទាប់ពី មាន​សេចក្តីរាយការណ៍​ថា អាវុធ​បាញ់​ពី​ផ្ទៃដី​ទៅកាន់​អាកាស ត្រូវបាន​បញ្ជូន​ទៅដល់​ទីនោះ កាលពី​សប្តាហ៍​មុន​។ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​អះអាងថា គ្រប់ផ្នែក​ទាំងអស់ នៃ​កោះ Paracels ជា​ដែនដី​របស់ខ្លួន ទោះបី​ទីក្រុង Hanoi និង Taipei បាន​អះអាងថា​វា​ជា​តំបន់​ត្រួតស៊ីគ្នា​ក្តី​។​
​ក្រសួងការពារជាតិ​ចិន​បាន​អះអាងថា ចិន​បានដាក់​ពង្រាយ​អាវុធ ទៅកាន់​ដែន​កោះ អស់​រយៈពេល​យូរ​មកហើយ ប៉ុន្តែ​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា អាវុធ​ប្រភេទ​អ្វី​នោះទេ​។ ទន្ទឹម​នោះ​លោក​រដ្ឋមន្ត្រី​បាន​អះអាងថា ប្រទេស​ចិន​បាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​ដាក់ពង្រាយ​អាវុធ​ការពារជាតិ នៅលើ​ទឹកដី​ផ្ទាល់​របស់ខ្លួន​។​
​គួរ​បញ្ជាក់ថា ភាព​តានតឹង​នៅ​តំបន់​សមុទ្រ​ចិន​ភាគខាងត្បូង បាន​កើនឡើង​យ៉ាងខ្លាំង​នៅ​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ចាប់តាំងពី​ចិន​អះអាង​យក​តំបន់​កោះ Spratly នៅ​ភាគខាងត្បូង​បន្ថែមទៀត​៕

AP_367106545080-940x580