ឥណ្ឌូនេស៊ី៖មេសន្តិសុខឥណ្ឌូនេស៊ីបានឱ្យដឹងថាពួកភេរវជនរបស់ISISក្នុងប្រទេសឥណ្ឌូនេស៊ីមានផែនការវាយប្រហារសម្លាប់មនុស្សទ្រង់ទ្រាយធំតាមរយៈដាក់ជាតិគីមីពុលឈ្មោះថាសាយណៃ (Cyanide) ក្នុងចំណីហារ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Luhut Pandjaitan បានព្រមានថា ពួកភេរវជនអ៊ីស្លាមចង់វាយប្រហារដោយផ្តោតគោលដៅពិសេសទៅលើខ្សែបណ្តាញផ្គត់ផ្គង់ចំណីអាហារនិងទឹកស្អាតរបស់ប៉ូលិស និងយោធាក្នុងការប្រឹងប្រែងដើម្បីធ្វើឱ្យប្រទេសនេះអស្ថេរភាព។
ថ្លែងទៅកាន់អ្នកកាសែត លោក ផេនចៃតាន់ បានអះអាងថា “IS ឥឡូវកំពុងប្រើប្រាស់ជាតិគីមីសាយណៃដើម្បីធ្វើភេរវកម្ម។ ពួកវាកំពុងប្រើប្រាស់ជាតិគីមីពុលសាយណៃដើម្បីបំពុលចំណីអាហារ”។ លោកបានបន្តថា “យើងបានពិចារណាអំពីទម្រង់នៃការគំរាមកំហែងជាច្រើន ហើយយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមលទ្ធភាពបែបនេះ (ការបំពុលអាហារដោយជាតិគីមីសាយណៃ)”។ ប្រទេសឥណ្ឌូនេស៊ីបានកំពុងព្យាយាមបង្ក្រាបជនជ្រុលនិយមអ៊ីស្លាមជាច្រើន ក្នុងនោះរួមទាំងក្រុមភេរវករ ដែលបានចងសម្ព័ន្ធភាពជាមួយពួកអាយស៊ីស។
យោងតាមវេបសាយ IBT.com មេប៉ូលិសឥណ្ឌូនេស៊ី លោក បាដ្រូឌីន ហៃទី (Badrodin Haiti) បានអះអាងថា ពួកអាយស៊ីសបានយកគំនិតនេះពីករណីឃាតកម្មថ្មីៗនេះនៅក្នុងទីក្រុងហ្សាការតា ទីដែលជនរងគ្រោះបានផឹកកាហ្វេលាយជាមួយជាតិគីមីពុលសាយណៃ៕