៣​នាក់​ម្ដាយកូន​បាន​ស្លាប់​ពេល​ភ្លើង​ឆេះ​ផ្ទះ​កណ្តាលយប់​នៅ​ស្រុក​ភ្នំស្រួច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2014 ក+ ក-

ខេត្តកំពង់ស្ពឺ​៖ មនុស្ស​៣​នាក់​ម្តាយ​ និង​កូន ប្រុសបាន​ស្លាប់​ក្នុង​ភ្នក់ភ្លើង យ៉ាង​អាណោច អាធ័មដោយសារ​ភ្លើង​ឆេះ​ផ្ទះ ខណៈ​ដេក​លង់ លក់ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​តា​ព្រះ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

លោក សាយ ប៊ុនថន អធិការនគរបាល​ស្រុក​ភ្នំស្រួច បាន​ប្រាប់​អ្នកកាសែត​ថា ជនរងគ្រោះ​ដែល​ស្លាប់​រួមមានៈ ឈ្មោះ ខឹម មុត ភេទ​ស្រី អាយុ​៤៧ ឆ្នាំ មាន​ប្ដី​ឈ្មោះ សឿន ទឹម អាយុ​៤៩​ឆ្នាំ មានកូន​៥​នាក់​ក្នុងបន្ទុក ស្រី​២​ប្រុស​៣​។ ចំណែក​កូន​ដែល​ស្លាប់​ជាមួយ​ម្ដាយ​មាន ឈ្មោះ​សឿន ឡុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​ឈ្មោះ​សឿន ឡាវ អាយុ​១១​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ជាមួយ​ម្ដាយ រីឯ​៣​នាក់​ទៅធ្វើ​ការ​នៅ​ភ្នំពេញ​។​

លោក​បន្តថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ ឆេះ​ចេញពី​កន្លែង​ចត​ឡាន និង​បាន​ឆេះ​រាល​ទៅដល់​ផ្ទះ​ធំ​ដែល​មនុស្ស​៣​នាក់ កំពុង​លង់លក់​ក្នុង​ដំណេក​នៅលើ​នោះ​។ ពេល​ភ្លើង​កំពុង​ឆេះ​គេ​បានឮ​សំឡេង​ស្រែក​ឱ្យជួយ​ដែរ តែ​មិនមាន​អ្នក​ហ៊ាន​ចូលទៅ​ជួយ​ឡើយ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ព្រោះ​ភ្លើង​កំពុង​មានអំណាច​សន្ធោសន្ធៅ​ខ្លាំងណាស់ ហើយ​មួយសន្ទុះ​ក្រោយមក​ក៏​បាត់​សំឡេង​ឈឹង​តែម្ដង​។​

លោក​អធិការនគរបាល​ស្រុក​ភ្នំស្រួច បាន​បដិសេធ​ករណី​ដាក់​ការសង្ស័យថា​អគ្គិភ័យ​នេះ អាច​បណ្តាលមកពី​មាន​មនុស្ស​លួច​ដុត​ច្រើនជាង​ករណី​ទុស្សេ​ខ្សែភ្លើង ព្រោះ​ពេល​ភ្លើង​ឆាបឆេះ​គេ បានឮ​សំឡេង​អង្រួន​ទ្វារផ្ទះ​ដែរ តែ​មិន​របើក ដែល​អាចមាន​អ្នក​លួច​ដុត​បាន​យក​ខ្សែ​ចង​ទ្វារ​ពី​ក្រៅ​ទើប​ជនរងគ្រោះ​បើកទ្វារ​មិនបាន​។ ឯ​អ្នកខ្លះ​ទៀតថា​បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង ហើយ​ជនរងគ្រោះ​ភ្ញាក់ពីដេក​ភ័យ​ស្លន់ស្លោ​បើកទ្វារ​មិន​ចេញ​ទើបត្រូវ​ភ្លើង​ឆេះ​ស្លាប់​ទាំង​៣​នាក់​ម្ដាយ និង​កូន​បែបនេះ​។

​លោក​អធិការ​បន្តថា ផ្អែក​តាម​ការស្រាវជ្រាវ និង​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ គឺ​សមត្ថកិច្ច​រកឃើញ ថា​បណ្ដាលមកពី​ឆ្លង​ចរន្ដ​ភ្លើង​អាគុយ រថយន្ដ ព្រោះ​ផ្អែក​តាម​ការបំភ្លឺ​របស់ សាក្សី​នៅ​ជិត​កន្លែង​កើត ហេតុ​គេ​បាន ឃើញ​ឆេះ​ចេញពី​កន្លែង​ដាក់់​ឡាន​មុននឹង​ឆ្លង​រាល​ទៅដល់​ផ្ទះ​ដែល​ជនរងគ្រោះ​សម្រាក​៕

Untitled-1

 

 

 

 

Untitled-1