ដោយ៖សហការី
ខេត្តកំពត៖ មន្ត្រីសូរិយោដី និងមន្ត្រីពន្ធដារស្រុកដងទង់រងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋថា មកគាប់សង្កត់អោយពួកគាត់បង់ពន្ធថ្លៃសាងសង់ផ្ទះរាប់ពាន់ដុល្លារដោយគ្មានលិខិតស្នាមណាមួយសម្រាប់សម្គាល់បន្តិចសោះ ប៉ុន្តែមន្រ្តីសូរិយោដីបដិសេធថា មិនបាន ធ្វើដូចការចោទប្រកាន់នោះទេ។
បងស្រី អ៊ូច លីន អាយុ៥៧ឆ្នាំ រស់នៅភូមិព្រែឃ្មុំ ឃុំខ្ជាយខាងជើង ស្រុកដងទង់ខេត្តកំពត បានអោយដឹងថា “មានមន្ត្រីសូរិយោដីមកយកលុយពីគាត់អស់ចំនួន ១លានរៀល ក្នុងការបង់ពន្ធថ្លៃសាងសង់ផ្ទះ ។ពេលដែលពួកមន្ត្រីសូរិយោដីមកយកលុយពីគាត់ គ្មានលិខិតស្នាមណាមួយសម្គាល់ថាបង់ពន្ធនោះទេ “។
លោក ឡាយ វិបុល ម្ចាស់សំណង់ នៅភូមិព្រៃឃ្មុំ ឃុំខ្ជាយខាងជើង បានប្រាប់អ្នកយកព័ត៌មាន មេគង្គប៉ុស្តិ៍ ថា “មានមន្ត្រីសូរិយោដី ២នាក់មកដាក់គំនៀបអោយខ្ញុំបង់លុយបង់លុយចំនួន ១ពាន់ដុលា្លរ តាមរបៀបពុករលួយ ពេលនោះខ្ញុំមិនបង់អោយទេ ភ្លាមៗនោះ ស្រាប់តែគេបង្ហាញលិខិតដែលមានហត្ថលេខា ចេញពីលោកអភិបាលស្រុកមួយច្បាប់ បញ្ឈប់ និងផ្អាក់ការសាងសង់ “។លោក ឡាយ វិបុល បន្តទៀតថា ” មន្ត្រីសូរិយោដីរូបនោះបាននិយាយថា បើមិនឈប់ការសាងសង់ទេ ខ្ញុំនឹងហៅសមត្ថកិច្ចមកចាប់ជាងចង និងមកវាយផ្ទះនេះចោល ” ។
ពលរដ្ឋនៅក្បែរសំណង់នោះបាននិយាយថា តើមន្ត្រីសូរិយោដីសុ្រកដងទង់ឈ្មោះ លាង និងឈ្មោះ វុធ និងមន្ត្រីពន្ធដារឈ្មោះ ហិល នេះមានអំណាចប៉ុនណាបានជាហ៊ានប្រើពាក្យសម្តីថា ចាប់ជាងចង និងវាយផ្ទះគេចោល។
លោក វុធ មន្ត្រីសូរិយោដីសុ្រកដងទង់បានអោយដឹងថា” ខ្ញុំមិនប្រើពាក្យសម្តីយ៉ាងនេះទេ គ្រាន់តែនិយាយថា អោយទៅសុំច្បាប់ទៅ ហើយម្យ៉ាងទៀតក៏មិនបានទារលុយពីម្ចាស់សំណង់នេះមួយពាន់ដុល្លារ ដូចពាក្យគាត់ថានោះទេ “ ។
ភ្នាក់ងារព័ត៌មានបានព្យាយាមភ្ជាប់ទូរស័ព្ទទៅលោក ស៊ីវ ជេង ដើម្បីសុំការបំភ្លឺដែរ តែទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។
សូមបញ្ជាក់ផងដែរថា សំណង់អត់ច្បាប់នៅស្រុកដងទង់ កំពុងតែកើតមានជាបន្តបន្ទាប់ ដែលគួរតែអាជ្ញាធរមានវិធានការសមស្របបែបណាដើម្បីឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត ចៀសវាងមានមន្ត្រីខិលខូចឆ្លៀតឱកាសដូចពាក្យចាស់ពោលថា កន្ទេលធំបន្លំដេក៕