អ្នកគាំទ្រ​ថា ខេមរៈ​ភា​រុណ មិនគួរ​លាក់បាំង​រឿង​ ខេមរៈ ស្រី​ពៅ មាន​ជំងឺ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 February, 2016 ក+ ក-

ដោយ៖រតនា​

​ភ្នំពេញ​៖​ដំណឹង​ដែល​លេច​ឮថា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ កញ្ញា ខេមរៈ ស្រី​ពៅ​មាន​ជំងឺ​ប្រតិកម្ម​នឹង​ថ្នា​ដែរ​ក្សា​សម្រស់​រហូត​ធ្លាក់ខ្លួន​ឈឺ​ដេក​នឹង​កន្ទេល​ត្រូវបាន​ល្បី​សុះសាយ​ពេញ​ផ្ទៃ​ប្រទេស​។ ប៉ុន្តែ​បងប្រុស​របស់​នាង​បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា គឺជា​ដំណឹង​មិន​ពិត​ទៅវិញ​ខណៈដែល​អ្នក​រស់នៅ​ភូមិ​ផង​របង​ជាមួយ​ទម្លាយ​ថា ខេមរៈ ស្រី​ពៅ ​គឺ​ពិតជា​ប្រតិកម្ម​ថ្នាំ​ថែរក្សា​សម្រស់ ​និង​កំពុង​សម្រាក​ព្យាបាល​នៅ​ស្រុកកំណើត​មែន​។
​ ​
​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ព្រៃឈរ​ខេត្តកំពុងចាម​បាន​បញ្ជាក់ថា ខេ​រៈ​ស្រី​ពៅ មាន​ជំងឺ​ប្រតិ​ត​កម្ម​ថ្នាំ​រក្សារ​សម្រស់​កំពុង​សំងំ​រក្សា​សុខភាព​និង​ព្យាបាល​នៅផ្ទះ​ឯ​ស្រុកកំណើត​។ ប្រភព​បញ្ជាក់ថា នាង​បាន​ប្រតិកម្ម​ថ្នាំ​ជាច្រើន​ខែ​មកហើយ​ហើយ​ស្ថានភាព​ជំងឺ​នៅតែ​បន្ត​តាមដាន​ខណៈដែល​នាង​ត្រូវ​ចេញទៅ​ពិនិត្យ​តាមដាន​នៅ​ប្រទេស​ថៃ​ជា​បន្តបន្ទាប់​។

​តប​នឹង​ដំណឹង​អ​កុស​ល្យ​នេះ​ត្រូវបាន​បដិសេធ​ដោយ​បងប្រុស​របស់​នាង គឺ​លោក ខេមរៈ ភិ​រុណ​។​លោក​អះអាងថា​ប្អូនស្រី​របស់ខ្លួន​ស្ថិតនៅ​ភ្នំពេញ​និង​កំពុង​រស់នៅ​ជាមួយ​គ្រួសារ​នៅ​ម្ដុំ​ចម្ការ​ព្រីង​នៅ​ភ្នំពេញ​ជាធម្មតា​នោះទេ ។ លោក​បញ្ជាក់ថា ប្អូនស្រី​របស់លោក​គឺ​នៅតែមាន​សុខភាព​ធម្មតា និង​មិនមាន​បញ្ហា​កើតឡើង​ដូចគ្នា​នឹង​អ្វីដែល​បាន​លេច​ធ្លាយ​នោះឡើយ បើទោះជា​តារាចម្រៀង​ខេមរៈ ស្រី​ពៅ មិនមាន​សកម្មភាព​ឡើង​ឆាក​ឬ​ចេញមុខ​ក្នុង​កម្មវិធី​សិល្បៈ​នាពេល​ចុងក្រោយ​នេះ​ក្តី​។

ទោះជា​ដំណឹង​អ​កុស​ល្យ​នេះ​កាន់តែ​សុះសាយ​ក្តី​ក៏​លោក​មិនមាន​គម្រោង​បង្ហាញមុខ​ប្អូនស្រី​ជា​សាធារណៈ​ដែរ​ដែល​លោក​ចាត់ទុកថា​ដំណឹង​អ​កុស​ល្យ​បែបនេះ​តែង​កើតមាន​ចំណោះ​តារា​ល្បី​ដែរ​។

មានការ​លើកឡើងថា ការបញ្ជាក់រ​បស់បង​ប្រុស​នាង​គឺជា​ការ​លាក់បាំង​ប៉ុណ្ណោះ​ហើយ​វា​គឺជា​ការបិទបាំង​មួយបែប​លាក់លៀម​ជា​សាធារណៈ ។
​ ​
​នៅ​គេហទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​Facebook ផ្លូវការ​របស់​នាង​ក៏​គេ​មិន​បានឃើញ​នាង​បញ្ចេញ​រូបថត​ថ្មីៗ​និង​បង្ហាញ​ពី​ស្ថានភាព​រស់នៅ​ពិត​ជាក់ស្តែង​របស់​នាង​ដែរ​ក្រៅពី​រូបថត​ចាស់ៗ​ជាច្រើន​សន្លឹង​ត្រូវបាន​បង្ហោះ​ជាថ្មី​ដែល​នៅក្រោម​រូបថត​គេ​ឃើញ​មានការ​បញ្ចេញយោបល់​និង​សាកសួរ​សុខទុក្ខ​ចំពោះ​ស្ថានភាព​ជំងឺ​របស់​នាង ប៉ុន្តែ​មិនបាន​ឃើញ​ការឆ្លើយតប​របស់​នាង​អ្វី​នោះដែរ​។

​អ្នកគាំទ្រ​នាង​ម្នាក់​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដែល​នាង​បង្ហោះ​រូប​ចាស់​នៅ​ថា ប្រសិនបើ​នាង​ប្រតិកម្ម​ថ្នាំ​ពិតមែន​គួរតែ​លាតត្រដាង​ដើម្បី​ជា​បទពិសោធន៍​សម្រាប់​អ្នក​ចង់​ថែរក្សា​សម្រស់​ទូទៅ​ឲ្យ​បានដឹង​ហើយ​នាង​គួរ​បង្ហាញ​ពី​ស្ថានភាព​រស់នៅ​និង​ស្ថានភាព​ជំងឺ​ពិត​ដល់​អ្នកគាំទ្រ​ហើយ​នាង​ក៏​ទទួល​បានការ​អាណិត​កាន់តែច្រើន​និង​មិនមាន​ការរិះគន់​អ្វី​ទេ​។​

​អ្វីដែល​គេ​កាន់តែ​សង្ស័យថា​ ខេមរៈ​ស្រី​ពៅ ​ពិត​ជាមាន​ជំងឺ​ធ្ងន់ធ្ងរ​នោះ​គឺ កាលពី​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៥ ក្រុមគ្រួសារ​តារាចម្រៀង ខេមរៈ សិរីមន្ត បានរៀបចំ​ពិធីមង្គលការ ជូន​ប្អូនស្រី​របស់ខ្លួន​ម្នាក់ ឈ្មោះ ខេមរៈ ស្រី​ពេជ្រ ដោយបាន​អញ្ជើញ​តារា​ល្បីៗ និង​ចាងហ្វាង​ផលិតកម្ម សាន់​ដេ ចូលរួម​អបអរសាទរ​ផងដែរ ។

ប៉ុន្តែ​គេ​មិនបាន​ឃើញ​វត្តមាន​តារាចម្រៀង ខេ​រៈ ស្រី​ពៅ ចេញមក​ទទួល​ស្វាគមន៍​ភ្ញៀវកិត្តិយស​ដែលជា​អ្នក​រួម​អាជីព និង​ក្រុមការងារ​ក្នុង​ផលិតកម្ម​ជាមួយគ្នា​នោះទេ​។​អ្វីដែល ខេមរៈ ស្រី​ពៅ មិន​បានមក​ទទួល​រាក់ទាក់​អ្នកសិល្បៈ​ដូចគ្នា​ដោយសារតែ​សភាព​ជំងឺ​របស់​នាង​កំពុង​ធ្វើទុក្ខ​ខ្លាំង និង​ស្បែក​មាន​សភាព​ប្រែប្រួល​ពេល​ត្រូវ​កម្ដៅ​។​

​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​ក្រុម​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ​ទាំងអស់​នឹង​ចាប់ផ្តើម​ផលិត​បទ​ចម្រៀង​ថ្មី​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ប៉ុន្តែ មិនមាន​បទ​ចម្រៀងរ​បស់​ខេមរៈ​ស្រី​ពៅ​ចេញ​ច្រៀង​ដូច​ឆ្នាំ​កន្លងទៅ​នោះទេ​។​បទ​ចម្រៀង​ចុងក្រោយ​របស់​នាង គឺ​បទ​”​លើសពី​Fan​បាន​អត់​?”​ដែល​ត្រូវបាន​ដាក់លក់​ចុងក្រោយ​នៅ​អំឡុង​ខែមិថុនា​ឆ្នាំ​២០១៥​។​

​អ្នកចាត់ការ​ទូទៅ​រប​ស់​ផលិតកម្ម​សាន់​ដេ​លោក ឡាយ សុខ​ចំរើន បាន​បញ្ជាក់ថា​ដំណឹង​ខាងលើ​ប្រហែលជា​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​ច្រើនជាង​រឿង​ពិត​។​ទោះជា​យ៉ាងណា លោក​ទទួលស្គាល់ថា​តារាចម្រៀង ខេមរៈ ស្រី​ពៅ មិនមាន​វត្តមាន​ចេញ​ថត​បទ​ចម្រៀង​សម្រាប់​ចូលឆ្នាំ​នៅ​ថ្ងៃទី​២៤ កុម្ភៈ​ខាងមុខ​នោះទេ ៕

22881722654