ជនជាតិ​ចិន​២​នាក់​ស្លាប់ និង​ខ្មែរ​ជាច្រើន​រងរបួស​ក្នុង​ទំនាស់​រឿងស្រី​ខា​រា​អូ​ខេ​នៅ​ខេត្តព្រះវិហារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 February, 2016 ក+ ក-

​ដោ​យ៖​សហការី​

​ខេត្តព្រះវិហារ ៖ បុរស​ជនជាតិ​ចិន​២​នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​ចិន ដាំ​អំពៅ បាន​ស្លាប់បាត់​បង់ជីវិត នៅពេល​ដឹក​ទៅដល់​មន្ទីរពេទ្យបង្អែក​ខេត្ត និង​បុគ្គលិក​ខ្មែរ​ម្នាក់ទៀត​រងរបួស​ធ្ងន់​ក្នុង​ជម្លោះ​ហិង្សា​ដ៏​សាហាវ​មួយ​ដោយ សារ​រឿង​គំនុំ​ចាស់​ដណ្តើម​ស្រី​ស្នេហ៍​ខារ៉ាអូខេ​ម្នាក់​។​

​ករណីនេះ បានកើត​ទ្បើង​នៅវេលា ម៉ោង​១២ និង​០៥​នាទី​យប់​ឈានចូល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ពោធិ៍​ទាប ឃុំ​ម្លូរ​ព្រៃ​២ ស្រុក​ឆែប ក្បែរ​រដ្ឋបាល ក្រុមហ៊ុន​ដាំ​អំពៅ​។​

​ប្រភពព័ត៌មាន​ផ្សេងទៀត​បានអោយដឹងថា មុន​កើត​ជម្លោះ​រវាង​ភាគី​ខ្មែរ និង​ជនជាតិ​ចិន គឺ​នៅ​យប់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦ ជនជាតិ​ចិន​មកពី​ក្រុមហ៊ុន​ដាំ​អំពៅ​២​នាក់ និង​បុគ្គលិក​ខ្មែរ​ម្នាក់​ចូលទៅ​ច្រៀង​ខារ៉ាអូខេ ក្នុង​ហាង​សាមញ្ញ​មួយកន្លែង​មាន​យីហោ​ឈ្មោះ ផ្កាយ​រាត្រី​។​ពួកគេ​កម្សាន្ត​នៅ​ទីនោះ​រហូតមកដល់​ម៉ោង​១២ និង​០៥​នាទី​យប់ ឈានចូល​ថ្ងៃទី​២២ ខែកុម្ភៈ ម្នាក់ៗ​ស្រវឹង​រៀងៗ​ខ្លួន​ក៏មាន​រឿង​ជម្លោះ​ហិង្សា​កាប់​ចាក់​គ្នា​យ៉ាង​សាហាវ​មួយ​បានកើត​ទ្បើង នៅតាម​ដងផ្លូវ​ក្រៅ​កន្លែង​កម្សាន្ត ត្រង់ចំណុច​ច្រក​ចូលទៅ​រដ្ឋបាល​ក្រុមហ៊ុន​ចិន​ទល់មុខ​ស្ថានីយ សាំង​ការដ្ឋាន​ចិន​ដែល​នៅ​ឆ្ងាយ​ផុត ពី​ហាង​ខារ៉ាអូខេ ប្រមាណ​១​គី​ទ្បូ​ម៉ែត្រ​។​

​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ស្ថានភាព​មុខរបួស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​គូ​ជម្លោះ​ជនជាតិខ្មែរ​ម្ខាង​ទៀត ប្រើ​កាំបិត​មុខស្រួច​ប្រវែង​កន្លះ​ម៉ែត្រ ចាក់​ត្រូវចំ​ក្រលៀន​ក្បែរ​ចង្កេះ​ចំនួន​២​កាំបិត ជន​ជាតិចិន​ម្នាក់ទៀត ចាក់​ត្រូវ​ស្មា និង​ខ្នង​សុះ​ពេញ​ខ្លួន រីឯ​បុគ្គលិក​ខ្មែរ​ម្នាក់​ត្រូវ​ខ្នង​ច្រើន​កាំបិត​រងរបួស​ធ្ងន់​។​ទីតាំង​កើតហេតុ​ការណ៍​ឃើញ​មាន​ឈាម​របស់​ជនរងគ្រោះ​ទាំង​៣​នាក់ កក​ជោកជាំ​នៅលើ​ថ្នល់​។​

​ម្ចាស់​ហាង​ខារ៉ាអូខេ​ដែល​មិន​ប្រាប់​ឈ្មោះ បានអោយ​ក្រុម​អ្នកសារព័ត៌មាន​ក្នុងស្រុក​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ នេះ​ថា ជម្លោះ​កាប់​ចាក់​សម្លាប់​គ្នា​បណ្តាលអោយ​ជនជាតិ​ចិន​២​នាក់ ស្លាប់ និង​បុគ្គលិក​ខ្មែរ​ម្នាក់ទៀត​របួសធ្ងន់​មិន​ពាក់ព័ន្ធ​កន្លែង​ខារ៉ាអូខេ របស់គាត់​ទេ គឺ​ហាង ខារ៉ាអូខេ​របស់គាត់​បា​ន​បិទទ្វារ ឈប់​អោយ​ច្រៀង​កម្សាន្ត តាំងពី​ម៉ោង​១១ យប់​ម្ល៉េះ​។​រហូតដល់​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ទើប​គាត់​ដឹងថា ទីតាំង​ជម្លោះ កើត​ទ្បើង​នៅ​ទល់មុខ​ស្ថានីយ​សាំង​ក្រុមហ៊ុន​ចិន នៅ​ឆ្ងាយ​ពី​ហាង​ខារ៉ាអូខេ​របស់គាត់ ។​

​អាជ្ញាធរ​ស្រុក​ឆែប បានអោយដឹង​យ៉ាងខ្លី​ថា ករណី​ជម្លោះ​ហិង្សា​បណ្តាល អោយ​ជនជាតិ​ចិន​២​នាក់​ស្លាប់ និង​ខ្មែរ​ម្នាក់​របួសធ្ងន់​បណ្តាលមកពី​ប្រកែក​គ្នា​រឿង​អាប់​លុយកាក់​ខុស​។​

​អ្នកយកព័ត៌មាន​មិនអាច​ទាក់ទង​លោក​អធិការ ស្រុក​ឆែប​បានទេ ដើម្បី​សាកសួរ​ពី​ជម្លោះ​ហិង្សា ដ៏​សាហាវ​ខាងលើនេះ​ដោយ​ទូរស័ព្ទ​លោក​ទាក់ទង​មិន​បានទេ​នៅថ្ងៃនេះ​ព្រឹក​ម៉ិ​ញ​នេះ ។​

​បើ​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ដឹង​ហេតុការណ៍​បានអោយដឹងថា ក្រោយ​កើតហេតុ​ការណ៍​ឃើញ​កំលាំង​នគរបាល​ស្រុក​ខេត្ត បាន​ចុះទៅ​ឃាត់ខ្លួន​មនុស្ស​សង្ស័យ​ចំនួន​៦​នាក់ នាំខ្លួន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ។​ក្នុង​យប់នោះ ក្រោយ​កើតហេតុ​ការណ៍​បន្តិច ជនជាតិ​ប្រមាណ​១០០​នាក់​នាំគ្នា​ចេញ​មកពី​ការដ្ឋាន​ក្រុមហ៊ុន​ចិន​កេណ្ឌ​គ្នា មកជួយ​គ្នា​របស់គេ​ប៉ុន្តែ ជនដៃដល់​បាន​សំងំ​ក្នុងផ្ទះ​ក្បែរៗ​នោះ​ហើយ​ជនជាតិ​ចិន​បាន​យក​ដំ​ថ្ម​គប់ ទៅលើ​ដំបូលផ្ទះ​របស់​ឈ្មោះ ថា ភេទ​ប្រុស​ដែល​គាត់​មានកូន​ប្រុស​២​នាក់ ដែល​ពួ​គេ​សង្ស័យ​ជា​ជនដៃដល់​។​

​ព័ត៌មាន​ទទួលបាន​នៅវេលា​ម៉ោង ១២​រសៀល ថ្ងៃទី​២២ ខែកុម្ភៈ នេះ​បានអោយដឹងថា ស្ដ្រី​ម្ចាស់​ហាង​ខារ៉ាអូខេ​ម្នាក់ និង​ពលរដ្ឋ​ម្នាក់ទៀត​ត្រូវបាន​នគរបាល​ជំនាញ អនុញ្ញាតអោយ​ទៅផ្ទះ​វិញ​ក្រោយពី​សាកសួរ​រួច​។ រីឯ​បុរស​ជា​ជនសង្ស័យ​៤​នាក់ ក្នុងនោះ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ថា និង​កូនប្រុស​របស់ខ្លួន​២​នាក់ រួមទាំង​ជនសង្ស័យ ទៀត​ទៀត​កំពុងស្ថិត​ក្នុង​ស្នងការដ្ឋាន នគរបាល​នៅ​ទ្បើ​យ​។​រីឯ​អត្តសញ្ញាណ​ជនរងគ្រោះ និង​ជនសង្ស័យ​មិនទាន់​បានដឹង​ច្បាស់ នោះទេ​ដោយសារ សមត្ថកិច្ច​មិនបាន​ផ្ដល់ព័ត៌មាន​ដល់​អ្នកសារព័ត៌មាន​ឲ្យ​បានដឹង​លំអិត​ពី​ករណី​នេះឡើយ ។​

​យោងតាម​ប្រភពពី​ក្រុមអ្នកកាសែត​ប្រចាំខេត្ត​ព្រះវិហារ​បាននាំគ្នា​លើកឡើងថា ករណី​ហិង្សា​រវាង​ជនជាតិ​ចិន និង​ខ្មែរ​ខាងលើនេះ សមត្ថកិច្ច​ហាក់ដូចជា​ព្យាយាម​លាក់បាំង​ជាមួយ​ក្រុមអ្នកកាសែត​ដោយ​មិនដឹងថា​មាន​មូលហេតុ​អ្វី​នោះទេ​។

​គួរ​ជម្រាប​ថា នគរបាល​ជំនាញ​មិន អនុញ្ញាតអោយ​អ្នកសារព័ត៌មាន ប្រចាំខេត្ត​ព្រះវិហារ​ចូលទៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​យក​ព័ត៌មាន និង​ថតរូប​ជនសង្ស័យ​ទាំង​៤​នាក់ នោះ​ទ្បើ​យ​។​មិនមែន​តែ​រឿងនេះ​ទេ គឺមាន​ច្រើន​ករណី​រួចមកហើយ​ដែល​សមត្ថកិច្ច​ក្នុង​ខេត្តព្រះវិហារ នៅតែមាន​អាថ៌កំបាំង​ជានិច្ច​មិន​ផ្តល់ព័ត៌មាន​ជាក់លាក់​ដល់​អ្នកសារព័ត៌មាន នោះឡើយ​។​ការលាក់លៀម​មិន​ក្លាហាន​ក្នុងការ​ផ្តល់ព័ត៌មាន​ដល់​អ្នកកាសែត​ត្រូវគេ​មើលឃើញថា ដើម្បី​បិទបាំង​ភាពកំសោយក្នុង​ការគ្រប់គ្រង​សុវត្ថិភាព​អាណាចក្រ​ដែល​ខ្លួន​គ្រប់គ្រង​។​

​ទោះបីជា​យ៉ាងណាក្តី ក៍​អ្នកយកព័ត៌មាន​នឹង​ព្យាយាម​សុំ​ការពន្យល់​ពី​សមត្ថកិច្ច​ពី​ករណី​ជម្លោះ​នៅ​ហាង​ខារ៉ាអូខេ​ខាងលើនេះ​នៅពេល​ក្រោយ​ជា​បន្តទៀត​៕
147852

1245314152478