ប៉េកាំង៖តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃើរី លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi នឹងចេញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ ខាងមុខនេះ។ នេះបើតាមសារព័ត៌មានចិនស៊ិនហួរ ។
អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Hua Chunying បានបញ្ជាក់កប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា ភាគីទាំងពីរ គឺចិន និង អាមេរិក អាចនឹងពិភាក្សាអំពីចំណងទាក់ទងរវាងប្រទេសទាំងពីរជាគោល ក្នុងនោះក៏នឹងមានការជជែកពីបញ្ហា រសើបនានារបស់អន្តរជាតិផងដែរ។
គួរបញ្ជាក់ថា ការបំពេញទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីចិន កើតឡើងបន្ទាប់ពីអាមេរិក រៀបចំកិច្ចប្រជុំកំពូល ជាមួយ សមាគមអាស៊ាន ជាលើកដំបូងលើទឹកដីរបស់ខ្លួន ហើយដែលបញ្ហាសមុទ្រចិនខាងត្បូង ក៏ត្រូវបានលើកឡើង យ៉ាងក្តៅគគុកដែរនោះ។ ទន្ទឹមនោះប្រទេសចិន បានទទួលរងការរិះគន់ និង ចោទប្រកាន់ជាច្រើន ពីអាមេរិករឿងដាក់ ពង្រាយប្រព័ន្ធការពារមីស៊ីល នៅលើកោះក្នុងដែនសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះ៕