ហ្វីជី៖យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈនេះថា អាជ្ញាធរនៃប្រទេសប្រជុំកោះហ្វីជីបានឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារតែព្យុះត្រូពិចដ៏កាចសាហាវ បានកើនឡើងដល់២៨នាក់ ខណៈដែលទ្រព្យសម្បត្តិ ផ្ទះសម្បែងជាច្រើនត្រូវរងការខូចខាតស្ទើរទាំងស្រុង។
ក្រៅពីផ្ទះសម្បែង នៅមានដើមឈើ និងហេរដ្ឋរចនាសម្ព័ន្ធជាច្រើនទៀត ដែលរងការបំផ្លិចបំផ្លាញ ហើយនៅពេលនេះ នាយករដ្ឋមន្ត្រីហ្វីជី លោក Frank Bainimarama ក៏បានអំពាវនាវឲ្យមានអន្តរគមន៍ជំនួយមនុស្សធម៌ពីអន្តរជាតិផងដែរ ព្រោះពលរដ្ឋហ្វីជី ត្រូវការស្បែង និងជម្រកស្នាក់នៅ។
គួរបញ្ជាក់ថា ព្យុះត្រូពិក Cyclone Winston បានចាប់ផ្ដើមវាយប្រហារប្រទេសប្រជុំកោះហ្វីជី កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ ជាមួយនឹងកម្លាំងខ្យល់ដ៏ខ្លាំងក្លា ហើយបើតាមសំដីរបស់ពលរដ្ឋដែលរស់នៅលើកោះនេះបានឲ្យដឹងថា វាជាប្រវត្តិសាស្ត្រសម្រាប់ពួកគាត់ ព្រោះថាកន្លងមកមិនធ្លាប់មានព្យុះបែបនេះឡើយ៕