អាហ្វហ្កានីស្ថាន៖យ៉ាងហោចណាស់មនុស្សចំនួន១៣នាក់បានស្លាប់ និង១៩នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់អត្តឃាតមួយនៅ ភាគខាងជើងខេត្តប៉ាវ៉ានរបស់ប្រទេសអាហ្វហ្កានីស្ថានកាលពីម្សិលមិញ។
ប្រធានប៉ូលិសខេត្តមានឈ្មោះថា Zaman Mamozai បាននិយាយថា មានអ្នកវាយប្រហារគ្រាប់បែកអត្តឃាតម្នាក់បានវាយប្រហារដោយផ្តោតគោលដៅទៅលើមេបញ្ជាការប៉ូលិស ។លោកបានបញ្ជាក់ថាការវាយប្រហារនេះបានបង្កឲ្យមនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់ក្នុងនោះមានជនស៊ីវិល៩នាក់ផងនោះគឺបានកើតឡើងនៅជិតនឹងក្លីនិកមួយកន្លែង។ លោកបានបន្ថែមថាក្នុងចំណោមអ្នកស្លាប់មានប៉ូលិសក្នុងតំបន់ចំនួនបួននាក់និងបង្កឲ្យមនុស្ស១៩នាក់ផ្សេងទៀតបានទទួលរងរបួស ក្នុងចំណោមអ្នករងរបួសទាំងអស់គឺមានជនស៊ីវិលចំនួន១៧នាក់។
គួរបញ្ជាក់ថា ក្រុមតាលីបង់ចេញមុខទទួលខុសត្រូវសម្រាប់ការវាយប្រហារនេះ៕