ដោយ៖ស សាម
ភ្នំពេញ៖ មេក្លោងចាប់ជំរិតទារប្រាក់ ពីថៅកែស្រីម្នាក់រកស៊ីទិញ-លក់ដី ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល ខេត្តឧត្តរមានជ័យ និងនគរបាលអន្តោប្រវេសន៍ ច្រកអូរស្មាច់ជាប់ព្រំដែនប្រទេសថៃ បានបើកប្រតិបត្តិការ បង្ក្រាបបានជាបន្តបន្ទាប់ ហើយយកមកបង្ហាញមុខ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មុនបញ្ជួនខ្លួនទៅកាន់តុលាការ។
លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីចាប់ជំរិតនេះបានកើតឡើង តាំងពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦មកម្ល៉េះ ស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យលើស្ត្រីរងគ្រោះឈ្មោះ ជា ណារិន អាយុ៥៧ឆ្នាំ មុខរបរអ្នករកស៊ីទិញ-លក់ដី។
ជនសង្ស័យទាំង២នាក់ ដែលបានចាប់ខ្លួន រួមមានទី១ឈ្មោះ នូ ចាន់លី ហៅទូច អាយុ២៨ឆ្នាំ ជាមេក្លោង លើការរៀបចំគំរោងការផ្តល់រថយន្ត និងសម្រាប់ធ្វើសកម្មភាព និងទី២ឈ្មោះ សូរ ចំរើន អាយុ៣២ឆ្នាំ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៦ ស្ថិតនៅច្រកទ្វារអូរស្មាច់ ដោយដកហូតកាំភ្លើងខ្លីមួយដើមម៉ាកK59 និងរថយន្ត Camry ពណ៍ស្លែ សេរីឆ្នាំ៩៣មួយគ្រឿង ដែលជិះធ្វើសកម្មភាព។
លោក ប៊ុន សត្យា បានបញ្ជាក់ថា នៅវេលាម៉ោង ៣រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ជនសង្ស័យទាំង២នាក់បានទាក់ទង ទៅជនរងគ្រោះ ដោយណាត់ជួបគ្នាធ្វើជារកទិញដី ចំណុចកើតហេតុ ស្រាប់តែពេលនោះ ជនសង្ស័យទាំង២នាក់ បានដកកាំភ្លើងភ្ជង់ ហើយអូសចូលរថយន្ត ដោយប្រាប់ជនរងគ្រោះប្រគល់លុយ៦០០០ដុល្លារ។ដោយខ្លាចជនសង្ស័យទាំង២នាក់ បាញ់សម្លាប់ចោលនោះ ស្ត្រីរងគ្រោះបានទូរស័ព្ទហៅកូនស្រី ឲ្យយកលុយចំនួន៦០០០ដុល្លារ មកប្រគល់ជូនពួកវា ហើយក្រោយបានលុយ ជនសង្ស័យក៏គេចខ្លួន រហូតដល់ថ្ងៃដែលត្រូវបានបង្ក្រាប៕