ភ្នំពេញ៖ប្រជាពលរដ្ឋខ្មែរចំនួន២០នាក់ត្រូវ បានស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសឥណ្ឌូ នេស៊ីសហការជាមួយអាជ្ញាធរក្នុងស្រុកជួយ សង្គ្រោះ ពីកណ្តាប់ដៃថៅកែទូកនេសាទថៃ។ នេះបើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ តុលានេះ។
ការជួយសង្គ្រោះនោះបានធ្វើឡើងនៅពេលដែលទូកនេសាទថៃដែលមាន ផ្ទុកកម្មករខ្មែរបានចូលចតនៅក្នុងកំពង់ផែប្រទេសឥណ្ឌូនេស៊ី។ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំង២០ នាក់នោះ ត្រូវបានមេខ្យល់បោកបញ្ឆោតយកទៅធ្វើការដោយខុសច្បាប់នៅលើទូកនេសាទ ថៃ។
បើតាមលោក កុយ គួង ពលរដ្ឋខ្មែររងគ្រោះទាំង២០នាក់នោះ មានអាយុចាប់ពី១៩ ឆ្នាំ ដល់៣៤ ឆ្នាំ និង មានស្រុកកំណើតនៅក្នុងខេត្តសៀមរាប បន្ទាយមានជ័យ ព្រៃវែង កំពង់ចាម កំពង់ធំ និង ខេត្តក្រចេះ។ គួរជំរាបជូនថា នេះមិនមែនជាលើកទីមួយទេ ដែលស្ថានទូតកម្ពុជានៅឯបរទេសបានជួយអន្តរាគមន៍ដល់ពលរដ្ឋខ្មែរដែល រងគ្រោះព្រោះចាញ់បោកមេខ្យល់យកទៅលក់កម្លាំងពលកម្មនៅឯក្រៅប្រទេសនោះ។ កន្លងមក ក្រសួងការបរទេសកម្ពុជាតាមរយៈស្ថានទូតតាំងទីនៅក្រៅប្រទេស ធ្លាប់បានជួយសង្គ្រោះពលរដ្ឋខ្មែរមិនតិចទេដែលបានរងគ្រោះនៅក្នុង ប្រទេសចិន ថៃ និង ម៉ាឡេស៊ីជាដើមនោះ។
ជាក់ស្តែង នៅថ្ងៃទី២៣ តុលា ឆ្នាំ ២០១៤ ស្ត្រីខ្មែររងគ្រោះពីរនាក់នៅក្នុងប្រទេសចិន បានវិលត្រឡប់ដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវប្រទេសចិន រួមសហការជាមួយអាជ្ញាធរចិនជួយសង្គ្រោះកាលពីពេលថ្មីៗកន្លងមកនេះ។ ស្ត្រីខ្មែរទាំងពីរនាក់នេះ ត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការជាមួយបុរសជនជាតិចិននៅឯ ប្រទេសចិន។
ដោយឡែក ចំពោះពលរដ្ឋខ្មែររងគ្រោះដែលទើបជួយសង្គ្រោះបាននៅក្នុងប្រទេស ឥណ្ឌូនេស៊ីទាំង២០នាក់នោះ កំពុងត្រូវបានអង្គការទេសន្តរប្រវេសន៍អន្តរជាតិ ពិនិត្យសុខភាពមុនធ្វើមាតុភូមិនិវត្តន៍ពួកគេមកកាន់ប្រទេសកម្ពុជា វិញ។
លោក កុយ គួង បានបញ្ជាក់ថា សុខភាពពលរដ្ឋខ្មែរទាំងនោះ មានស្ថានភាពល្អធម្មតាទេ ប៉ុន្តែអង្គការទេសន្តរប្រវេសន៍អន្តរជាតិត្រូវធ្វើការពិនិត្យសុខភាព ពួកគេ ដើម្បីបញ្ជាក់ថា ពួកគេអាចធ្វើដំណើរផ្លូវឆ្ងាយពីប្រទេសឥណ្ឌូនេស៊ីមកកាន់ប្រទេស កម្ពុជាបានដោយមិនមានបញ្ហា។ យ៉ាងណាក៏ដោយ លោកកុយ កួង មិនបានបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង២០ នាក់នោះ នឹងមកដល់ប្រទេកម្ពុជានៅពេលណានៅឡើយនោះទេ៕ប្រភព៖©rfi