ដោយ៖សហការី
ខេត្តកំពត៖លោក ទៀង សារ៉ាត់ ជា មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បច្ចុប្បន្នបាននិងកំពុងធ្វើឱ្យប្រជាពលរដ្ឋរអ៊ូរទាំ និងក្តៅក្រហាយ ដោយសារតែសកម្មភាពចេញដាក់កុងត្រូលជជុះ នៅតាមបណ្តោយផ្លូវ ដើម្បីកោសរូសទារ លុយពីប្រជាពលរដ្ឋរកស៊ីដឹកជញ្ជូនទំនិញកសិផលបន្តិចបន្តួច យកទៅលក់នៅភ្នំពេញ។
ប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងកុងត្រូលជជុះរបស់លោក ទៀង សារ៉ាត់ ដែលលួចដាក់ជាប្រចាំនោះ ស្ថិតនៅចំណុចផ្សារស្លឹក ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត សម្រាប់ធ្វើសកម្មភាពចល័ត ប្រដេញចាប់ឃាត់រថយន្តដឹកជញ្ជូនទំនិញរបស់ប្រជាពល រដ្ឋ និងក្រុមឈ្មួញធំៗជម្រិត ឱ្យចូលបង់លុយយកទៅធ្វើមានបានផ្ទាល់ខ្លួន ដោយ មិនរើសមុខដោយមិនដែលខ្វល់ខ្វាយពីបទបញ្ជា របស់ថ្នាក់លើនោះទេ ។
បើតាមប្រភពមន្ត្រីមូលដ្ឋានប្រតិកម្មឱ្យដឹងថា លោកលោក ទៀង សារ៉ាត់ តែងតែអួតអាងថា គាត់បានទទួលលិខិតបេសកកម្ម ពីអគ្គស្នងការនគរបាលជាតិឱ្យចុះទៅប្រចាំការនៅស្រុកកំពង់ត្រាច នេះឱ្យធ្វើព្យុះភ្លៀងគាប.កក្រុមប្រជាពលរដ្ឋ និងឈ្មួញតាមទំនើងចិត្ត ។ ប៉ុន្តែការអនុវត្តជាក់ស្តែង ផ្ទុយពីគោលការណ៍របស់ថ្នាក់លើ និងបំពានទៅលើកំណែទម្រង់ស៊ី ជម្រៅ របស់អគ្គស្នងការនគរបាលជាតិ និងអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងពេញបន្ទុក ។
ជាងនេះទៅទៀត តាមសកម្មភាពដែលគេឃើញ គឺលោក ទៀង សារ៉ាត់ បែរជាបញ្ចេញកម្លាំងឱ្យធ្វើសកម្មភាពផ្ទុយពីគោលនយោ បាយទាំង ៩ចំណុច ភូមិ-ឃុំ មានសុវត្ថិភាពយ៉ាងគឃ្លើនបំផុត ផ្ទុយពីការងារទប់ស្កាត់បទ ល្មើសសេដ្ឋកិច្ចទៅជាក្តោបក្តាប់ប្រមូលសេដ្ឋកិច្ចចូលហោប៉ៅគ្រួសារ បក្ខពួកនិយម និងប្រឹងប្រមូលលុយបំប៉នថ្នាក់លើឱ្យទប់កៅអីគាត់ទៅវិញ ។
ប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកជញ្ជូន ទំនិញស្របច្បាប់ និងខុសច្បាប់គ្រប់ប្រភេទ មកពីប្រទេសវៀតណាម បានឱ្យដឹងថា កម្លាំងរបស់ លោក ទៀង សារ៉ាត់ បានគំរាមកំហែងដល់ក្រុមអ្នករកស៊ី ដឹកជញ្ជូនទំនិញដែលមិនព្រម បង់លុយ ឱ្យពួកគេទៅតាមការកំណត់ដោយព្រមានចាប់ឃាត់ បញ្ជូនទៅថ្នាក់លើ ឬបង់ពិន័យ តាមច្បាប់តែម្តង ប្រសិនជាពុំបានតាម សំណើរពួកខ្លួនតម្រូវឱ្យបង់ជើង បង់ខែទេនោះ ហើយមិនថា តែទំនិញលោតឆ័ត្រ ឬទំនិញ បង់ពន្ធ ១០០% នោះទេ ដាច់ខាត ត្រូវតែបង់លុយបាយ ៣០ម៉ឺន-៤០ម៉ឺនក្នុងមួយខែ។
ប្រភពខាងលើឱ្យដឹងទៀតថា កន្លងមកថ្មីនេះ លោក ទៀង សារ៉ាត់ អាងខ្លួនជានគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានធ្វើសកម្មភាពជារៀងរាល់យប់ដើរប្រម៉ាញ់ រកមើលរថយន្តដឹកទំនិញអោយមកបង់លុយប្រជាពលរដ្ឋដែលបើក ឆ្លងកាត់កុងត្រូលជជុះរបស់ពួកគេ ដោយកោសរូសទារលុយពីប្រជាពលរដ្ឋយ៉ាងចាស់ដៃ ។ពាក់ព័ន្ធនឹងបញ្ហានេះមិនគួរអគ្គស្នងការនគរបាលជាតិទុកឱ្យលោក ទៀង សារ៉ាត់ បន្តចាប់គាបជម្រិតធ្វើបាបប្រជាពលរដ្ឋនោះទៀតទេ ។
ទោះបីជាយ៉ាងនេះក្តី លោក ទៀង សារ៉ាត់ មិនអាចទាក់ទងសុំការឆ្លើយតបចំពោះការលើកឡើងដូចខាងលើបានទេ កាលពីព្រឹកថ្ងៃទី ២៥ ខែកុម្ភះ នេះ៕