តារាសម្តែង ថន តារា ៖ បុរស​ដែល​កៀកកើយ​ក្នុង​អាង​ហែល​ទឹក​មិនមែនជា​ប្រុស​ស្នេហ៍​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2016 ក+ ក-

​ដោ​យ ៖រតនា​

​ភ្នំពេញ​៖ ថ្មីៗ​នេះ​តារា​សម្តែង​ពិធីករ​ពូកែ​ភាសា​ថៃ​កញ្ញា ថន តារា បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ជាមួយនឹង​រូបថត​ក្នុង​សំលៀកបំពាក់​ហែល​ទឹក​ជាមួយ​បុរស​ម្នាក់​។ ប៉ុន្តែ​បុរស​នោះ​ត្រូវបាន​នាង​បញ្ជាក់ថា​គឺជា​តារា​សម្តែង អូន​ឧស្សាហ៍ ទេ មិនមែនជា​ប្រុស​ស្នេហ៍​របស់​នាង​ឡើយ​។

អតីត​ពិធី​ការិនី​កម្មវិធី “​មរតក​សំនៀង​” របស់​ស្ថានីយទូរទស្សន៍​អប្សរា នាង ថន តារា ដែល ជា​បងស្រី​បង្កើត​របស់​ពិធី​ការិនី ថន លក្ខិណា បានធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អ​ល​នោះ​គឺ​រូបថត​២​សន្លឹក​របស់​នាង​ក្នុង​ឈុត​ហែល​ទឹក​បែប​សិច​ស៊ី​នោះ​ត្រូវបាន​គេ​ទម្លាយ​ចេញ​កាលពីពេល​ថ្មីៗ​នេះ​។ បុរស​ម្នាក់​នោះ​មិនត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នកណា​ឡើយ ប៉ុន្តែ​ត្រូវបាន​គេ​សង្ស័យថា​ជា​សង្ហា​បណ្តូលចិត្ត​ដែល​កន្លងមក​គេ​ធ្លាប់​លេច​លឺដំណឹង​ថា នាង​បាន​ភ្ជាប់​ស្នេហា​ជាមួយ​បុរស​ជនជាតិ​ថៃ​ម្នាក់​។ ក្នុង​រូបថត​ដែល​បង្ហាញ​ពី​សាច់​សខ្ចី កញ្ញា ថន តារា​ហាក់​សប្បាយរីករាយ​នឹង​ការចុះ​លេង​ទឹកជា​មួយ​បុរស​នោះ​ដែល​ស្ថិតនៅក្នុង​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ​។

​ទោះជា​យ៉ាងណា​ការបញ្ជាក់​ចុងក្រោយ​របស់​នាង​ជាមួយនឹង​រូបថត​ជាច្រើន​សន្លឹក​បានបញ្ជាក់​ថា គឺជា​លោក​អូន ឧស្សាហ៍​ដែល​អ្នក​ទាំងពីរ​បា​នស​ម្តែ​ង​រួមគ្នា​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង​”​ទឹកចិត្ត​ប្រពន្ធ​” វគ្គ​២​។ នាង​បញ្ជាក់ថា ក្នុង​រឿងនេះ​នាង​សម្តែង​ជា​តួអង្គ​អាណិកជន​រស់នៅ​សហរដ្ឋអាមេរិក ហើយ​វិល​មក​កម្ពុជា​វិញ​និង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តួឯក​ប្រុស​គឺ​លោក អូន ឧស្សាហ៍​តែម្តង​។ នាង​ថា រូបថត​នេះ​មាន​ច្រើន​សន្លឹក​ទំនងជា​ក្រុមការងារ​ផលិត​ថត​ទុកជា​ឯកសារ​ប៉ុន្តែ​ត្រូវបាន​លេច​ធ្លាយ​។ ទោះជា​យ៉ាងណា​នាង​បញ្ជាក់ថា ឈុត​ឆាក​នេះ​មិន​ស៊ិ​ច​ស៊ី​ជ្រុល​នោះទេ​ខណៈដែល​សំលៀកបំពាក់​ហែល​ទឹក​នោះ​ត្រូវបាន​ជ្រើសរើស​យ៉ាងណា​សមរ​ម្ភ​និង​ប្រាកដថា​មិន​ទទួលបាន​ការរិះគន់​ច្រើន​ពី​ទស្សនិកជន​។

​ពិធីករ​វ័យ​២៧​ឆ្នាំ​រូបនេះ​បានលើកឡើង​ថា​មិន​បារម្ភ​ពី​ការរិះគន់​ច្រើន​នោះទេ​ព្រោះតែ​ការសម្តែង​ត្រូវមាន​ពេលខ្លះ​ស៊ិ​ច​ស៊ី​ដែរ​ប៉ុន្តែ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​មហាជន​ភាគច្រើន​ទទួលយកបាន​។ នាង​រំពឹង​ដែរ​ថា ខ្សែភាពយន្ត​ដែល​នាង​ចូលរួម​សម្តែង​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​៕

166441aec2ecdsa