ដោយ៖រដ្ឋា
ភ្នំពេញ៖អាជ្ញាធរអគ្គិសនីកម្ពុជា (EDC)បានចេញសេចក្តីជូនដំណឹងនៅថ្ងៃព្រហស្បតិ៍នេះថា អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ និងខេត្ដកណ្ដាល តាមពេលវេលាផ្សេងគ្នារយៈពេល៣ថ្ងៃចាប់ពីថ្ងៃសុក្រស្អែកទៅ ដោយសារមានការជួសជុលផ្លាស់ប្ដូរ តម្លើងបរិក្ខា និងរុះរើគន្លងខ្សែបណ្ដាញសម្រាប់តំបន់មួយចំនួនតាមកន្លែងដែលមានការដ្ឋានពង្រីកផ្លូវ។
ក្នុងសេចក្ដីជូនដំណឹងបញ្ជាក់ថា នៅថ្ងៃសុក្រទី២៦ ខែកុម្ភះ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង២រសៀល EDC នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខP៦៧0 P៦៧១ ស្ថិតនៅភូមិព្រែករាំង ក្នុងក្រុងតាខ្មៅ តំបន់ភ្លើងលេខPT១០៤៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៤០ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិឃ្មួញ ភូមិអន្លង់ក្ងាន ភូមិសំរោង និងភូមិត្រពាំងរាំង ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅឃុំកំពង់សំណាញ់ ក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល។
នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤ល្ងាច EDCនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខPT៥០៨ ស្ថិតនៅតាមបណ្ដោយវិថីព្រះបាទត្រសក់ផ្អែម ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន តំបន់ភ្លើងលេខP៥៥៨ P៥៨១ P៥៩១ ប.ត៧៨២ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងតំបន់ភ្លើងមួយចំនួនទៀតដែលស្ថិតនៅភូមិសំរោង ភូមិអករំដួល ភូមិស្រែរាជ្ជៈ ក្នុងសង្កាត់សំរោងក្រោម ភូមិសាក់ប្រយុទ្ធ ភូមិស្នោ ភូមិតាពូង ភូមិផ្លាំង ភូមិព្រៃរឹង ភូមិរំដួល ក្នុងសង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ភូមិត្រពាំងវែង ភូមិកប់ស្រូវ ភូមិម្លូរផ្អែម ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
នៅថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច EDCនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីតំបន់ភ្លើងមួយចំនួនស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ ចាប់ពីភូមិត្នោតជ្រុំ៣ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យរហូតដល់ភូមិម័ល ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងនៅតំបន់ភ្លើងលេខ ប.ត០៥៧ ស្ថិងនៅភូមិ២ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា៕