អាមេរិក និងរុស្ស៊ី អំពាវនាវឲ្យភាគីពាក់ព័ន្ធគោរពបទឈប់បាញ់បណ្តោះអាសន្ននៅស៊ីរី
ស៊ីរី៖សហរដ្ឋអាមេរិក និងរុស្ស៊ី បានអំពាវនាវជាថ្មីម្តងទៀតឲ្យភាគីពាក់ព័ន្ធទាំងអស់គោរពកិច្ចទម្លាក់អាវុធបណ្តោះអាសន្ន ដែលនឹងចូលជាធរមានចាប់ពីយប់ថ្ងៃសុក្រ នៅម៉ោង១២រំលងអធ្រាត្រ បើទោះពីស្ថានភាពនៅប្រទេសស៊ីរី នៅតែមិនទាន់ប្រសើរឡើងក្តី។
កិច្ចសន្យាព្រមព្រៀងដាក់អាវុធ ដែលអាមេរិក និងរុស្ស៊ីបានព្រមព្រៀងគ្នានៅក្រុងមុយនិច ជាមួយនឹងប្រទេស១៥ផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធក្នុងវិបត្តិស៊ីរី តាមធម្មតា នឹងចូលជាធរមាននៅយប់ថ្ងៃសុក្រ ទី២៦ កុម្ភៈនេះ នៅម៉ោង១២រំលងអធ្រាត្រ។
គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះលោកអូបាម៉ា និងលោកពូទីន បានអះអាងរួមគ្នា អំពីឆន្ទៈរបស់មហាអំណាចទាំងពីរ ដែលចង់ឲ្យការដាក់អាវុធនេះ មានប្រសិទ្ធិភាព១០០%។ ការនេះអាចសម្រេចទៅបានទាល់តែភាគីទាំងអស់នាំគ្នាគោរព៕