ដោយ៖ បញ្ញា
វៀតណាម ៖ នៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរទីក្រុងហូជីមិញនៃប្រទេសវៀតណាម បានទទួលពាក្យស្នើសុំជាច្រើន ដើម្បីទទួលបាន សិទ្ធិប្រើប្រាស់ប័ណ្ណបើកបរអន្តរជាតិដែលអាចប្រើប្រាស់ក្នុងប្រទេសចំនួន៧៣នៅលើសកលលោក។
នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួដកស្រង់ព័ត៌មានពីនាយកដ្ឋានដឹកជញ្ជូន ទីក្រុងហូជីមិញ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងមកនេះ ។
ប័ណ្ណបើកបរអន្តរជាតិនេះ អាជ្ញាធរវៀតណាមនឹងផ្តល់ជូនទៅពលរដ្ឋវៀតណាមនិងជនបរទេសណាក៏ដោយដែលមានលិខិតស្នាក់នៅត្រឹមត្រូវ ក្នុងប្រទេសវៀតណាម ដោយគ្រាន់តែចំណាយត្រឹមតែ ១៣៥,០០០ដុង ស្មើនឹង ៦ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ មន្ត្រីផ្នែកដឹកជញ្ជូននឹងរៀបចំធ្វើប័ណ្ណ បើកបរជូនភ្លាម។
គួរជម្រាបថា ប័ណ្ណបើកបរអន្តរជាតិនេះ អាចប្រើប្រាស់នៅក្នុងប្រទេសចំនួន ៧៣ ដោយក្នុងនោះរួមមាន រុស្ស៊ី, អាល្លឺម៉ង់, អ៊ីតាលី, បារាំង, ដាណឺម៉ាក, ហូឡង់, និង ស្វីស ផងដែរ។
នាយកដ្ឋានផ្នែកដឹកជញ្ជូនឲ្យដឹងទៀតថា យានជំនិះទាំងអស់ដែលត្រូវបាន ចុះបញ្ជីជាផ្លូវការក្នុងទីក្រុងហូជីមិញ មានចំនួនជា ៧,៦លានគ្រឿង ក្នុងនោះ រថយន្តមានចំនួន ៦០០,០០០គ្រឿង និង ទោចក្រយានយន្តចំនួន ៧ លានគ្រឿង៕